បណ្ដាប្រទេសចូលរួមកោតសរសើរទឹកចិត្តរបស់កម្ពុជាដែលរ៉ាប់រងចំណាយទាំងស្រុងក្នុងព្រឹត្តិការណ៍ Sea Games

0

ដោយៈ សុខុម

ភ្នំពេញ: ដោយសារតែសង្គ្រាមជាបន្តបន្ទាប់ កម្ពុជាបានរង់ចាំអស់រយៈពេល៦៤ឆ្នាំ ទម្រាំមានឱកាសបានធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិ​ការណ៍កីឡា Sea Games ក្នុងឆ្នាំ២០២៣ នេះ។

ដើម្បីអបអរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ និងដើម្បីលើកមុខមាត់របស់កម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចរ៉ាប់រងការចំណាយទាំងស្រុងរាប់ចាប់ពីថ្លៃសំបុត្រយន្តហោះ ថ្លៃស្នាក់នៅ និងថ្លៃហូបចុករបស់ប្រតិ​ភូបរទេស រួមទាំងការមិនយកថ្លៃសំបុត្រ ចូលទស្សនាពីភ្ញៀវជាតិ និងអន្តរជាតិផងដែរ។

បើទោះបីជាមជ្ឈដ្ឋានមួយចំនួនតូច បានសម្ដែងការព្រួយបារម្ភថា ការរៀបចំព្រឹត្តិការណ៍ Sea Games បែបនេះអាចនឹងជះផលប៉ះពាល់ជាអវិជ្ជមាន ដល់សេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្ដី ក៏ការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍ និងការកោតសរសើរយ៉ាងខ្លាំង ពីបណ្ដាប្រទេសចូលរួមក្នុង Sea Games។ នេះបើយោងតាមសារព័ត៌មាន VN Express បានចុះផ្សាយកាលពីថ្ងៃទី២៥ ខែមេសា។

សម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋម​ន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការរៀបចំកីឡាស៊ីហ្គេមបានថ្លែង ក្នុងសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍ Sea Games នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ “សូមបញ្ជាក់ឡើងវិញបន្តិចដែរ ចាប់តាំងពីបង្កើតគណៈកម្មាធិការជាតិ រៀបចំព្រឹត្តិការណ៍ Sea Games ក្តី និង Asean Para Games ក្តី ការចំណាយបានរុញមក CAMSOC”។

សម្ដេចពិជ័យសេនាបានបន្ថែមទៀតថា “ការចំណាយច្រើនណាស់ តាំងពីកន្លែងស្នាក់នៅ សំបុត្រយន្តហោះ គេមិនមែនមិនគិតថ្លៃដូចយើងទេ”។ សម្តេចបន្តថា “មកដល់ពេលនេះ តាមរបាយការណ៍ដែលយើងបានទូទាត់ អាចនឹងមិនទាន់សព្វគ្រប់ទេ។ តែក្នុងរង្វង់នេះ យើងគ្រោងតែ១១៨លានដុល្លារទេ។ ការអនុវត្តជាក់ស្តែងអាចនឹងលើសបន្តិច”។

គម្រោងចំណាយ១១៨លានដុល្លារ សម្រាប់រ៉ាប់រងទាំងស្រុងក្នុងការរៀបចំព្រឹត្តិការណ៍Sea Games នេះមិនទាន់រាប់បញ្ចូលថ្លៃសាងសង់ពហុកីឡាដ្ឋានមរតកតេជោ តម្លៃ១៦០លានដុល្លារអាមេរិក ផងនោះទេ។

*តើអ្វីជាមូលហេតុចម្បងដែលកម្ពុជា សម្រេចរ៉ាប់រងការចំណា​យទាំងស្រុងក្នុងព្រឹត្តិការណ៍កីឡា Sea Games?

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការមិនយកលុយពីប្រតិភូកីឡា មកពីប្រទេសផ្សេងៗនេះ រួមទាំងការមកយកថ្លៃសំបុត្រ ទស្សនាទាំងសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិក្នុងព្រឹត្តិការណ៍កីឡាSea Games នេះគឺកម្ពុជា ចង់ឱ្យពិភពលោកស្គាល់កម្ពុជា កាន់តែច្បាស់ និងទូលំទូលាយបន្ថែមទៀត។

ព្រឹត្តិការណ៍ SEA Games ចាប់ផ្តើមពីថ្ងៃទី០៥ ឧសភា ដល់ថ្ងៃទី១៧ ឧសភា ឆ្នាំ២០២៣ និងព្រឹត្តិការណ៍ ASEAN Para Games ចាប់ផ្តើមពីថ្ងៃទី៣ មិថុនា ដល់ថ្ងៃទី៩ មិថុនា ឆ្នាំ២០២៣៕ VN Express ៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

LEAVE A REPLY

Please enter your comment!
Please enter your name here