ភាគហ៊ុនធនាគារយក្សអាមេរិក First Republic Bank ដាំក្បាលចុះខ្លាំង ខណៈការដាក់ប្រាក់បញ្ញើធ្លាក់ចុះជាង១០០ពាន់លានដុល្លារ

0

ដោយៈ សុខុម

        ញូវយ៉ក: ភាគហ៊ុនរបស់ធនាគារយក្សអាមេរិក First Republic Bank  បានធ្លាក់ចុះជាង២០% កាលពីថ្ងៃច័ន្ទ ទី២៤ ខែមេសា ខណៈធនាគារនេះនិយាយថា ប្រាក់បញ្ញើរបស់ខ្លួនបានដាំក្បាលចុះ រហូតដល់ទៅជាង១០០ពាន់លានដុល្លារ ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣នេះ។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃអង្គារ ទី២៥ ខែមេសា នេះឱ្យដឹងថា ពេលនេះធនាគារដែលផ្ដល់សេវាគ្រប់គ្រងទ្រព្យសម្បត្តិផងដែរនេះ កំពុងស្វែងរកជម្រើសដូចជាការរៀបចំតារាងតុល្យការឡើងវិញជាដើម។

ការធ្លាក់ចុះនូវប្រាក់បញ្ញើយ៉ាងច្រើន សម្បើមនេះកើតមានឡើង ក្រោយពីប្រាក់បញ្ញើ របស់ធនាគារខ្នាតយក្សផ្សេងៗទៀត របស់សហរដ្ឋអាមេរិក បានដាំក្បាលចុះខ្លាំងកាលពីខែមុន បន្ទាប់ពីធនាគារថ្នាក់តំបន់ចំនួន២បានដួលរលំ។

ធនាគារ First Republic Bank ដែលមានមូលដ្ឋាននៅទីក្រុងសានហ្វ្រានស៊ីស្កូ សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃច័ន្ទ ទី២៤ ខែមេសា ថា ខ្លួនគ្រោងនឹងកាត់បន្ថយ តារាងតុល្យការរបស់ខ្លួន និងកាត់បន្ថយការចំណាយ តាមរយៈការកាត់បន្ថយប្រាក់រង្វាន់លើទឹកចិត្តសម្រាប់គណៈគ្រប់គ្រងជាន់ខ្ពស់ រាប់ចាប់ពីថ្នាក់នាយកប្រតិបត្តិ កាត់បន្ថយទំហំការិយាល័យ និងជម្រុះបុគ្គលិកពីជិត២០%ទៅ២៥%នៅក្នុងត្រីមាសទី២។

ធនាគារនេះក៏មានគោលបំណង បង្កើនប្រាក់បញ្ញើធានារ៉ាប់រងរបស់ខ្លួន និងកាត់បន្ថយការខ្ចីប្រាក់ ពីធនាគារកណ្ដាលអាមេរិក (Federal Reserve Bank) ផងដែរ។

នាយកប្រតិបត្តិធនាគារនេះលោក Mike Roffler បានថ្លែងក្នុងសន្និសីទសាព័ត៌មានថា “យើងកំពុងចាត់វិធានការកាត់បន្ថយការចំណាយរបស់យើង ឱ្យស្របតាមការផ្តោតយកចិត្តទុកដាក់របស់យើង លើការកាត់បន្ថយទំហំនៃតារាងតុល្យការ”៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here