Resort កោះក្របីមិនសូវមានអ្នកស្គាល់តែតម្លៃស្នាក់នៅនិង សេវាកម្មមិនចាញ់កោះសង្សារ

0

        ដោយៈ វឌ្ឈនៈ

ព្រះសីហនុៈ កោះក្របីដែលស្ថិតក្នុងខេត្តព្រះសីហនុ មិនសូវមានអ្នកស្គាល់ប៉ុន្មាន ប៉ុន្តែកោះនេះ ទទួលបានការអភិវឌ្ឍពីក្រុមហ៊ុនបរទេសមួយកាលពីមុនវិបត្តិកូវីដ១៩ បានចាប់ផ្ដើមដាក់ដំណើរការទទួលភ្ញៀវទេសចរក្រោយវិបត្តិកូវីដ។

ការស្នាក់នៅក្នុងរីសតនៃកោះមួយនេះ មានតម្លៃមិនចាញ់កោះសង្សារប៉ុន្មាននោះទេ ដោយបន្ទប់តម្លៃដល់ទៅរាប់ពាន់ដុល្លារក្នុងមួយយប់។

លោកAteeb Shrestha អ្នកគ្រប់គ្រងទូទៅរីសតកោះក្របីបានឱ្យដឹងកាលពីដើមសប្តាហ៍នេះថា កោះនេះត្រូវបានចាប់ផ្ដើមអភិវឌ្ឍន៍ជាផ្លូវការ ក្នុអអំឡុងឆ្នាំ២០១៨ទៅ២០១៩ ពោលគឺនៅមុនវិបត្តិកូវីដ១៩ ។ ពេលយើងចាប់ផ្ដើមសាងសង់វីឡា និងហេដ្ឋារចនាសម្ព័ន្ធលើកោះនេះ វិបត្តិកូវីដ១៩ក៏ចាប់ផ្ដើមចូលមកដល់ ពេលនោះយើងក៏បានផ្អាកដំណើរការ មិនទទួលភ្ញៀវទេសចរនោះទេ។

លោកបន្តថា “រហូតដល់រដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសវិញ ក៏យើងមិនបើកភ្លាមៗដែរ រហូតដល់ខែធ្នូឆ្នាំ២០២២ ទើបក្រុមហ៊ុនបានចាប់ផ្ដើមបើកដំណើរ និងទទួលភ្ញៀវទេសចរមកសម្រាកនិងកម្សាន្ត”។

លោកបន្តថា តម្លៃជាមធ្យមសម្រាប់ភ្ញៀវទេសចរ មកស្នាក់នៅលើកោះនេះ ក្នុងមួយយប់ទាបបំផុត៥០០ដុល្លារ ពោលគឺនៅថ្ងៃធម្មតា ហើយបើក្នុងរដូវមានភ្ញៀវច្រើន បន្ទប់ធម្មតាហក់ឡើងដល់២០០០ដុល្លារ ទៅ៤០០០ដុល្លារអាមេរិកក្នុងមួយយប់ ដែលតម្លៃនេះមិនខុសគ្នាប៉ុន្មានពីកោះសង្សារនោះទេ”។

លោកបន្តទៀតថា ការអភិវឌ្ឍកោះខុសពីការអភិវឌ្ឍ នៅលើដីគោក។ ឧទារណហ៍ថាបើសិនជាយើង ចំណាយថវិកាអភិវឌ្ឍន៍វីឡាមួយនៅលើកោះ យើងអាចយកថវិកានោះ ទៅអភិវឌ្ឍន៍វីឡាលើដីគោកបាន៣ឯណោះ ពីព្រោះថាការដឹកជញ្ជូនសម្ភារៈសាងសង់ នៅលើកោះចំណាយច្រើនជាង ការដឹកជញ្ជូននៅលើគោក និងមានភាពពិបាក ។

លោក Ateeb បានឱ្យដឹងថា បច្ចុប្បន្នកិត្តិនាមកោះក្របី បានចាប់ផ្ដើមសាយភាយបណ្ដើរៗហើយ ដោយមានភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិមកស្នាក់នៅ និងកម្សាន្តនៅលើកោះនេះកាន់តែច្រើន និងរំពឹងថាមានកំណើនកាន់តែច្រើនបន្ថែមទៀត ។

រីសតលើកោះក្របី បានផ្ដល់ឱកាសការងារ ដល់ប្រជាពលរដ្ឋប្រមាណ១០០កន្លែងទាំងខ្មែរ និងបរទេស ហើយរីសតនេះដែរគឺផ្ដោតលើបរិស្ថានជាកត្តាចំបង ដោយរាល់សម្ភារៈប្រើប្រាស់មិនមានប្លាស្ទីកឡើយ។ សូម្បីតែដបទឹក ក៏ត្រូវប្រើដបទឹកអាចប្រើប្រាស់ឡើងវិញបាន ។ ក្នុងនោះដែរជុំវិញកោះ ក៏មិនអនុញ្ញាតឱ្យភ្ញៀវទេសចរស្ទូចត្រីឡើយ។

អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានមានប្រសាសន៍ថា ការអភិវឌ្ឍកោះក្របីនេះ គឺមានសារសំខាន់ណាស់ និងបានចូលរួមចំណែក ក្នុងវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជានិយាយជារួម និងវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុនិយា​យដោយឡែក។

លោកបន្តថា “វាគឺជាផលិតផលទេសចរណ៍ថ្មីមួយ សម្រាប់កម្ពុជាក្នុងការផ្ដល់ជូនភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស”។

លោកបន្តថា រាជរដ្ឋាភិបាលបានអនុម័ត ឱ្យក្រុមហ៊ុនឯកជាវិនិយោគ និងអភិវឌ្ឍន៍តាមបណ្ដាកោះ នានាក្នុងខេត្តព្រះសីហនុ ហើយមកដល់ពេលនេះកោះចំនួន២០ ត្រូវបានអនុម័តឱ្យអភិវឌ្ឍន៍ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងកំពុងមានសកម្មភាពអភិវឌ្ឍន៍ជាបន្តបន្ទាប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here