ដោយៈ ជេស៊ីកា
ភ្នំពេញៈ ការសាងសង់ព្រលានយន្តហោះអន្តរជាតិ ទាំងបីរបស់កម្ពុជា កំពុងមានការវិវត្តន៍ល្អប្រសើរ និងអាចបើកដំណើរការជើងហោះហើរតាមផែនការ សម្រាប់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។
លោកស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ អាកាសយានដ្ឋានអន្ដរជាតិតេជោ សម្រេចការសាងសង់ បានជាង៤៦% ខណៈអាកាសយានដ្ឋានអន្ដរជាតិសៀមរាប អង្គរ សម្រេចការសាងសង់បានជាង៩២% និងអាកាសយានដ្ឋានអន្ដរជាតិតារាសាគរ សម្រេចការសាងសង់បានជាង ៩០%។
លោកបានឲ្យដឹងថា ការងារសាងសង់រួម នៃអាកាសយានដ្ឋានអន្ដរជាតិតេជោ (ភ្នំពេញថ្មី) សម្រេចបានជាង៤៦ភាគរយ ជាការវិនិយោគ ក្នុងភាពជាដៃគូរវាងរដ្ឋ (SSCA) និងឯកជនដោយក្រុមហ៊ុន OCIC ដោយចំណាយទឹកប្រាក់សរុបមកដល់ពេលនេះ អស់ចំនួន ៦៥២លានដុល្លារ។
លោកបានបន្ថែមទៀតថា អាកាសយានដ្ឋានអន្ដរជាតិតេជោ (ភ្នំពេញថ្មី) គ្រោងដាក់ឲ្យសម្ពោធជាផ្លូវការ នៅក្នុងពាក់កណ្ដាលឆ្នាំ២០២៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
លោកបន្ដថា “ក្រុមហ៊ុនបានសាងសង់ផ្លូវតភ្ជាប់ ពីមហាវិថីសម្ដេចតេជោ ហ៊ុន សែន ដែលមានទទឹងប្រវែង៦០ម៉ែត្រ កាត់ផ្លូវជាតិលេខ២ រហូតដល់អាកាសយានដ្ឋានអន្ដរជាតិតេជោ (ភ្នំពេញថ្មី) ដែលមានប្រវែង១៣.៥គីឡូម៉ែត្រ សម្រេចបាន៣៨ភាគរយ”។
ដោយឡែកសម្រាប់អាកាសយានដ្ឋានអន្ដរជាតិ សៀមរាបអង្គរ ការងារសាងសង់រួម គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ សម្រេចបានជាង ៩២ភាគរយនៃការងារសរុប ដោយចំណាយទឹកប្រាក់សរុបមកដល់ពេលនេះ អស់ចំនួន ៩៦៩លានដុល្លារ។
លោកស៊ិន ចាន់សិរីវុត្ថា បានឲ្យដឹងថា អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ គ្រោងនឹងដាក់ឲ្យសម្ពោធជាផ្លូវការ នៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ដ្រីនៃកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។
ចំពោះអាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ការងារសាងសង់រួម សម្រេចបានជាង៩០.៥ភាគរយ នៃការងារសរុប ដោយចំណាយទឹកប្រាក់សរុប សម្រាប់ការសាងសង់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ អស់ចំនួន១៨០លានដុល្លារ (គម្រោងវិនិយោគសរុប ២០០លានដុល្លារ)។
លោកស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់ថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ គ្រោងនឹងដាក់ឲ្យដំណើរការសាកល្បង យ៉ាងយូបំផុតនៅពាក់កណ្ដាល ឆ្នាំ២០២៣ ប្រសិនបើគ្មានការរំខានពីកត្តាផ្សេងៗ។
ដោយឡែក ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ គួបផ្សំនឹងប៉ះពាល់បន្ទាប់បន្សំពីកត្តាផ្សេងៗ កិច្ចដំណើរការសាងសង់អាកាសយានដ្ឋាននេះ ត្រូវបានពន្យាពេលម្តងហើយ ម្តងទៀតរហូតមកដល់ពេលនេះ៕