ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការបង់រំលោះលើការទិញអចលនទ្រព្យណាមួយ ជាគោលការណ៍ពេញនិយមបំផុត នាពេលបច្ចុប្បន្ន ប៉ុន្តែគេសង្គេតឃើញមានអត្រាបញ្ចប់កិច្ចសន្យា បង់រំលោះជាមួយបុរីច្រើន ដោយសារអតិថិជនគ្មានលទ្ធភាពបង់បន្ត ដែលធ្វើឱ្យមានការខាតបង់ទាំងប្រាក់កាស ពេលវេលា និងទ្រព្យសម្បត្តិ។
អ្នកជំនាញលើកឡើងថា ក្នុងករណីមានបំណងចង់បង់រំលោះ អតិថិជនត្រូវមានចំណេះដឹងហិរញ្ញវត្ថុ និងគួរសិក្សាគោលការណ៍ការបង់រំលោះ ជាមួយក្រុមហ៊ុនឱ្យបានច្បាស់លាស់សិន ដើម្បីជៀសវៀងហានិភ័យនៅពេលក្រោយ។
លោកច្រឹក សុខនីម អតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍នៅសប្តាហ៍កន្លងមកថា ការទិញបង់រំលោះបែងចែកចេញជាពីរប្រភេទ រួមមាន ការបង់រំលោះដោយគ្មានការប្រាក់ និងការបង់រំលោះដោយមានការប្រាក់។ នៅក្នុងទីផ្សារអចលនទ្រព្យ ភាគច្រើនការបង់រំលោះជាប្រភេទមានការប្រាក់។
លោកបានមានប្រសាសន៍ថា “បញ្ហាដែលសង្គេតឃើញកើតមានឡើងជាញឹកញាប់ គឺអតិថិជនបានបញ្ចប់កិច្ចសន្យា បង់រំលោះជាមួយបុរី ព្រោះគ្មានលទ្ធភាពបង់បន្ត ហើយក្នុងករណីនេះ អតិថិជនមិនអាចទទួលបានប្រាក់ដើមខ្លះត្រឡប់មកវិញឡើយ”។
អ្នកជំនាញអចលនទ្រព្យរូបនេះមានប្រសាសន៍ថា មុនសម្រេចចិត្តបង់រំលោះផ្ទះជាមួយក្រុមហ៊ុនពលរដ្ឋ ត្រូវមានចំណេះដឹងហិរញ្ញវត្ថុឱ្យបានច្បាស់ និងស្វែងយល់ឱ្យលម្អិត ពីគោលការណ៍របស់ក្រុមហ៊ុន ក្នុងករណីជួបឧបសគ្គគ្មានប្រាក់រំលោះបន្ត តើអ្វីទៅជាដំណោះស្រាយសមស្របទទួលយកបានសម្រាប់ភាគីទាំងពីរ។
លោកបានលើកឡើងថា “ជួនកាលការបង់រំលោះតម្លៃ២ ឬ៣ម៉ឺន ចំណាយទៅលើការប្រាក់ច្រើន បង់ប្រាក់ដើមបានតិចបំផុត។ ចំណេះដឹងហិរញ្ញវត្ថុរបស់អ្នកទិញ ដោយគាត់បានប្រឹក្សា ឬមិនបានប្រឹក្សា អាស្រ័យលើពួកគាត់បានទិញពីដំបូង”។
លោកបន្តថា “ប្រសិនបើពួកគាត់ទិញហើយ ពេលបង់រំលោះដោយមានការប្រាក់រយៈពេលយូរពេក ការបង់ដំបូងនឹងសឹងតែបានតែការប្រាក់ទេ ប្រាក់ដើមបានតិចមែនទែន”។លោកបន្តថា “ដូច្នេះហើយជាផលប៉ះពាល់ធ្វើឱ្យអតិថិជនបានបង់២ឬ៣ឆ្នាំដំបូង រំលោះប្រាក់ដើមបានតិច ជាពិសេស ការបង់រំលោះរយៈពេលវែង១០ទៅ១៥ឆ្នាំជាដើម”៕
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!