ដោយ: គង់ លាងហួរ
ភ្នំពេញ: ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជាក្នុងខែឧសភានេះជាសញ្ញាមួយធ្វើឲ្យការធ្វើដំណើរតាមអាកាសមានការកើនឡើង ដោយមានអត្តពលិកជាង១០.០០០នាក់មកពីគ្រប់តំបន់បានធ្វើដំណើរមកចូលរួមការប្រកួតនេះក្នុងទឹកដីកម្ពុជា។អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោក ស៊ិន ចាន់សិរីវុត្ថា បានមានប្រសាសន៍ថា ការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងខែឧសភានេះមានការកើនឡើង១៥ភាគរយ បើប្រៀបធៀបនឹងខែមុន។
លោកបានមានប្រសាសន៍បន្តថា ការធ្វើដំណើរតាមផ្លូវអាកាសតាមរយៈអាកាសដ្ឋានអន្តរជាតិភ្នំពេញបានបង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់។លោកអះអាងថា “ជាធម្មតា ជើងហោះហើរកម្ពុជាបានកើនឡើងក្នុងអត្រាជាមធ្យមប្រហែល១០ភាគរយក្នុងមួយខែ។ ប៉ុន្តែក្នុងអំឡុងពេលព្រឹត្តិការណ៍ស៊ីហ្គេម អត្រាហោះហើរបានកើនឡើងជិត២៥ភាគរយ មានន័យថា វាកើនឡើង១៥ភាគរយបើប្រៀបធៀបនឹងខែមុន”។ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នឹងរៀបចំធ្វើឡើងនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី៥ដល់ទី១៧ ខែឧសភានេះ។ រាល់ការចំណាយ ក្នុងព្រឹត្តិការណ៍កីឡាគឺជាការចំណាយរបស់រដ្ឋាភិបាល រួមទាំងថ្លៃស្នាក់អាហាររបស់គណប្រតិភូ និងអត្តពលិកមកពីគ្រប់ប្រទេសចូលរួមការប្រកួត ក៏ដូចជាសំបុត្រចូលទស្សនាផងដែរ។
កម្ពុជា រំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥០ម៉ឺននាក់ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ នេះបើយោងតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។
លោកបានមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាផលិតផលទេសចរណ៍មួយដ៏សំខាន់ ដែលអាស៊ានបានចាត់ទុកជាព្រឹត្តិការណ៍ទេសចររបស់អាស៊ាន មិនមែនត្រឹមតែជារបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលរួមរបស់អាស៊ាន និងអាស៊ីអាគ្នេយ៍ទាំងមូល។លោកបានបញ្ជាក់ថា ឥទ្ធិពលនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេម នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ រហូតដល់ឆ្នាំ២០២៤-២០២៥ និងឆ្នាំ២០២៦ ជាបន្តបន្ទាប់ទៀត៕