សញ្ញាវិជ្ជមាន៖ វិស័យអចលនទ្រព្យនៃប្រទេសចិន កាន់តែខិតជិតងើបផុតពីការធ្លាក់ចុះរយៈពេលវែង

0

សុខុម

ប៉េកាំងៈ វាជាសញ្ញាវិជ្ជមានដ៏គួរឱ្យសាទរដែលវិស័យអចលនទ្រព្យនៃប្រទេសចិន បានសន្ទុះរើបឡើងជាបន្តបន្ទាប់ជិតងើបផុតពីការដាំក្បាលចុះជាច្រើនខែ ខណៈទិន្នន័យផ្លូវការសម្រាប់ខែមករា ដល់ខែកុម្ភៈ កាលពីថ្ងៃពុធ ទី១៥ ខែមីនា បានបង្ហាញថា ការលក់ផ្ទះធ្លាក់ចុះកាន់តែតិចជាងមុន ហើយបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ក៏ចាប់ផ្ដើមឡើងវិញ ចំណែកឯការចាប់ផ្ដើមការសាងសង់ក៏ចាប់ផ្ដើមឡើងវិញ។

ទិន្នន័យពីការិយាល័យជាតិស្ថិតិ (NBS) នៃប្រទេសចិន បង្ហាញថា ការលក់ផ្ទះក្នុងរយៈពេល២ខែដើមឆ្នាំ២០២៣ នៅក្នុងទីផ្សារប្រទេសចិន បានធ្លាក់ចុះ៣,៦%បើធៀបនឹងការធ្លាក់ចុះដល់ទៅ២៤%នៅក្នុងឆ្នាំ២០២២ ទាំងមូល។

ការធ្លាក់ចុះកាន់តែតិចនូវការលក់ផ្ទះនេះកើតមានឡើង បន្ទាប់ពីតម្លៃផ្ទះថ្មីបានហក់ឡើងក្នុងខែមករា ដែលជាហក់ឡើងថ្លៃលើកដំបូងក្នុងរយៈពេល១ឆ្នាំមកនេះ ខណៈអ្នកទិញដែលនៅតែប្រុងប្រយ័ត្នបានធូរចិត្តក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញគោលនយោបាយគាំទ្រជាបន្តបន្ទាប់ និងដោយសារការរំពឹងថានឹងមានការដាក់ចេញវិធានការស្ដារសេដ្ឋកិច្ចបន្ថែមទៀត និងការបោះបង់គោលនយោបាយសូន្យ-កូវីដ ដ៏តឹងរ៉ឹងរបស់ប្រទេសចិន។

ការវិនិយោគអចលនទ្រព្យដោយបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងខែមករា ដល់ខែកុម្ភៈ បានធ្លាក់ចុះ៥,៧%បើធៀបនឹងការធ្លាក់ចុះ១២%ក្នុងខែធ្នូ និងការធ្លាក់ចុះ១០%សម្រាប់ឆ្នាំ២០២២ ទាំងមូល។

អ្នកវិភាគរំពឹងថា ការលក់អចលនទ្រព្យនឹងក្លាយជាសូចនាករដំបូងដែលនឹងផ្ដល់សញ្ញាវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យនៃប្រទេសចិន ក្នុងពេលឆាប់ៗនេះ។ អ្នកវិភាគទាំងនោះព្យាករថា ការវិនិយោគអចលនទ្រព្យនឹងងើបឡើងវិញនៅក្នុងឆមាសទី២ ចុងឆ្នាំ២០២៣៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here