អ៊ុយក្រែន​ជំរុញ​ឲ្យ​កម្ពុជា​គាំទ្រ​ផែនការរូបមន្ត​សន្តិភាព​១០ចំណុចរបស់​ខ្លួនដើម្បីបញ្ចប់សង្គ្រាម

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ប្រទេសអ៊ុយក្រែនបានស្នើឱ្យកម្ពុជាគាំទ្រ“ផែនការរូបមន្តសន្តិភាព១០ចំណុច”របស់លោកប្រធានាធិបតី Volodymyr Zelenskyy ដែលរួមមានទាំងការបង្កើតតុលាការពិសេសមួយដើម្បីកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ីផងដែរ។

លោកស្រី Nataliya Zhynkina អនុប្រធានបេសកកម្ម និងជាទីប្រឹក្សានយោបាយនៃស្ថានទូតអ៊ុយក្រែនប្រចាំនៅប្រទេសវៀតណាម បានឱ្យដឹងនៅក្នុងអុីមែលរបស់លោកស្រីថា “សេចក្តីសម្រេចរបស់មហាសន្និបាតរបស់អង្គការសហប្រជាជាតិ (UNGA) កាលពីថ្ងៃទី២៣ ខែកុម្ភៈ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យនៃមធ្យោបាយដើម្បីសម្រេចបាននូវសន្តិភាពនៅអ៊ុយក្រែន”។

លោក​ស្រី​បាន​បញ្ជាក់ថា “ប្រទេសកម្ពុជា​គួរ​តែ​គាំទ្រដល់រូបមន្ត​សន្តិភាពរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy”។

រូបមន្តសន្តិភាពរបស់អ៊ុយក្រែនរួមមាន១០ចំណុចជាក់លាក់ដែលអាចសម្រេចបាន។  លោកស្រីបានបន្តថា “យើងចាប់អារម្មណ៍លើគ្រប់បណ្តារដ្ឋទាំងអស់ ដូចជា អឺរ៉ុប អាហ្រ្វិក អាស៊ី ជុំវិញពិភពលោក និងកម្ពុជា ដែលកំពុងចូលរួមក្នុងការបញ្ចប់សង្រ្គាមនេះ និងគាំទ្ររូបមន្តរបស់យើងសម្រាប់បង្កើតសន្តិភាពដ៏ទូលំទូលាយ យុត្តិធម៌ និងយូរអង្វែង”។

លោកស្រីបានអះអាងថា “ដោយទទួលបានការគាំទ្រដ៏លើសលប់សម្រាប់ដំណោះស្រាយ UNGA កាលពីថ្ងៃទី២៣ ខែកុម្ភៈ អ៊ុយក្រែនចាត់ទុកគំនិតផ្តួចផ្តើមនេះថា ជាផែនការដ៏មានប្រសិទ្ធភាពតែមួយគត់សម្រាប់ការបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន”។

លោកស្រីបន្ថែមថា“យើងស្នើឱ្យកម្ពុជាចូលរួមក្នុងរូបមន្តសន្តិភាពនេះ និងធ្វើការរួមគ្នាជាមួយដៃគូអន្តរជាតិលើចំណុចមួយ

ឬចំណុចជាច្រើនទៀត ដែលកម្ពុជាចាប់អារម្មណ៍ជាងគេ ហើយការចូលរួមកិច្ចខិតខំប្រឹងប្រែងនឹងផ្តល់ផលប្រយោជន៍ដល់សន្តិភាព និងស្ថិរភាពនាពេលអនាគតសម្រាប់តំបន់ និងពិភពលោកផងដែរ”។

លោក Zelenskyy ក៏បានអំពាវនាវរកយុត្តិធម៌សម្រាប់អ៊ុយក្រែន រួមទាំងការបង្កើតសាលាក្តីពិសេសមួយ ដើម្បីកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីផងដែរ។

លោក Zhynkina បានមានប្រសាសន៍ថា “ផែនការសន្តិភាពរបស់ប្រទេសចិន មិនបានលើកឡើងពីការដាក់ទណ្ឌកម្មចំពោះឧក្រិដ្ឋកម្ម ដែលបង្កដោយរុស្ស៊ីនៅលើទឹកដីអ៊ុយក្រែននោះទេ ដោយផែនការនោះមិនបានធ្វើការព្រមានសម្រាប់ការឈ្លានពាននាពេលអនាគតណាមួយនោះទេ”។

