លោកស៊ុន ចាន់ថុលៈកម្ពុជានឹងរកថវិកាឱ្យបានសម្រាប់កសាងស្ពាននិងផ្លូវមួយខ្សែពីកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ

0

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធា​រណការនិងដឹកជញ្ជូនបានថ្លែងថា នៅឆ្នាំ២០២៤ រាជរដ្ឋាភិបាលត្រូវរកថវិកាឱ្យបាន ដើម្បីសាងសង់ផ្លូវមួយខ្សែតភ្ជាប់ពីខេត្តកំពង់ធំ ទៅកាន់កំពង់ឆ្នាំង ដោយគ្រោងចំណាយទឹកប្រាក់អស់ប្រមាណ ២៥០លានដុល្លារអាមេរិក ជាមួយនឹងការសាងសង់ស្ពានវែងជាងគេ នៅកម្ពុជាផងដែរ។

លោកទេសរដ្ឋមន្រ្តីបានមានប្រសាសន៍បែបនេះ ក្នុងពេលចុះពិនិត្យកំពង់ផែពហុបំណង ក្នុងខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី៩ មិនានេះថា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានឯកភាពថា គម្រោងផ្លូវមួយនេះ យើងបានសិក្សាចប់សព្វគ្រប់ ជាលទ្ធផលបានបង្ហាញថា វានឹងមិនប៉ះពាល់ដល់បរិស្ថាននោះទេ។

លោកបញ្ជាក់ថា លោកបានរាយការណ៍ជូនសម្ដេចថា ផ្លូវនេះអាចសាងសង់បាន សម្រាប់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋពីកំពង់ធំទៅកំពង់ឆ្នាំង ។ ទីបំផុតសម្ដេចក៏បានយល់ព្រម និងឯកភាពឱ្យរកថវិកា និងគ្រោងបើកការដ្ឋានសាងសង់ផ្លូវនេះនៅឆ្នាំ២០២៤ខាងមុខនេះផងដែរ ។

លោកបន្តទៀតថា “គម្រោងផ្លូវពីកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ ជាផ្លូវដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ដោយអាចដឹកទំនិញពីខេត្តព្រះវិហារមកកាន់កំពង់ធំ រួចហើយបន្តមកកាន់ខេត្តកំពង់ឆ្នាំង និងចូលមកកាន់កំពង់ផែពហុបំណង ដែលកំពុងសាងសង់នៅក្នុងខេត្តកំពង់ឆ្នាំងនេះតែម្ដង”។ លោកបន្តទៀតថា “នៅពេលផ្លូវសង់រួច ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ មិនចាំបាច់ធ្វើដំណើរវាងផ្លូវឆ្ងាយទៀតនោះទេ គឺអាចធ្វើដំណើរកាត់តាមផ្លូវថ្មីៗនេះ មានប្រវែងតែជាង៥០គីឡូម៉ែត្រប៉ុណ្ណោះ”។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលបានបន្ថែមថា នៅបណ្ដាខេត្តប៉ែកខាងជើងភ្នំពេញ បាននិងកំពុងមានការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធយ៉ាងមមាញឹក ក្នុងនោះរួមមានផ្លូវជាតិលេខ៥ បានពង្រីកពី២គន្លងទៅ៤គន្លង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ សៀមរាប កំពុងសិក្សាដែលនឹងអាចចប់នៅពេលឆាប់ៗ ហើយបើកការដ្ឋានសាងសង់នៅពេលបន្ទាប់ ។

អ្នកស្រីអាន សុធីតា នាយិកាប្រតិបត្តិក្រុមហ៊ុន PropNex Cambodia ក៏បានមានប្រសាសន៍ផងដែរថា តំបន់ប៉ែកខាងជើងភ្នំពេញ ជាពិសេសនៅតាមបណ្ដោយផ្លូវជាតិលេខ៥ នឹងក្លាយជាតំបន់ឧស្សាហកម្ម ដ៏ទាក់ទាញពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ដោយ​សារតែការកសាង ហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ដែលងាយស្រួលក្នុងការដឹកជញ្ជូនចេញនិងចូល។

តាមផែនការមេរបស់រដ្ឋាភិបាល បាននិងកំពុងរៀបចំតំបន់ជាប់ផ្លូវជាតិលេខ៥ ជាសួនឧស្សាហកម្ម ដើម្បីទាញយកផលប្រយោជន៍ពីការដឹកជញ្ជូនរវាងប្រទេសថៃ ឆ្លងកាត់កម្ពុជា មុនតភ្ជាប់់ទៅកាន់ប្រទេសវៀតណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here