ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនជីប ម៉ុងបាននិងកំពុងបោះជំហ៊ានកាន់តែឆ្ងាយជាងមុន តាមរយៈការបង្កើតធនាគារជីប ម៉ុង ខមមើសល ប៊ែង ម.ក ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទី១២ របស់ក្រុមហ៊ុន ជីប ម៉ុង និងទើបបានទទួលអាជ្ញាប័ណ្ណធនាគារជាតិនៃកម្ពុជា។
ប្រធានអគ្គនាយកក្រុមហ៊ុន ជីប ម៉ុងលោកឧកញ៉ាលាង ឃុនបានមានប្រសាសន៍ក្នុងពិធីបើកសម្ភោធធនាគារថ្មីនេះកាលពីរាត្រីថ្ងៃទី២១ មករាកន្លងមកថាការសម្រេចពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនទៅដល់វិស័យធនាគារ តាមរយៈការបង្កើតធនាគារជីប ម៉ុង ខមមើសល ប៊ែង ម.ក នឹងចូលរួមចំណែកក្នុងការគាំទ្រ ដល់ការរីកលូតលាស់នៃវិស័យបច្ចេកវិទ្យាដើម្បីពន្លឿនសេដ្ឋកិច្ចជាតិ ដែលនឹងចូលរួមចំណែកជួយឳ្យកម្ពុជាសម្រចនូវសេដ្ឋកិច្ចឌីជីថល ក្នុងឆ្នាំ២០២។
លោកឧកញ៉ាបានបន្តថា “ធនាគារបានសម្រេចប្រើប្រាស់ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើបចុងក្រោយបំផុត ជាយុទ្ធសាស្ត្រក្នុងការដំណើរការធនាគារយើង ក៏ដូចជាការផ្តល់សេវា និងផលិតផលទៅអតិថិជនរបស់យើង។លោកបន្តថា“យុទ្ធសាស្ត្រនេះដើរស្របនឹង ចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍហេ ដ្ឋារចនាសម្ព័ន្ធឌីជីថល និងបច្ចេកវិទ្យាសារគមនាគមន៍ និងព័ត៌មានវិទ្យា ក្នុងគោលបំណងត្រៀមខ្លួនបំលែងសេដ្ឋកិច្ចកម្ពុជា ឳ្យក្លាយជាសេដ្ឋកិច្ចឌីជីថលក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។
ទេសាភិបាលធនាគារជាតិនៃកម្ពុជាលោកជា ចាន់តូបានមានប្រសាសន៍ថា ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ដែលនឹងផ្តោតសំខាន់លើការប្រើប្រាស់ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីបម្រើនិងផ្តល់សេវាកម្មទៅដល់អតិថិជនខ្លួន ដែលនេះជាការឆ្លុះបញ្ចាំងនូវការវិវឌ្ឍមួយជំហានធំមួយទៀត ក្នុងការធ្វើទំនើបកម្មក្នុងវិស័យធនាគារ។
លោកបន្តថា “នេះជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រព័ន្ធសេវាកម្មធនាគារឲ្យកាន់តែសម្បូរបែប មានប្រសិទ្ធិភាព និងប្រសិទ្ធផលខ្ពស់ និងភាពងាយស្រួលជាងមុន ហើយកាន់តែពង្រឹងជំនឿទុកចិត្តរបស់សាធារណជន មកលើប្រព័ន្ធធនាគារ ក៏ដូចជាចូលរួមក្នុងការជម្រុញឲ្យមានការប្រកួតប្រជែងដោយស្មើភាព និងផលិតភាពថែមទៀត តាមរយៈការធ្វើឲ្យប្រសើរឡើងការផ្តល់សេវាកម្ម និងផលិតផលដែលប្រកបដោយគុណភាពផងដែរ។
លោកជា ចាន់តូបានបន្តថា ការប្រើប្រាស់បច្ចេកវិទ្យាទំនើបនឹងបង្កើតឱកាសរៀនសូត្រថ្មីៗសម្រាប់បុគ្គលិក ដែលបម្រើការងារក្នុងវិស័យធនាគារឲ្យដើរទាន់បច្ចេកវិទ្យាទំនើបចុងក្រោយ ជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យនេះផងដែរ។ ធនាគារជាតិនៃកម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការ កែលម្អប្រតិបត្តិការរបស់ខ្លួនតាមរយៈ ការកែសម្រួលរចនាសម្ព័ន្ធចាត់តាំងផ្ទៃក្នុង ជាពិសេសការបណ្តុះបណ្តាលមន្ត្រីជំនាញ ធ្វើយ៉ាងណាពង្រឹងសម្ថភាពគ្រប់គ្រងខ្លួនឯងឲ្យបានរឹងមាំ ដើម្បីឲ្យស្របតាមតម្រូវការការងារចាំបាច់ នៃស្ថានភាពរីកចម្រើនរបស់ប្រព័ន្ធធនាគារក្នុងសម័យឌីជីថល៕