ដោយស៊ីវ ម៉េង
ភ្នំពេញ: រដ្ឋាភិបាលបាននិងកំពុងសកម្មជាងមុន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីជំរុញនិងពន្លឿនកំណើនសេដ្ឋកិច្ចបន្ថែមទៀត ខណៈហេដ្ឋារចនាសម្ព័ន្ឋជាបញ្ហាប្រឈមមួយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសបង្ហើបពីគំរោងសាងសង់ហេដ្ឋារចនាសម្ព័នធំៗចំនួន៣ទៀតនាពេលឆាប់ៗនេះ ក្នុងពិធីសម្ភោធបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នាព្រឹកថ្ងៃទី១៤ មករាកន្លងមកនេះ។
សម្តេចតេជោហ៊ុន សែនបានថ្លែងថា បច្ចុប្បន្នរដ្ឋាភិបាលបាន និងកំពុងសាងសង់ស្ពានភ្ជាប់រវាងស្រុកស្ទឹងត្រង់ ក្នុងខេត្តកំពង់ចាម តភ្ជាប់ទៅកាន់ស្រុកក្រូចឆ្មារនៃខេត្តត្បូងឃ្មុំ ដែលបាននិងកំពុងសាងសង់ ហើយជាមួយនេះ យើងកំពុងសិក្សានិងគ្រោងសាងសង់ស្ពាននៅទីរួមខេត្តក្រចេះ ដើម្បីតភ្ជាប់រវាងខេត្តក្រចេះទៅកាន់ខេត្តកំពង់ធំ តាមរយៈការតភ្ជាប់រវាងផ្លូវជាតិលេខ៧និងផ្លូវជាតិលេខ៦។
សម្តេចបន្តថា ជាមួយគ្នានេះរដ្ឋាភិបាលកំពុងស្វែងរកថវិកា ដើម្បីសាងសង់ស្ពានភ្ជាប់រវាងខេត្តកោះកុង និងខេត្តពោធិសាត់ផងដែរ តាមរយៈការសាងសង់ផ្លូវភ្ជាប់ពីខេត្តកោះកុង ឆ្លងកាត់ខេត្តពោធិសាត់ មកកាន់ស្រុកសំឡូត ក្នុងខេត្តបាត់ដំបងនាពេលខាងមុខផងដែរ ដើម្បីសម្រួលការដឹកជញ្ជូន និងពាណិជ្ជកម្ម ព្រោះប្រជាជននាភូមិភាគពាយ័ព្យនាពេលបច្ចុប្បន្ននេះ ចង់ទៅកាន់ខេត្តកោះកុង ត្រូវមកកាន់រាជធានីភ្នំពេញ ហើយទើបចេញពីរាជធានីភ្នំពេញ ទៅខេត្តកោះកុង ហេតុនេះនៅពេលមានផ្លូវនេះ ប្រជាជនមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរវាងឆ្ងាយទៀតនោះទេ។
ជាមួយគ្នានេះកាលពីសប្តាហ៍មុន លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនបានឲ្យដឹងថា ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុនឹងចាប់ផ្តើមនៅត្រីមាសទី១ឆ្នាំនេះ ខណៈក្រុមហ៊ុនចិននឹងដឹកជញ្ជូនគ្រឿងចក្រមកដល់កម្ពុជានៅចុងខែមករានេះ ហើយអ្នកជំនាញចិនប្រមាណ២០០នាក់ បានមកដល់កម្ពុជារួចហើយ។
ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ដែលបាននិងកំពុងត្រៀមសាងសង់នាពេលឆាប់ៗខាងមុខនេះ នឹងសាងសង់ដោយក្រុមហ៊ុនChina Road and Bridge Corporation ដែលចំណាយថវិកាប្រមាណ១៩០០លានដុល្លារអាមេរិក។
ជាមួយគ្នានេះក្រុមហ៊ុន Yunnan Investment Holdings Ltdរបស់ប្រទេចិនក៏បានទទួលសម្បទានពីរដ្ឋាភិបាល ដើម្បីសាងសង់ព្រលានយន្តហោះអន្តរជាតថ្មី ក្នុងខេត្តសៀមរាប ដែលគ្រោងវិនិយោគទឹកប្រាក់៩០០លានដុល្លារអាមេរិក។
អ្នកនាំពាក្យក្រសួងក្រសួងសាធារណៈការនិងដឹកជញ្ជូនលោកវ៉ា ស៊ីមសូរិយាបានថ្លែងថា កម្ពុជាដល់ពេលត្រួវវិនិយោគទឹកប្រាក់កាន់តែច្រើន និងមានទំហំធំៗ ដើម្បីកសាងហេដ្ឋារចនាសម្ពន្ឋ សំដៅជំរុញកំនើនសេដ្ឋកិច្ចជាតិ ព្រោះដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច រដ្ឋាភិបាលត្រូវបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ។
សេដ្ឋវិទូម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលជារឿងត្រឹមត្រូវ និងចាំបាច់មួយ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រោះហេដ្ឋារចនាសម្ព័ន្ឋជាបញ្ហាប្រឈមមួយក្នុងចំ ណោមបញ្ហាប្រឈមជាច្រើនក្នុងការអភិវឌ្ឍជាតិ ប៉ុន្តែរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើបញ្ហានេះហើយ តែយ៉ាងណាក៏ដោយវាត្រូវការពេលវេលា ព្រោះផ្លូវឬស្ពានមិនអាចសាងសង់បញ្ចប់រយៈពេលខ្លីទេ។
លោកបន្តថា “ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច កម្ពុជាត្រូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋថ្មី កសាងកាន់តែច្រើន កាន់តែប្រសើរដើម្បីជំរុញល្បឿនកំនើនសេដ្ឋកិច្ចរបស់យើង”៕