ដោយ: គង់ លាងហួរ
ម៉ាកាវ: នាយកដ្ឋានស្ថិតិនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ (SAR) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ភ្ញៀវសរុបចំនួន៩៧២.០០០នាក់បានចូលស្នាក់នៅ ក្នុងសណ្ឋាគាររបស់ទីក្រុងម៉ាកាវ នៅក្នុងខែមីនា កើនឡើង១៦៤,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
យោងរបាយការណ៍ចុងក្រោយបំផុតពីសេវាកម្មស្ថិតិ និងជំរឿនបានបង្ហាញថា ភ្ញៀវមកពីចិនដីគោក និងតំបន់រដ្ឋបាលពិសេសហុងកុងបានកើនឡើង១៥៦,៩ភាគរយ និង៩៣៣,៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់៦៩៤.០០០នាក់ និង១៨៦.០០០នាក់រៀងៗគ្នា។
របាយការណ៍ដដែលបានបង្ហាញថា អត្រាស្នាក់នៅជាមធ្យមនៃបន្ទប់ភ្ញៀវក្នុងខែមីនា បានកើនឡើង៤.៦៣០ពិន្ទុមូលដ្ឋាន ពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់៧ញភាគរយ។
ចំនួនភ្ញៀវដែលមកដល់ ក្នុងដំណើរកម្សាន្តជាកញ្ចប់សរុបមានចំនួន៩៣.០០០នាក់ក្នុងខែមីនា។ ទន្ទឹមនឹងនេះ អ្នកស្រុកម៉ាកាវសរុបចំនួន៣០.០០០នាក់ បានទិញសេវាចេញក្រៅប្រទេស តាមរយៈភ្នាក់ងារទេសចរណ៍ ដែលកើនឡើង៨៩២,៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
សណ្ឋាគារសរុបចំនួន១២៦ បានផ្តល់សេវាស្នាក់នៅដល់សាធារណជនក្នុងខែមីនា ហើយក្រៅពីនេះ ចំនួនបន្ទប់ទទួលភ្ញៀវបានកើនឡើង០,៧ភាគរយរហូតដល់៣៩.០០០បន្ទប់។
ទីក្រុងម៉ាកាវ ក៏ដូចជាហុងកុងដែរ គឺជាតំបន់រដ្ឋបាលពិសេស (SAR) ស្ថិតក្រោមប្រទេសចិន ដែលប្រតិបត្តិការក្រោមគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធពីរ”។
ស្រដៀងទៅនឹងទីក្រុងហុងកុងដែរ គោលនយោបាយប្រទេសមួយ ប្រព័ន្ធពីរ អនុញ្ញាតឱ្យម៉ាកាវមានស្វ័យភាព ទូលំទូលាយ ប៉ុន្តែមានកម្រិតនៅក្នុងសកម្មភាពគ្រប់គ្រង និងសេដ្ឋកិច្ចភាគច្រើនរបស់ខ្លួន៕