ភ្នំពេញ ៖ ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ កម្ពុជាបានក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍នេះ គឺចំពេលស្ថានភាពនៃវិបត្តិកូវីដ១៩ បានធូរស្រាល ដែលបានធ្វើឱ្យទេសចរណ៍អន្តរជាតិចាប់ផ្ដើមកម្រើកឡើងវិញ ។ ព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនឹងជំរុញឱ្យវិស័យទេសចរណ៍អន្តរជាតិអោយងើបឡើងមួយកម្រិតទៀត ហើយរំពឹងថាភ្ញៀវទេសចរបរទេសជាពិសេសពីបណ្ដាប្រទេសក្នុងតំបន់អាស៊ាន នឹងចូលមកប្រទេសកម្ពុជាកាន់តែច្រើនក្នុងឆ្នាំ២០២៣នេះ ។
លោកឌិន សុមេធារឹទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជាបានមានប្រសាសន៍ថា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ដូចជាបាល់ទាត់ បាល់ទះជាដើម នឹងមានអ្នកគាំទ្ររបស់ពួកគេតាមមកគាំទ្រដល់កម្ពុជាដែរ ហើយពេលដែលពួកគេមកដល់កម្ពុជា ពួកគេក៏ត្រូវការការស្នាក់នៅ ហូបចុក និងអាចដើរលេងនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីការប្រកួតចប់ ឬមុនការប្រកួត ។ ទាំងនេះ នឹងធ្វើឱ្យតម្រូវការសណ្ឋាគារមានកំណើនឡើងវិញនៅក្នុងព្រឹត្តិការណ៍នេះ ។ ម្យ៉ាងទៀត រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ការស្នាក់ជូនកីឡាករ កីឡាការិនីបរទេស ប៉ុន្តែទីតាំងដែលផ្ដល់ជូននោះគឺស្ថិតនៅជុំវិញពហុកីឡដ្ឋានជាតិមរតកតេជោ ហើយសម្រាប់ប្រតិភូកីឡា ក៏ដូចជាអ្នកកាសែតដែលមកជាមួយកីឡាករនោះ អាចនឹងជ្រើសរើសទីតាំងផ្សេងៗសណ្ឋាគារផ្សេងតាមការចង់បានរបស់ខ្លួន ។លោកបន្តថា ក្រៅពីកីឡាករ ប្រតិភូ និងអ្នកគាំទ្រកីឡាក៏នឹងមានភ្ញៀវទេសចរមកពីប្រទេសនានាចូលមកទស្សនាការប្រកួតកីឡាផ្សេងៗ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ហើយពួកគាត់ទាំងនោះក៏នឹងត្រូវការនូវការស្នាក់និងហូបចុកដូចគ្នា និងត្រូវការមធ្យោបាយធ្វើដំណើរសម្រាប់ចល័តពីកន្លែងប្រកួតមួយទៅកន្លែងប្រកួតមួយទៀត ។
លោកធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានមានប្រសាសន៍ថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ក្រៅពីកីឡាករជាង១ម៉ឺននាក់ដែលនឹងមកចូលរួមប្រកួត ក៏នឹងមានអ្នកមកគាំទ្រ និងអ្នកហែរហម ដូច្នេះទាំងនេះគឺជាភ្ញៀវ ហើយចំនួនជាក់លាក់ណាមួយថានឹងមកដល់ក៏មិនទាន់កំណត់បានដែរ ប៉ុន្តែយើងអាចដឹងបានថាប្រទេសជិតខាងដែលនឹងមកតាមច្រកព្រំដែនគោក និងតាមផ្លូវអាកាសក៏មានច្រើនគួរសមដែរ ។
មិនមែនតែវិស័យទេសចរណ៍ទេ ដែលរំពឹងងើបឡើងវិញក្រោយព្រឹត្តិការណ៍ស៊ីហ្គេម តែវិស័យអចលនទ្រព្យនិងការវិនិយោគពីបរទេសក៏រំពឹងថានឹងងើបឡើងដូចគ្នាក្រោយព្រឹត្តិការណ៍នេះបានបញ្ចប់ ។