ជាការលើកទឹកចិត្ត និងចូលរួមចំណែកក្នុងការលើកកម្ពស់ការវិនិយោគវិស័យកៅស៊ូនៅកម្ពុជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សុខុន បានជម្រុញឱ្យអគ្គនាយកដ្ឋានកៅស៊ូ រៀបចំឯកសារព្រាងច្បាប់ ដើម្បីស្នើទៅសម្តេចតេជោ ជួយសម្រួលលើកលែងដល់ការយកតម្លៃបង់ពន្ធកៅស៊ូនាំចេញ ហើយយកពន្ធគឺគិតក្នុងអត្រាមួយយ៉ាងទាបបំផុត។
ថ្លែងនៅក្នុង វេទិកាសាធារណៈជាមួយក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ច លោក វេង សុខុន បានលើកឡើងថា ៖ អគ្គនាយកដ្ឋានកៅស៊ូ ត្រូវពិនិត្យឡើងវិញនូវការព្យួរទុក សេចក្តីព្រាងច្បាប់ស្តីពីកៅស៊ូមួយអន្លើរសិន ប្រសិនបើមិនមានការចាំបាច់នាពេលបច្ចុប្បន្ននោះទេ ហើយត្រូវរៀបចំសេចក្តីព្រាងជាថ្មីសំណើស្នើសំទៅសម្តេច តេជោ ដើម្បីពិនិត្យ និងសម្រេចឡើងវិញទាក់ទងទៅនឹងការយកតម្លៃបង់ពន្ធកៅស៊ូនាំចេញ ដោយគួរមិនយកការបង់ពន្ធ ចំពោះតំលៃកៅស៊ូ ក្រោម២០០០ដុល្លារអាមេរិក ហើយក្នុងករណីតម្លៃកៅស៊ូថ្លៃជាង ២០០០ដុល្លារអាមេរិក ត្រូវបង់ពន្ធចំនួន ១០០ដុល្លារអាមេរិក ។
លោកបានបន្តទៀតថា ៖ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានជំនឿយ៉ាងមុតមាំថា លទ្ធផលដែលនឹងទទួលបានពីអង្គវេទិកានាពេលនេះ គឺជាយន្តការមួយនៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាកសិករ និងធុរជនក្នុងវិស័យកសិកម្ម។
គួររំលឹកផងដែរថា កាលពីពេលកន្លងទៅនេះ ពាក់ព័ន្ធទៅនឹងវិស័យកៅស៊ូ ត្រូវបានបណ្តាអ្នកវិនិយោគនាំគ្នាសម្ដែងនូវក្ដីបារម្ភជាខ្លាំងពាក់ព័ន្ធទៅនឹងការធ្លាក់ចុះនូវតម្លៃនៃការនាំចេញ រហូតមានអ្នកខ្លះស្ទើរតែអស់ទឹកចិត្ត ហើយសម្រេចបោះបង់ចោលទុនវិនិយោគ ហើយងាកទៅបោះទុនលើវិស័យផ្សេង។
ដោយឡែកពេលនេះ ខណៈបើការដាក់សំណើរទៅកាន់ប្រមុខរាជរដ្ឋាភិបាលសុំឱ្យមានការជួយសម្រួលលើការលើកលែងការយកពន្ធនាំចេញ ឬយកពន្ធនៅក្នុងកម្រិតមួយទាប នោះវាអាចនឹងជំរុញ និងលើកទឹកចិត្តដល់បណ្តាអ្នកវិនិយោគកៅស៊ូក្នុងស្រុកជាក់ជាមិនខាន ៕