ដោយៈ និស្ស័យ
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ ជំរុញឱ្យវិនិយោគិនកូរ៉េ មកបណ្តាក់ទុននៅកម្ពុជា នៅលើវិស័យនានា ដើម្បីទាញយកអត្ថប្រយោជន៍ នៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង២។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េបានចូលជាធរមានកាលពីដើមឆ្នាំ២០២៣នេះ។ លោក ប៉ាន សូរស័ក្តិបានថ្លែងបែបនេះ ក្នុងជំនួបទ្វេភាគីជាមួយលោក PARK JUNG-WOOK ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ដោយបានធ្វើការពិភាក្សា លើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងបន្ទាប់ពីកិច្ចប្រជុំ។លោកបានគូសបញ្ជាក់ថា “ប្រទេសកូរ៉េបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាម រយៈការជំរុញ នៃការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ”។
លោកបន្តថា ជាមួយនឹងសមិទ្ធផលនេះ មានការរួមចំណែកយ៉ាងសំខាន់ពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។លោកបានថ្លែងថា ក្នុងន័យនេះភាគីទាំង២ គួរចាប់ផ្តើមពិភាក្សា និងត្រៀមរៀបចំការចរចាលើសេវាកម្ម និងវិនិយោគ ដើម្បីជំរុញ និងលើកកម្ពស់កិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ហើយភាគីទាំង២ត្រូវសហការគ្នា ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលភាគីទាំង២ ជាសមាជិកមានដូចជា អាសិប អាស៊ាន-កូរ៉េ ដើម្បីទាញយកប្រយោជន៍ និងបំពេញបន្ថែមឱ្យគ្នាផងដែរ។លោក PARK JUNG-WOOK បានគាំទ្រនូវអនុសាសន៍របស់លោករដ្ឋមន្ត្រី ក្នុងការទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀងនានា ដែលភាគីទាំង២ជាសមាជិក តាមរយៈការផ្សព្វផ្សាយ សិក្ខាសាលា ការកសាងសមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ធនានាជាដើម។លោកនឹងប្តេជ្ញាជម្រុញបង្កើន ទំហំពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការកៀរគររកវិនិយោគិនកូរ៉េ និងបរទេសមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកសុខ ចិន្តាសោភា បានលើកឡើងថា កាលពីចុងឆ្នាំ២០២២ កន្លងទៅ រដ្ឋាភិបាលនៃប្រទេសទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឥណទានសម្បទាន សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា -សាធារណរដ្ឋកូរ៉េ នៅរាជធានីភ្នំពេញ និងក្រុងអរិយក្សត្រ ក្នុងទឹកប្រាក់ប្រមាណ២៤៦ លានដុល្លារ ដែលនឹងជួយពង្រឹងផ្នែកដឹកជញ្ជូន និងឡូជីស្ទិកនៅកម្ពុជាឱ្យកាន់តែប្រសើរ។
លោកបន្តថា “វិនិយោគិនកូរ៉េ គួរធ្វើការបណ្តាក់ទុននៅកម្ពុជាដោយចាប់យកនូវឧត្តមភាព ដែលកម្ពុជាទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េ”។
លោកបានលើកទឹកចិត្ត ជាពិសេសដល់វិនិយោគិនកូរ៉េ ក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក ពិចារណាធ្វើការវិនិយោគនៅកម្ពុជា ជាផ្នែកមួយនៃខ្សែចង្វាក់ផ្គត់ផ្គង់តំបន់ ដោយសារវិនិយោគិនកូរ៉េ មានឧត្តមភាពក្នុងវិស័យនេះ ហើយរាជរដ្ឋាភិបាលកម្ពុជា ទើបអនុម័តផែនទីបង្ហាញផ្លូវការ អភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា កាលពីថ្ងៃទី៩ ខែធ្នូឆ្នាំ២០២២កន្លងទៅនេះ។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េខាងត្បូង ក្នុងឆ្នាំ២០២២ សម្រេចបានក្នុងទំហំទឹកប្រាក់៧៧៨,៩ លានដុល្លារកើនឡើង០,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ ក្នុងនោះការនាំចេញពីកម្ពុជា មានទំហំទឹកប្រាក់ជាង២៣៣,៦លានដុល្លារ កើនឡើង២០ភាគរយ ខណៈការនាំចូលមកវិញមានទឹកប្រាក់ជាង៥៤៥,២លានដុល្លារ ថយចុះ៦ភាគរយ៕សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!