ដោយគង់ សូរិយា
ព្រះសីហនុៈ ក្រុមហ៊ុនចិនដ៏ធំមួយឈ្មោះZ Qបានប្រកាសវិនិយោគរមណីយដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មឆ្នេរមាស ឆ្នេរប្រាក់នៅតំបន់រាម ក្នុងខេត្តព្រះសីហនុ ស្ថិតនៅលើផ្ទៃដីជាង៦២ហិកតា។
លោកបណ្ឌិតទេសរដ្ឋមន្រ្តីញឹម វណ្ណដា អនុប្រធានទី១នៃគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ ក្នុងពិធីបើកការដ្ឋានសាងសង់គំរោងខាងលើកាលពីចុងសប្តាហ៍នេះថា ខេត្តព្រះសីហនុ គឺជាប៉ូលនៃសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ហើយថា ខេត្តជាប់មាត់សមុទ្រមួយនេះបាន និងកំពុងក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវជាតិ អន្តរជាតិមកកម្សាន្ត ដែលចាំបាច់ត្រូវតែមានការអភិវឌ្ឍនូវរាល់ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីឆ្លើយតបទៅនឹងនិន្នាការកើនឡើងនៃវិស័យសេដ្ឋកិច្ច និងទេសចរណ៍របស់ប្រទេស ហើយយើងត្រូវសម្រេចឲ្យបានគោលដៅទេសចរណ៍ប្រកបដោយស្ថេរភាព។
លោកបន្តថា “វិស័យទេសចរណ៍ជាវិស័យអាទិភាព និងជាមាសបៃតង ដោយហេតុថា វិស័យនេះផ្ដល់កាលានុវត្តភាពការងារបន្ថែម និងរួមចំណែកដល់ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន និងកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើនប្រាក់ចំណូល រួមនិងការទាក់ទាញការវិនិយោគពីបរទេស”។






