ក្រុមហ៊ុនថាមពលខ្នាតយក្ស Shell បើកដំណើរការសាឡាងដើរដោយអគ្គិសនីដំបូងគេបង្អស់នៅសិង្ហបុរី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនថាមពល Shell Plc បានបើកដំណើរការសាឡាងដើរដោយថាមពលអគ្គិសនីដំបូងបំផុតរបស់ខ្លួន នៅកំពង់ផែរោងចក្រចម្រាញ់ប្រេងរបស់ប្រទេសសិង្ហបុរី។

ក្រុមហ៊ុននេះបានអះអាង ខ្លួននឹងបន្តធ្វើការជាមួយអាជ្ញាធរកំពង់ផែរបស់រដ្ឋប្រទេសសិង្ហបុរី ដើម្បីកាត់បន្ថយការបំភាយឧស្ម័នពុលចេញពីនាវា ។

សាឡាងអគ្គិសនីដំបូងបំផុតមួយនេះ មានឈ្មោះថា Penguin Refresh ដោយវាគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅក្នុងខែឧសភា ស្របពេលសាឡាងអគ្គិសនីថ្មី ចំនួន២ផ្សេងទៀត ក៏នឹងត្រូវដាក់ឱ្យដំណើរការ នៅក្នុងខែសីហាខាងមុខផងដែរ ដើម្បីជាផ្នែកមួយ ក្នុងការជំនួសសាឡាងដើរដោយថាមពលម៉ាស៊ូត ដែលកំពុងប្រើប្រាស់ សព្វ ថ្ងៃ។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters បានឱ្យដឹងថា ការផ្លាស់ប្តូរនេះ គឺជំហានបន្ទាប់មួយ ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវច្បាប់របស់អាជ្ញាធរកំពង់ផែសិង្ហបុរី ដែលបានចែងថា យានថ្មីៗនៅតាមកំពង់ផែទាំងអស់ ដែលចរាចរណ៍នៅក្នុងដែនទឹករបស់ខ្លួន ត្រូវតែដំណើរការដោយអគ្គិសនី ឬដំណើរការដោយឥន្ធន:ជីវ: និងឥន្ធន:គ្មានជាតិពុល ចាប់ពីឆ្នាំ២០៣០ខាងមុខតទៅ ។

លើសពីនេះ អាជ្ញាធរដែនសមុទ្រ និងកំពង់ផែ (MPA) របស់សិង្ហបុរី បានឱ្យដឹងទៀតថា ក្រុមហ៊ុន Shell Eastern Trading បានឯកភាពធ្វើការជាមួយអាជ្ញាធរកំពង់ផែ ដើម្បីបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធ ក្នុងការសាកបំពេញ សម្រាប់យានដើរដោយអគ្គិសនី នៅតាមកំពង់ផែ និងធ្វើការស្រាវជ្រាវ ក៏ដូចជាអភិវឌ្ឍបន្ថែម លើថាមពលដើរដោយឥន្ធន:មានជាតិពុលកម្រិតទាប ឬស្មើសូន្យ នៅក្នុងរយ:ពេល៥ឆ្នាំខាងមុខទៀតនេះ ។

ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់អង់គ្លេសមួយនេះ បានបើកដំណើរការសាឡាងអគ្គិសនី ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរ ២០០ នាក់ ដំបូងគេ នៅក្នុងបរិវេណរោងចក្រចម្រាញ់ប្រេងរបស់ខ្លួន លើកោះ Pulau Bukom កាលពីពេលថ្មីៗកន្លងទៅ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here