លោកស្រីបានបន្តឱ្យដឹងទៀតថា “សេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិនឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការនាំសង្រ្គាមនេះទៅរកទីបញ្ចប់ និងលើការធានាសន្តិសុខ និងយុត្តិធម៌សម្រាប់សហគមន៍អន្តរជាតិទាំងមូល”។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ប្រទេសចិនបានអំពាវនាវឱ្យមានបទឈប់បាញ់ និងបានដាក់ចេញនូវផែនការសន្តិភាព១២ចំណុច ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានសម្តែងការពេញចិត្ត និងគាំទ្រចំពោះសំណើសន្តិភាពរបស់ប្រទេសចិន ក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួងការបរទេស ដែលរៀបចំធ្វើឡើងនៅវិមានសន្តិភាពផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា “កម្ពុជាគាំទ្រដល់សំណើ១២ចំណុចរបស់ចិន ព្រោះវាទាមទារឱ្យគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលជាច្បាប់សម្រាប់ទំនាក់ទំនងរវាងរដ្ឋអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យនយោបាយ”។

SOCHI, RUSSIA – MAY 19: (RUSSIA OUT) Cambodia’s Prime Minister Hun Sen attends a meeting with Russian President Vladimir Putin at Bocharov Ruchey State Residence on May 19, 2016 in Sochi, Russia. Leaders of ASEAN states have arrived in Russia’s Black Sea resort city of Sochi to attend the Russia-ASEAN Summit. (Photo by Mikhail Svetlov/Getty Images)

សំណើផែនការសន្តិភាព១២ចំណុចរបស់ចិន រួមមានការគោរពអធិបតេយ្យភាពនៃប្រទេសទាំងអស់ បោះបង់ចោលចិត្តគំនិតសង្រ្គាមត្រជាក់ បញ្ឈប់អរិភាព ការចរចាសន្តិភាពឡើងវិញ ការដោះស្រាយវិបត្តិមនុស្សធម៌ ការការពារជនស៊ីវិល និងអ្នកទោសសង្គ្រាម ការរក្សារោងចក្រថាមពលនុយក្លេអ៊ែរឱ្យមានសុវត្ថិភាព កាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រ ការសម្របសម្រួលការនាំចេញគ្រាប់ធញ្ញជាតិ ការបញ្ឈប់ការដាក់ទណ្ឌកម្មឯកតោភាគី ការរក្សាស្ថិរភាពឧស្សាហកម្ម និងសង្វាក់ផ្គត់ផ្គង់ និងការលើកកម្ពស់ការកសាងឡើងវិញក្រោយសង្គ្រាម។

ក្រុមថ្នាក់ដឹកនាំលោកខាងលិចមួយចំនួនបានច្រានចោលផែនការសន្តិភាពរបស់ប្រទេសចិន ដោយលើកឡើងហេតុផលថា ទីក្រុងប៉េកាំងមិនមានការជឿទុកចិត្តពីអន្តរជាតិ ក្នុងការដើរតួជាអ្នកសម្រុះសម្រួលលើសង្គ្រាមដែលកំពុងបន្តឆាបឆេះនេះនោះទេ។

ចំណែកទីភ្នាក់ងារសារព័ត៌មានរុស្សុី TASS បានរាយការណ៍ថា “រុស្ស៊ីកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះផែនការរបស់ប្រទេសចិនសម្រាប់ដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន”។

លោក ថោង ម៉េងដាវីដ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានមានប្រសាសន៍ថា “រដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ត្រូវគោរពធម្មនុញ្ញរបស់ខ្លួន និងស្វែងរកមូលដ្ឋានរួមសម្រាប់សិទ្ធិមនុស្ស និងសន្តិភាព ដោយសារសង្រ្គាមនេះបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងការរស់រានមានជីវិត”។

លោក ថោង ម៉េងដាវីដ បានកត់សម្គាល់ថា “ប្រទេសកម្ពុជាកាលពីអតីតកាលបានឆ្លងកាត់កត្តាទាំងអស់នេះ ហើយកម្ពុជានឹងគាំទ្រផែនការសន្តិភាពណាមួយ ដរាបណាផែនការនោះអាចបញ្ឈប់ការបំផ្លិចបំផ្លាញជីវិតពលរដ្ឋ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរដ្ឋ”។

លោកបានបន្ថែមថា “ទោះបីជាផែនការសន្តិភាព១២ចំណុចរបស់ប្រទេសចិនមិនរួមបញ្ចូលយន្តការដាក់ទណ្ឌកម្មណាមួយក៏ដោយ ប៉ុន្តែអ៊ុយក្រែនគួរតែពិចារណាវា ហើយប្រើវាជាមធ្យោបាយដើម្បីជំរុញរុស្ស៊ីឱ្យមករកតុចរចា កាត់បន្ថយភាពតានតឹង និងកសាងទំនុកចិត្តឡើងវិញឆ្ពោះទៅរកការចរចាដោយសន្តិវិធីដើម្បីបញ្ចប់សង្រ្គាម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here