ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុនអាស៊ីហក់ឡើងថ្លៃនៅថ្ងៃសុក្រនេះ ខណៈប្រាក់ចំណូលសាជីវកម្មដ៏រឹងមាំបានជួយបង្កើនអារម្មណ៍ ទោះជាក្តីបារម្ភពីភាពទន់ខ្សោយនៃសេដ្ឋកិច្ចនៅតែបន្តកើតមាន ហើយអ្នកវិនិយោគក៏កំពុងរង់ចាំការសម្រេចចិត្តគោលនយោបាយពីធនាគារកណ្តាលជប៉ុនផងដែរ។
សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ MSCI នៅខាងក្រៅប្រទេសជប៉ុនហក់ឡើង០,៩៤ភាគរយ ប៉ុន្តែនៅតែមានដំណើរឆ្ពោះទៅរកការបញ្ចប់ខែនេះទាបជាង១,៤ភាគរយ។
សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ជប៉ុនបានហក់ឡើង០,៥១ភាគរយ ខណៈដែលសន្ទស្សន៍ S&P/ASX 200 របស់អូស្ត្រាលី បានហក់ឡើង០,៣៣ភាគរយ។
ផ្សារហ៊ុនរបស់សហរដ្ឋអាមេរិកបានហក់ឡើងថ្លៃយ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ដោយសារលទ្ធផលសុទិដ្ឋិនិយមពីក្រុមហ៊ុនបច្ចេកវិទ្យានានា ហើយភាគហ៊ុនរបស់ក្រុមហ៊ុន Meta Platforms Inc រួមទាំង Microsoft Corp និង Alphabet Inc បានហក់ឡើង។