ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុនបានអះអាងថា ក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មហុងកុង (Hong Kong Trade Development Council) និងវិនិយោគិនធំៗនៅហុងកុង ផ្តោតការយកចិត្តទុកដាក់ដល់ការវិនិយោគគំរោងទេសចរណ៍ធំៗនៅកម្ពុជា។
ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុនបានអះអាងថា ក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មហុងកុង (Hong Kong Trade Development Council) និងវិនិយោគិនធំៗនៅហុងកុង ផ្តោតការយកចិត្តទុកដាក់ដល់ការវិនិយោគគំរោងទេសចរណ៍ធំៗនៅកម្ពុជា។
ចូលរួមក្នុងវេទិកាហិរញ្ញវត្ថុអាស៊ី (AFF-ASIAN Financial Forum) ដែលរៀបចំឡើងដោយតំបន់រដ្ឋបាលពិសេសហុងកុង (Hong Kong SAR of the PRC) កាលពីថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ២០១៩ ដែលមានអ្នកចូលរួមប្រមាណ៣០០០នាក់ មកពីជាង៤០ប្រទេស (HKDTC-Hong Kong Trade Development Council) លោកថោង ខុន បានចូលរួមពិភាក្សាគ្នាក្រោមធានបទ ”បង្កើតអនាគតប្រកបដោយនិរន្តរភាព និងប្រកបដោយបរិយាប័ន្ន (Creating sustainable and inclusive future)” ដែលបានផ្តោតសំខាន់លើការរក្សាតុល្យភាពសេដ្ឋកិច្ចសកលលោក ក្នុងកាលៈទេសៈដែលមានភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មរវាងចិន អាមេរិក បញ្ហាការចាកចេញពីសហគមន៍អឺរ៉ុបរបស់ចក្រភពអង់គ្លេស (Brexit) និងស្ថានភាពសេដ្ឋកិច្ចនៅអីរ៉ុប។ល។
ក្នុងដំណើរទស្សនកិច្ចនិងចូលរួមក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានចូលរួមជាអធិបតីជាមួយលោក Raymond YIP អនុប្រធានប្រត្តិបត្តិ HKTDC និងលោក ឧកញ៉ា Yum Sui Sang ប្រធានសមាគមធុរកិច្ចហុងកុងនៃកម្ពុជា (HK BAC – Hong Kong Business Association of Cambodia) ក្នុងវេទិកាស្តីពីឱកាសវិនិយោគទេសចរណ៍នៅកម្ពុជា ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការយ៉ាងជិតស្និទ្ធិជាមួយក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មហុងកុង (Hong Kong Trade Development Council) និងសមាគមធុរកិច្ចហុងកុងសម្រាប់កម្ពុជា (Hong Kong Business Association of Cambodia)ផងដែរ។
ក្នុងវេទិកានេះ លោកថោង ខុនបានថ្លែងថា កម្ពុជាមានគោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យបាន៧លាននាក់ នៅឆ្នាំ២០២០ ក្នុងនោះភ្ញៀវទេសចរចិនមកកម្ពុជានឹងកើនឡើងដល់ប្រមាណ៣លាននាក់។ នាឱកាសនោះ លោករដ្ឋមន្ត្រីបានអំពាវនាវដល់វិនិយោគិន និងប្រតិបត្តិករទេសចរណ៍បរទេសទាំងអស់ ក៏ដូចជាវិនិយោគិនចិន និងហុងកុង ឲ្យមកបណ្តាក់ទុនវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត ពិសេសលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដោយឈរលើគោលការណ៍ស្អាត បៃតង ការច្នៃប្រឌិត និងនិវានុវត្តន៍ក្នុងយុគ្គសម័យឌីជីថលណូបនីយកម្ម។
តាមរយៈការរៀបចំព្រឹត្តិការណ៍នេះ ដៃគូវិនិយោគក្នុងក្រុងហុងកុង បានបង្ហាញនូវការគាំទ្រ និងជឿជាក់លើការវិនិយោគលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសវិស័យទេសចរណ៍ ដោយពួកគាត់បានសំដែងនូវឆន្ទៈពិតចេញពីបេះដូង លើស្ថានភាពរីកចំរើនរបស់កម្ពុជា សុខសន្តិភាព ស្ថិរភាពនយោបាយនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងបានសន្យាជួយសិក្សាលទ្ធភាព រៀបចំគម្រោងវិនិយោគពាក់ព័ន្ធ ពិសេសលើគំរោងអភិវឌ្ឍន៏តំបន់ទេសចរណ៍ថ្មីៗ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងទេសចរណ៍ឆ្លាតវៃ (Smart City, Smart Tourism)។
កាលពីឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរចិនប្រមាណ១,៦ លាននាក់ ក្នុងកំណើនប្រមាណ៧០% ក្នុងចំណោមទេសចរអន្តរជាតិសរុបប្រមាណ៦,២ លាននាក់ ដែលបានមកទស្សនាកម្ពុជា។ តាមការព្យាករណ៍ កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរចិនប្រមាណ៣លាននាក់ នៅឆ្នាំ២០២០ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិសរុបជាង៧លាននាក់៕