ដោយវុត្ថា
ប៉េកាំង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញមហិច្ឆតាជម្រុញទំហំពាណិជ្ជកម្មកម្ពុជា-ចិនឲ្យកើនដល់១០ពាន់លានដុល្លាអាមេរិកត្រឹមឆ្នាំ២០២៣ខាងមុខនេះ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងនៅក្នុងពិធីបើកវេទិកាជំរុញពាណិជ្ជកម្មកម្ពុជា ចិន នៅទីក្រុងប៉េកាំងប្រទេសចិននៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៩កន្លងមកថា កាលពីឆ្នាំ២០១៧កន្លងទៅ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរសម្រេចបាន ប្រមាណ៦ពាន់ លានដុល្លា ហើយផ្តើមចេញពីលទ្ធផលផ្លែផ្កា ដែលបានអនុវត្តក្នុងឆ្នាំ២០១៧ ប្រទេសទាំងពីរបានដាក់ចេញនូវគោលដៅថ្មីទៀត ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឈានដល់១០ពាន់លានដុល្លាអាមេរិក នៅឆ្នាំ២០២៣។
បន្ថែមពីនេះ កម្ពុជាបានបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនលើវិស័យនានា ទាក់ទងនិងវិស័យពាណិជ្ជកម្ម ដូចជា បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅក្នុងទីក្រុងមួយចំនួននៃប្រទេសចិន ការចុះហត្ថលេខាលើលិខិតប្តូរសារ ដែលបានផ្តល់ឲ្យកម្ពុជានូវប្រព្រឹត្តកម្មមិនជាប់ពន្ធគយ គ្រប់ដណ្តប់លើ៩៧%នៃបន្ទាត់ពន្ធគយសរុប និងការចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នាមួយចំនួន ក្នុងវិស័យពាណិជ្ជកម្ម។
សម្តេចបន្តថា បន្ទាប់ពីកម្ពុជាសម្រេចបាននូវសុខសន្តិភាពយ៉ាងពេញលេញ ព្រមទាំងការឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងនៅចុងឆ្នាំ១៩៩៨ តាមរយៈការដាក់ចេញ និងអនុវត្តន៍នូវនយោបាយឈ្នះ ឈ្នះ រយៈពេលជាង២ទស្សវត្សរ៍កន្លងមកនេះ កម្ពុជាត្រូវបានគេទទួលស្គាល់ថាមានការផ្លាស់ប្តូរយ៉ាងប្រសើរ ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ចនិងសង្គម ជាមួយនិងអាត្រានៃកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំជាមធ្យម៧%។
កំណើនសេដ្ឋកិច្ចខ្ពស់នេះ បានធ្វើឲ្យកម្ពុជាសម្រេចបានឋានៈជាប្រទេស មានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបាននូវឋានៈនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងកំពុងអនុវត្តន៍ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលជាយុទ្ធសាស្រ្តកំណើនសេដ្ឋកិច្ច ថ្មី សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥ ដែលគោលនយោបាយនេះមានភាពស៊ីសង្វាក់គ្នា ជាមួយនិងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។
សម្តេចតេជោហ៊ុន សែនបានសង្កត់ធ្ងន់ថា សម្តេចបានសម្រេចធ្វើកំណែទំរង់ស៊ីជម្រៅលើប្រព័ន្ធសេដ្ឋកិច្ចផ្ទៃក្នុង តាមរយៈការដាក់ចេញ និងអនុវត្តន៍នូវវិធានការថ្មីមួយ គឺការរក្សាទុកតែភ្នាក់ងារគយប៉ុណ្ណោះ ក្នុងការត្រួតពិនិត្យទំនិញ នៅតាមច្រកទ្វារអន្តរជាតិ ច្រកទ្វារ ព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពុងផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្តោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ នាំចូលផ្សេងទៀត។
សម្តេចបន្តថា “ការសម្រេចបែបនេះ គឺជាការអនុវត្តនូវអភិក្រមវះកាត់ ដែលជាការកែទំរង់ដ៏ធំសំម្បើមមួយរបស់កម្ពុជា ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងថ្លៃដើម ក្នុងការធ្វើពាណិជ្ជកម្ម សំដៅធ្វើឲ្យកាន់តែល្អប្រសើរ នូវបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគ និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា”៕