ប្រជាពលរដ្ឋខ្មែរស្រក់ទឹកភ្នែករំភើបចំពោះការប្រារព្ធពិធីបើក កីឡាស៊ីហ្គេមលើកទី៣២នៅរាជធានីភ្នំពេញ

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ សម្លេងទះដៃ ស្រែកជ័យឃោស នៅក្នុងពហុកីឡដ្ឋានមរតកតេជោ បានបន្លឺឡើងតាំងពីពេលរសៀល រហូតដល់ចប់កម្មវិធី ស្របពេលសម្លេងកាំជ្រួច បានបន្លឺកងរំពងប្រណាំងគ្នា នឹងសម្លេងហោរ និងស្នូទះដៃដ៏ក៏ក្រើកពហុកីឡដ្ឋាន។ក្រោមវត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេ​ចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនប្រធានកាកបាតក្រហមកម្ពុជា ប្រធានាធិបតីឡាវ សម្តេចក្រឡាហោមស ខេង សម្តេចពិជ័យសេនាទៀ បាញ់ និងឥស្សរជនជាន់ខ្ពស់កម្ពុជា ជាច្រើនរូបទៀត។

ទស្សនីយភាព នៅក្នុងពិធីបើកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បន្លឺភ្លើងព៌ណ ដោយប្រើប្រាស់បច្ចេកវិទ្យាដ៏អស្ចារ្យ និងចុងក្រោយបង្អស់នេះ បានញាំងឲ្យពហុកីឡដ្ឋានមរតកតេជោ ពោរពេញដោយទស្សនីយភាពដ៏ល្អឯក រសរវើក និងមិននឹកស្មានដល់។

ជាមួយការបន្លឺបទចម្រៀង “ពង្សសាវតាខ្មែរ” ទស្សនិកជនជាច្រើន ដែលបានចូលរួមទស្សនាពេញពហុកីឡដ្ឋាន ដែលមានរហូតដល់ប្រមាណ៥០០,០០០នាក់ (នៅក្នុង និងក្រៅពហុកីឡដ្ឋាន) មានអារម្មណ៍រំភើប និងអ្នកខ្លះបានស្រែកនូវពាក្យ “Cambodia, Cambodia . Cambodia ជាមួយសម្លេងអួលអាក់ និងស្រក់ទឹកភ្នែក។ទស្សនីយភាព ដែលបានចាប់ផ្តើមរៀបរាប់ ពីការកកើតទឹកដីខ្មែរ នគរគោកធ្លក ការជួបគ្នារវាងនាងនាគ និងព្រះថោង ការបង្ហាញនូវមោទកភាពជាតិ តាមរយៈមរតកបេតិកភ័ណ្ឌ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន គឺប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ប្រាសាទបាយ័ន និងមរតកវប្បធ៌មអរូបិយ ដូចជារបាំអប្សរា ល្ខោនខោល ល្ខោនស្បែកធំ និងក្បាច់គុនល្បុកតោ ជាដើម សុទ្ឋតែបានបង្ហាញនូវភាពរំភើប លា​យឡំនូវអារម្មណ៍មោទកភាពជាតិ។

អ្វីកាន់តែពិសេសប្រវត្តិសាស្រ្តមួយទៀត ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននូវមរតកថ្ងៃ៧មករា និងការកសាងបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ របស់សម្តេ​​ចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានលើកយកមកបង្ហាញផងដែរ។

លោកសេង មនោ អាយុជាង៦០ឆ្នាំ ដែលបានអង្គុយនៅផ្នែកខាងលើជាន់ទី៣ នៃពហុកីឡដ្ឋានមរតកតេជោ នៅចំណុចច្រកក្លោងទ្វារលេខ៣០៧ បានមានប្រសាសន៍លាយឡំ ដោយទឹកភ្នែករលីង​រលោងថា “វាពិតជាអស្ចារ្យណាស់ ខ្ញុំមិនដែលបានជួប និងចូលទស្សនាព្រឹត្តិការណ៍ធំបែបនេះទេ”។

