ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ក្នុងឆ្នាំ២០២៣នេះ គម្រោងវិនិយោគដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងរាជធានីភ្នំពេញមានត្រឹមចំនួន៨គម្រោងប៉ុណ្ណោះ។
ប៉ុន្តែបណ្ដាខេត្តនានាដូចជាកំពង់ស្ពឺ កណ្ដាល ស្វាយរៀង ខេត្តព្រះសីហនុ ទទួលបានគម្រោងវិនិយោគច្រើនជាង ដែលមានន័យថាគម្រោងវិនិយោគ លើរោងចក្រឧស្សាហកម្ម បានចាកចេញពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្តសក្ដានុពលវិញ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយតាំងពីដើមខែមករា ដល់ដំណាច់ខែមីនា ២០២៣ ឃើញថាគម្រោងវិនិយោគ ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅរាជធានីភ្នំពេញ គឺសុទ្ធសឹងតែគម្រោងរោងចក្រ និងមានទីតាំងនៅតំបន់ជាយក្រុង នៃរាជធានីភ្នំពេញ មានទុនវិនិយោគចន្លោះពី១លាន ទៅ៥លានដុល្លារអាមេរិក ។
គម្រោងវិនិយោគទាំង៨ ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងរាជធានីភ្នំពេញ មានទឹកប្រាក់សរុបចំនួនតែ៣៧,៨លានដុល្លារអាមេរិក។
គំរោងទាំងនោះរួមមានដូចជា ទី១. គម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងនៅចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានទុនវិនិយោគប្រមាណ៥,៥លានដុល្លារអាមេរិក ។
ទី២. គម្រោងវិនិយោគរោងចក្រ ផលិតគ្រឿងបន្សំស្បែកជើង មានទីតាំងនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញមានទុនវិនិយោគចំនួន៥,១លានដុល្លារអាមេរិក ។ ទី៣. គម្រោងរោងចក្រផលិតសម្ភារៈកីឡា មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ មានទុនវិនិយោគចំនួន៦០ម៉ឺនដុល្លារអាមេរិក ។
ទី៤ រោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ មានទីតាំងនៅភូមិ កប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ មានទុនវិនិយោគប្រមាណ៥,១លានដុល្លារអាមេរិក។ ទី៥ គម្រោងវិនិយោគរោងចក្រកាត់ដេរ នៅសង្កាត់កន្ទោក ខណ្ឌកំបូល មានទុនវិនិយោគ ៥,១លានដុល្លារអាមេរិក ។
ទី៦.គម្រោងវិនិយោគរោងចក្រផលិតឆ័ត្រ អាវភ្លៀង នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ មានទុនវិនិយោគចំនួន៦លានដុល្លារអាមេរិក ។ ទី៧ គម្រោងរោងចក្រកាត់ដេរ មានទីតាំងនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានទុនវិនិយោគចំនួន៥,១លានដុល្លារអាមេរិក ។
៨ គម្រោងរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ មានតីតាំងនៅ ភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ មានទុនវិនិយោគចំនួន៥,៣លានដុល្លារអាមេរិក៕