ផ្លូវជាតិថ្មីៗប្រវែងជាង១៣០គីឡូម៉ែត្រពន្យារពេលសាងសង់ដល់ឆ្នាំ ២០២៧ដោយសារបញ្ហាសេដ្ឋកិច្ចនិងវិបត្តិ

0

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ គម្រោងផ្លូវជាតិតភ្ជាប់ពីអូរជុំខេត្តរតនគីរី ដល់ត្រពាំងគ្រៀលខេត្តស្ទឹងត្រែង ដែលមានប្រវែងប្រមាណជាង១៣០គីឡូម៉ែត្រ បានពន្យារពេលសាងសង់ដល់ឆ្នាំ២០២៧ខាងមុខ។

មូលហេតុនៃការពន្យាពេលនេះ ដោយសារតែកម្ពុជា បានជួបវិបត្តិកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចសកល មិនទាន់មានភាពប្រាកប្រជានៅឡើយ ។

លោកសាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគីរី បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៤ មេសាថា ផ្លូវពីអូរជុំទៅដល់ត្រពាំងគ្រៀល ត្រូវចែកចេញជាពីរកំណាត់គឺពីអូរជុំទៅវ៉ឺនសៃ មានប្រវែងប្រមាណ២៨គីឡូម៉ែត្រ សព្វថ្ងៃនេះ នៅជាផ្លូវដីគ្រួសក្រហមនៅឡើយ ហើយមួយកំណត់ទៀតពីវ៉ឺនសៃ ទៅត្រពាំងគ្រៀលមានប្រវែង១០៤,៤៥គីឡូម៉ែត្រ ដែលផ្លូវនេះនឹងតភ្ជាប់ទៅព្រំប្រ​ទល់កម្ពុជា ឡាវ ។

លោកបន្តថា បើតាមគម្រោងថវិកាជាតិផ្លូវនេះ នឹងចាប់ផ្ដើមអនុវត្តន៍សាងសង់នៅឆ្នាំ២០២៧។ពីមុនផ្លូវនេះ មានគម្រោងថានឹងសាងសង់នៅឆ្នាំ ២០២២កន្លងទៅ ប៉ុន្តែដោយសារស្ថានភាពសេដ្ឋកិច្ច និងការចំណាយរបស់រដ្ឋាភិបាលច្រើន ទៅលើការទប់ស្កាត់កូវីដ១៩បានពន្យារដល់ឆ្នាំ២០២៧។ នេះជាអ្វីដែលរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០២២ ។

ជាការកត់សម្គាល់ទីណា មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តម្លៃអចលនទ្រព្យ ជាពិសេសដីធ្លីនៅតំបន់នោះ តែងតែទទួលបានកំណើនឡើងបន្ថែមទៀត។ ជាក់ស្ដែងតំបន់ដាច់ស្រយាលនៃខេត្តពោធិ៍សាត់ ផ្លូវអន្ទង់អាំង វាលវែង ពីមុនគ្មានអ្នកណានឹកដល់នោះឡើយ តែក្រោយពីរាជរដ្ឋាភិបាល សាងសង់ផ្លូវនេះរួចរាល់ ទាំងភ្ញៀវទេសចរ និងវិនិយោគិនក៏បានទៅដល់ទីនោះ ហើយវិនិយោគិនដីធ្លីក្នុងស្រុកជាច្រើន បានទិញដីត្រៀមរួចជាស្រេច ដើម្បីត្រៀមស្វាគមន៍ដៃគូវិនិយោគមកពីបរទេស មកបណ្ដាក់ទុនវិនិយោគរួមគ្នា អភិវឌ្ឍន៍តំបន់នោះ ឱ្យកាន់តែមានភាពរីកចម្រើនទៅតាមសក្ដានុពល ។

លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូ​នបានមានប្រសាសន៍ថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះបានផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ ដល់សង្គមជាតិ ក្នុងនោះពលរដ្ឋងាយស្រួលធ្វើដំណើរ ហើយក៏ទាក់ទាញទេសចរជាតិ អន្តរជាតិទៅកាន់តំបន់រមណីយដ្ឋានថ្មីៗ និងរមណីយដ្ឋានដែលមានស្រាប់។

លោកបន្តថា មិនតែប៉ុណ្ណោះ ការអភិវឌ្ឍផ្លូវថ្មីៗក៏ដូចជាលើកកម្ពស់ផ្លូវចាស់ៗ ដែលមានស្រាប់ឱ្យមានគុណភាព ក៏ឃើញថាមានការវិនិយោគលើអចលនទ្រព្យ នៅតាមណ្ដោយផ្លូវទាំងនោះផងដែរ។

ក្នុងឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាលបានដាក់ផែនការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលគ្រោងនឹងចំណាយថវិការាប់ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរឹងមាំទោះ​បីជាបច្ចុប្បន្ននេះ ស្ថានភាពសេដ្ឋកិច្ចខាងក្រៅ កំពុងជួបបញ្ហាប្រឈមក្ដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here