លោកបន្តថា ព្រឹត្តិការណ៍ធំបែបនេះ យើងមិនបានរៀបចំទេ តាំងពីសម័យសង្គមរាស្រ្តនិយម សម័យពុល ពត សម័យសាធារណៈរដ្ឋខ្មែរ និងសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា។លោកមនោបានបន្តទៀតថា “អ្នកកសាងប្រវត្តិសាស្រ្តកំពុងឈរលើឆាក(សំដៅសម្តេចតេជោ) យើងពិតជាមានមោទកភាព ជាមួយគាត់ណាស់”។
ចំណែកអ្នកស្រីអ៊ុយ ហ៊ាងដែលបាននាំកូន ស្វាមី និងសាច់ញាតិជាច្រើនទៅទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ និងបានអង្គុយជិតលោ​កមនោ បានមាន​ប្រសាសន៍ឲ្យដឹងផងដែរថា អ្នកស្រីបានមកទីនេះ ជាលើកដំបូង ព្រោះតាំងពីពហុកីឡដ្ឋាននេះសាងសង់រួច មិនដែលបានមកទេ ប៉ុន្តែការមកដល់ទីនេះថ្ងៃនេះ មិនធ្វើឲ្យអ្នកស្រីខកចិត្តទេ។

អ្នកស្រីបន្តថា “ខ្ញុំគិតថាកម្មវិធីនេះ ពិតជាល្អណាស់ ខ្ញុំមិនដែលឃើញការរៀបចំបែបនេះទេ វាជាអ្វីថ្មី ដែលមិនធ្លាប់ឃើញពីមុនមក ពិសេសការរៀបចំស្លាយ និងពន្លឺភ្លើងព៌ណដ៏អស្ចារ្យ ពិតជារំភើបណាស់”។ជាមួយគ្នានេះ អ្នកស្រីសុខ ចាន់ណាក់ ដែលបានអង្គុយទស្សនាព្រឹត្តិការណ៍នេះពីផ្ទះ ដោយសារមិនទទួលបានសំបុត្រ ទៅទស្សនាផ្ទាល់នៅពហុកីឡដ្ឋានមរតកតេជោ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរភាគច្រើន បងប្អូន អ្នកស្រី ដែលបានអង្គុយទស្សនាព្រឹត្តិ​ការណ៍នេះ មានអារម្មណ៍មោទនភាពខ្លាំងណាស់ ចំពោះការប្រារពពិធីបើកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

អ្នកស្រីប​ន្តថា “ខ្ញុំរំភើបណាស់ ខ្ញុំស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន មិននឹកស្មានថា កម្ពុជាអាចរៀបចំពិធីដ៏អស្ចារ្យបានបែបនេះទេ”។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់ ដែលបានចូលរួមទស្សនា ព្រឹត្តិការណ៍បើកស៊ីហ្គេមផ្ទាល់នៅពហុកីឡដ្ឋាន មរតកតេជោបានលើកឡើងថា លោកមានអារម្មណ៍រំភើប និងរលីងរលោងទឹកភ្នែក តាំងពីលឺបទ “ពង្សសាវតាខ្មែរបន្លឺឡើង”។

លោកបន្តថា “អ្នកប្រវត្តិសាស្រ្តបាន និងកំពុងចារទុកពីរឿងនេះ ពីព្រឹត្តិការណ៍ដ៏អស្ចារ្យ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្រោមរជ្ជ​កាលរបស់សម្តេ​ចតេជោ ដែលបានកសាងសន្តិភាព អភិវឌ្ឍន៍ប្រទេ​សពីបាតដៃទទេ រហូតកម្ពុជាមានមុខមាត់ស្មើភាព និងល្បីរន្ទឺលើឆាកអន្តរជាតិ”។

លោកយិន លាងគង់បន្តថា អំណាចនៃសន្តិភាព និងការរួបរួម មានតម្លៃជាព្រលឹងរបស់ជាតិ មានតម្លៃជាមោទកភាពជាតិ ដែលខ្ញុំក្នុងនាមជាពលរដ្ឋមួយរូប ពិតជាមានសំណាង និងមោទកភាពក្រៃលែង ដែលបានកើតក្នុងរជ្ជកាលនេះ”។ លោកបន្តថា “សម្តេចតេជោ ជាអ្នកក្រាលព្រំមាស សម្រាប់កម្ពុជាបច្ចុប្ប​ន្ន និងអនាគត ដែលក្នុងប្រវត្តិសាស្រ្តជាតិ៥០០ឆ្នាំកន្លងមក មិនមានមេដឹកនាំណាបានក្រាលវិថីមាសសម្រាប់ជាតិ ជាមួយចក្ខុវិស័យដ៏មុតស្រួចបែបនេះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here