អង្គការ WTO ព្យាករណ៍ថា កំណើនពាណិជ្ជកម្មសកលនឹងដាំក្បាលចុះដល់១,៧ភាគរយនៅឆ្នាំ២០២៣នេះ

0

ដោយ: គង់ លាងហួរ
ហ្សឺណែវៈ អង្គការពាណិជ្ជកម្មពិភពលោក
(WTO) បានឱ្យដឹងនៅក្នុងរបាយការណ៍ស្ថិតិ និងទស្សនវិស័យពាណិជ្ជកម្មប្រចាំឆ្នាំរបស់ខ្លួនដែលបានចេញផ្សាយថា កំណើនពាណិជ្ជកម្មសកលនៅឆ្នាំ២០២៣នេះនឹងថយចុះមកត្រឹម១,៧ភាគរយ។

របាយការណ៍បានបន្តថា ទំហំពាណិជ្ជកម្មទំនិញពិភពលោកត្រូវបានរងគ្រោះដោយឥទ្ធិពលនៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន អតិផរណាហក់ឡើងខ្ពស់ គោលនយោបាយរូបិយវត្ថុកាន់តែតឹងតែង និងភាពមិនច្បាស់លាស់នៃទីផ្សារហិរញ្ញវត្ថុ។

ទោះជាយ៉ាងនេះក្តី ការព្យាករណ៍សម្រាប់កំណើនពាណិជ្ជកម្មនៅឆ្នាំនេះគឺកើនឡើងពីការប៉ាន់ប្រមាណពីមុន១ភាគរយ កាលពីខែតុលាឆ្នាំ២០២២ ដោយសារការកែសម្រួលវិធានការកូវីដរបស់ប្រទេសចិន គឺជាកត្តាសំខាន់មួយ។ របាយ ការណ៍ នោះបញ្ជាក់ថា ការ បើក ប្រទេស ចិន ឡើង វិញ ត្រូវ បាន គេ រំពឹង ថា នឹង ជួយជំរុញ ដល់ពាណិជ្ជកម្ម អន្តរជាតិ។

ទន្ទឹមនឹងនោះ ការព្យាករណ៍សម្រាប់កំណើនពាណិជ្ជកម្ម និង GDP នៅឆ្នាំ២០២៣នេះគឺទាបជាងមធ្យមភាគសម្រាប់រយៈពេល១២ឆ្នាំកន្លងមកគឺ២,៦ភាគរយ និង២,៧ភាគរយរៀងៗគ្នា។

លោក Ralph Ossa ប្រធានសេដ្ឋវិទូ WTO បានមានប្រសាសន៍ថា “ផលប៉ះពាល់ដ៏យូរអង្វែងនៃជំងឺកូវីដ និងការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ គឺជាកត្តាចម្បងដែលជះឥទ្ធិពលដល់ពាណិជ្ជកម្ម និងទិន្នផលនៅឆ្នាំ២០២២ ហើយនេះទំនងជាករណីសម្រាប់ឆ្នាំ២០២៣ផងដែរ”។

លោកបានមានប្រសាសន៍ថា “ការដំឡើងអត្រាការប្រាក់នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនក៏បានបង្ហាញពីភាពទន់ខ្សោយនៅក្នុងប្រព័ន្ធធនាគារ ដែលអាចនាំឱ្យមានអស្ថិរភាពហិរញ្ញវត្ថុកាន់តែទូលំទូលាយ ប្រសិនបើមិនត្រូវបានត្រួតពិនិត្យ”។

លោកបានបន្ថែមថា “រដ្ឋាភិបាល និងនិយតករត្រូវប្រុងប្រយ័ត្នចំពោះហានិភ័យហិរញ្ញវត្ថុទាំងនេះ និងហានិភ័យផ្សេងទៀតនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here