ក្រុមហ៊ុនធានារ៉ាប់រងធំៗបោះទុនច្រើនពាន់លានដុល្លារទិញ អចលនទ្រព្យនៅប្រទេសចិន

0

ដោយៈ សុខុម

ហុងកុង: ក្រុមហ៊ុនធានារ៉ាប់រងជាច្រើន រួមមានទាំង AIA និង Ping An Life Insurance ផងកំពុងបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក លើអចលនទ្រព្យក្នុងប្រទេសចិន ដែលនៅតែជាទ្រព្យសកម្ម ដ៏ទាក់ទាញសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង ទោះបីជាទីផ្សារអចលនទ្រព្យចិន ធ្លាក់ចុះយ៉ាងណាក្ដី។

ក្រុមអ្នកវិភាគនៅក្រុមហ៊ុនវាយតម្លៃ កម្រិតគុណភាពឥណទានអាមេរិក Moody’s បានលើកឡើងតាមរយៈកំណត់ត្រាមួយកាលពីថ្ងៃទី១២ ខែមេសា ថា អចលនទ្រព្យគឺជាទ្រព្យសកម្មដ៏ល្អ សម្រាប់បណ្ដាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជាពិសេសក្រុមហ៊ុនដែលបាននិងកំពុងពង្រីកអាជីវកម្មថែទាំសុខភាព និងអាជីវកម្មចូលនិវត្តន៍របស់ពួកគេ។

ទំនោថ្មី នៅក្នុងការបោះទុនវិនិយោគ អចលនទ្រព្យនេះកើតមានឡើង បន្ទាប់ពីក្រុមហ៊ុនធានារ៉ាប់រងមួយចំនួន បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ លើការវិនិយោគភាគហ៊ុន ក្នុងក្រុមហ៊ុនអភិវឌ្ឍន៍ ចំពេលផ្ទុះវិបត្តិ ក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន។ នេះបើយោ​ងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៤ ខែមេសា។

កាលពីខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA បានសន្យាបោះទុនវិនិយោគ រហូតដល់ទៅ១,៣ពាន់លានដុល្លារអាមេរិក លើអគារលក់រាយការិយាល័យនៅតំបន់ North Bund នៃទីក្រុងសៀងហៃ ប្រទេសចិន។

អគារការិយាល័យកម្រិតA កម្ពស់១៨០ម៉ែត្រខាងលើនេះ គឺជាការទិញយកទ្រព្យសកម្មដ៏ធំបំផុត របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ចាប់តាំងពីក្រុមហ៊ុននេះ បានបង្កើតសាខាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតAIA នៅក្នុងប្រទេសចិន ក្នុងឆ្នាំ២០២០។ អគារការិយាល័យនេះ គ្រោងនឹងសាងសង់បញ្ចប់ក្នុងឆមាសទី១ ដើមឆ្នាំនេះ។

តំណាងក្រុមហ៊ុន AIA បានប្រាប់សារព័ត៌មាន South China Morning Post ថា “អគារមជ្ឈមណ្ឌលហិរញ្ញវត្ថុ AIA Financial Center នៅទីក្រុងសៀងហៃ នេះគឺជាការវិនិយោគ លើអចលនទ្រព្យពាណិជ្ជកម្ម ដែលមានភាពទាក់ទាញរយៈពេលវែង នៅក្នុងទីតាំងសំខាន់ៗទូទាំងប្រទេសចិន”។

មិនមែនមានតែក្រុមហ៊ុនធានារ៉ាប់រង AIA មួយនោះទេដែលបោះទុនវិនិយោគលើអចលនទ្រព្យនៅប្រទេសចិន។

កាលពីខែមករា ដើមឆ្នាំនេះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Ping An បានបណ្តាក់ទុនរហូត ដល់១,០៦ពាន់លានដុល្លារអាមេរិក លើអចលនទ្រព្យ ប្រភេទឧស្សាហកម្មចំនួន៤ ដែលក្នុងនោះមាន២នៅទីក្រុងសៀងហៃ និង២ទៀតនៅរដ្ឋធានីប៉េកាំង។

មុននោះ ក្រុមហ៊ុន Ping An ក៏បានបោះទុន១,៦៣ពាន់លានដុល្លារអាមេរិក លើអចលនទ្រព្យពាណិជ្ជកម្មចំនួន២ នៅក្រុងប៉េកាំង និងជាង៤ពាន់លានដុល្លារអាមេរិក លើអគារការិយាល័យចំនួន៦នៅសៀងហៃផងដែរ៕  South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here