ដោយ: គង់ លាងហួរ
អន្តរជាតិ: ផែនការនៃការបង្កើនចំនួនជើងហោះហើរ រវាងកម្ពុជា និងចិន នឹងជួយទាក់ទាញភ្ញៀវទេសចរចិន កាន់តែច្រើនបន្ថែមទៀត ស្របពេលប្រទេសទាំង២ កំពុងខិតខំជំរុញបង្កើនចំនួនជើងហោះហើរត្រង់ឡើងវិញ ឱ្យបានយ៉ាងតិច៣០០ជើងក្នុង១សប្តាហ៍។
កាលពីពេលថ្មីៗកន្លងទៅ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលប្រតិភូអមនាយករដ្ឋមន្រ្តី បន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា និងលោក Song Zhiyong ប្រធានរដ្ឋបាលអាកាសចរស៊ីវិលចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការស្តីអំពីការពង្រឹងសុវត្ថិភាពហោះហើរជាមួយប្រទេសចិន។
លោក ម៉ៅ ហាវណ្ណាល់ បានស្នើដល់ភាគីចិនឱ្យជួយជំរុញការផ្តល់អាទិភាពក្នុងការស្តារ និងបង្កើនចំនួនជើងហោះហើរត្រង់ឡើងវិញរវាងប្រទេសទាំង២ ឱ្យបានយ៉ាងហោច៣០០ជើង ក្នុង១សប្តាហ៍ ដែលជើងហោះហើររវាងប្រទេសទាំង២ នឹងជួយសម្រួលដល់ការដឹកអ្នកដំណើររវាងប្រទេសទាំង២ ស្របពេលប្រទេសចិន បានបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។
លោកបានថ្លែងទៀតថា “ប្រទេសចិនធ្លាប់បានប្រកាសថា កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសដំបូង ដែលនឹងទទួលភ្ញៀវទេសចរចិន ព្រមទាំងផ្តល់អាទិភាពក្នុងការស្តារ និងបង្កើនចំនួនជើងហោះហើរត្រង់ផងដែរ”។
លោក ម៉ៅ ហាវណ្ណាល់ និងថ្នាក់ដឹកនាំនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ព្រមទាំងសហគ្រាសឧស្សាហកម្ម អាកាសចរស៊ីវិលបានបញ្ជាក់ជាថ្មី នូវការស្វាគមន៍យ៉ាងកក់ក្តៅដល់ប្រទេសចិន និងការបេ្តជ្ញាផ្តល់សេវាកម្ម និងសន្តិសុខនៃអ្នកដំណើរ តាមផ្លូវអាកាសទៅមករវាងចិន-កម្ពុជា ប្រកបដោយគុណភាព។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានមានប្រសាសន៍ថា គិតរហូតមកទល់នឹងពេលនេះ លំហូរភ្ញៀវទេសចរចិន ចូលមកកាន់កម្ពុជាកំពុងមានភាពល្អប្រសើរ ប៉ុន្តែកំណើននេះ នៅពុំទាន់ដូចរដូវកាលមុនវិបត្តិកូវីដ-១៩ នៅឡើយនោះទេ។
លោកបន្ថែមថា “ចាប់តាំងពីប្រទេសចិន បើកសេដ្ឋកិច្ចឡើងវិញ ដែលអនុញ្ញាតឱ្យប្រជាជនខ្លួន អាចធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសឡើងវិញ យើងសង្កេតមើលឃើញថា លំហូរភ្ញៀវទេសចរចិនចាប់ផ្តើមមានភាពល្អប្រសើរហើយ ទោះបីចំនួននេះហាក់ពុំទាន់ខ្ពស់យ៉ាងណាក្តី”។ លោកបន្តថា “ហេតុនេះ ផែនការនៃការបង្កើនជើងហោះហើរនឹងក្លាយជាកត្តាមួយដ៏សំខាន់ ក្នុងការផ្តល់ជម្រើសកាន់តែច្រើនដល់ភ្ញៀវទេសចរចិនមកកម្ពុជា”។
យោងតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍បានបង្ហាញថា នៅក្នុងខែមករាដល់ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ៨៣៧.៤៤៦នាក់ ពោលគឺកើន៧៧៨,៦ភាគរយ បើ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២៕