ដោយ: គង់ លាងហួរ
ប៉េកាំង: ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃអង្គារនេះថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងក្នុងកម្រិតលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទីមួយ ក្នុងអត្រា៤,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនហក់ឡើងនៅត្រីមាសទីមួយ ខណៈការលុបចោលវិធានការសូន្យកូវីដ បានធ្វើឱ្យសេដ្ឋកិច្ចដ៏ធំបំផុតទី២របស់ពិភពលោក ងើបចេញពីការធ្លាក់ចុះនៃជំងឺរាតត្បាតដ៏អាក្រក់។
យោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញថា កំណើន GDP ត្រូវបានគេរំពឹងថា នឹងកើនឡើង៤ភាគរយនៅក្នុងខែមករាដល់ខែមីនាធៀបនឹងឆ្នាំមុន ពោលគឺកើនឡើងយ៉ាងរហ័សពី២,៩ភាគរយនៅក្នុងត្រីមាសទី៤។
ទីក្រុងប៉េកាំងបានប្តេជ្ញាបង្កើនការគាំទ្រសម្រាប់សេដ្ឋកិច្ច ខណៈប្រទេសចិនបានងើបចេញពីដំណើរការដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជិតកន្លះសតវត្សឆ្នាំមុន ដោយសារការទប់ស្កាត់ជំងឺកូវីដ។
វិនិយោគិនកំពុងឃ្លាំមើលយ៉ាងដិតដល់នូវទិន្នន័យត្រីមាសទី១ សម្រាប់តម្រុយអំពីភាពខ្លាំងនៃការងើបឡើងវិញ បន្ទាប់ពីទីក្រុងប៉េកាំងបានដកការទប់ស្កាត់ជំងឺកូវីដនៅក្នុងខែធ្នូ និងបានបន្ធូរបន្ថយការបង្ក្រាបរយៈពេល៣ឆ្នាំលើក្រុមហ៊ុនបច្ចេកវិទ្យា និងអចលនទ្រព្យ។
យោងតាមទិន្នន័យថ្មីៗបង្ហាញថា ការស្ទុះងើបឡើងវិញនៅតែមិនស្មើគ្នា ជាមួយនឹងការប្រើប្រាស់ សេវាកម្ម និងការចំណាយលើហេដ្ឋារចនាសម្ព័ន្ធកើនឡើង ប៉ុន្តែអតិផរណាដ៏យឺតយ៉ាវ និងការកើនឡើងនៃប្រាក់សន្សំរបស់ធនាគារកំពុងបង្កើនការសង្ស័យអំពីតម្រូវការ។
ផ្អែកលើមូលដ្ឋានប្រចាំត្រីមាស កំណើន GDP របស់ប្រទេសចិនត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង២,២ភាគរយនៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៣នេះ។
ទន្ទឹមនឹងនេះ ធនាគារកណ្តាលរបស់ប្រទេសចិនបានអះអាងថា ខ្លួននឹងរក្សាសាច់ប្រាក់ងាយស្រួល រក្សាស្ថិរភាពកំណើន និងការងារ និងផ្តោតលើការពង្រីកតម្រូវការផងដែរ។
លោក Iris Pang ប្រធានសេដ្ឋវិទូចិនប្រចាំក្រុមហ៊ុន ING បានឱ្យដឹងនៅក្នុងកំណត់ត្រាមួយថា “នេះគឺជាសញ្ញាដ៏សំខាន់មួយដែលរបាយការណ៍ GDP ត្រីមាសទី១ នឹងមិនមានភាពទន់ជ្រាយពេកនោះទេ ប៉ុន្តែយើងមិនរំពឹងថា វានឹងមានភាពរឹងមាំជាពិសេសនោះដែរ”៕