គម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh តម្លៃ១៤,២ពាន់លានដុល្លារ ត្រូវបានពន្យារពេលសាងសង់បញ្ចប់

0

សុខុម

ហាណូយ: ក្រុមហ៊ុនសាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) បានស្នើទៅក្រសួងដឹកជញ្ជូនវៀតណាម សុំពន្យារពេលបញ្ចប់ការសាងសង់ស្ថានីយអ្នកដំណើរនៃអាកាសយានដ្ឋានអន្តរជាតិ Long Thanh ដល់ឆ្នាំ២០២៦ ជំនួសឱ្យឆ្នាំ២០២៥។

តាមរយៈលិខិតមួយច្បាប់ផ្ញើជូនក្រសួងដឹកជញ្ជូន ក្រុមហ៊ុន ACV លើកឡើងថា ផ្អែកលើមេរៀនដែលបានមកពីការដេញថ្លៃមិនជោគជ័យ និងសំណើពីអ្នកដេញថ្លៃមួយចំនួននៅក្នុងសន្និសីទមុនការដេញថ្លៃ ក្រុមហ៊ុនបានស្នើឱ្យក្រុមអ្នកប្រឹក្សាផ្នែកឌីហ្សាញបច្ចេកទេសធ្វើការវាយតម្លៃឡើងវិញដោយប្រុងប្រយ័ត្ននូវពេលវេលាសាងសង់។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៦ ខែមីនា។

ក្រុមអ្នកប្រឹក្សាផ្នែកឌីហ្សាញបច្ចេកទេសបានស្នើឱ្យពេល៣៩ខែ សម្រាប់ការសាងសង់ចំណតអ្នកដំណើរក្នុងដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូលរយៈពេលសាងសង់៣៦ខែ និងរយៈពេលសាកល្បង៣ខែ។

សំណើនេះត្រូវបានផ្ទៀងផ្ទាត់ និងអនុម័តដោយក្រុមហ៊ុនសាជីវកម្មប្រឹក្សាសំណង់ជាតិវៀតណាម (Viet Nam National Construction Consultant Corporation) និងវិទ្យាស្ថានសេដ្ឋកិច្ចសំណង់ (Institute of Construction Economics)។

បន្ទាប់ពីទទួលបានមតិយោបល់ពីអ្នកប្រឹក្សាផ្នែកឌីហ្សាញបច្ចេកទេស គណៈគ្រប់គ្រងគម្រោងបានសម្រេចចិត្តថា ពេលវេលាសាងសង់អប្បបរមា៣៩ខែទើបអាចធ្វើទៅបាន និងសមស្រប។

ដោយគ្របដណ្តប់លើផ្ទៃដីសរុបជាង៥.៥៨០ហិកតា អាកាសយានដ្ឋានអន្តរជាតិ Long Thanh នឹងលាតសន្ធឹងលើឃុំចំនួន៦ ក្នុងស្រុក Long Thanh ខេត្ត Dong Nai។

គម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh ត្រូវបានអនុម័តក្រោមទំហំចំណាយ១៤,២ពាន់លានដុល្លារអាមេរិក ដោយការសាងសង់ត្រូវបានចែកចេញជា៣ដំណាក់កាល៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here