ដោយ: គង់ លាងហួរ
សៀងហៃ: អាជីវកម្មទេសចរណ៍របស់ប្រទេសចិន ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកខែឧសភា បានស្ទុះងើបឡើងវិញដល់កម្រិតមុនកូវីដ ខណៈចំនួននៃការធ្វើដំណើរកំសាន្ត ក្នុងស្រុកបានកើនឡើង៧០,៨%ធៀបនឹងឆ្នាំមុន។
ប្រសិនបើមាននិរន្តរភាព ការស្ទុះងើបឡើងវិញនៃវិស័យសេវាកម្មអាចបន្ធូរបន្ថយ ការព្រួយបារម្ភដែលថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិន ក្រោយជំងឺរាតត្បាតកំពុងបាត់បង់សន្ទុះ ដោយសារទីផ្សារអចលនទ្រព្យនៅតែទន់ខ្សោយ ហើយការនាំចេញប្រឈមមុខនឹងបញ្ហា។
ក្នុងអំឡុងពេលនៃការធ្វើដំណើរទាំងនេះ ភ្ញៀវទេសចរចិនបានចំណាយប្រាក់សរុបចំនួន១៤៨ពាន់លានយ័ន (ប្រហែល២១,៤២ពាន់លានដុល្លារ) ពោលគឺកើនឡើង១២៨,៩ភាគរយ ធៀបនឹងឆ្នាំមុន ហើយស្មើនឹងកម្រិត២០១៩។
-->
តួលេខពីថ្ងៃឈប់សម្រាកខែឧសភាឆ្នាំនេះ ដែលជារដូវកាលធ្វើដំណើរដំបូងចាប់តាំងពីជំងឺកូវីដ ដោយគ្មានការរឹតបន្តឹង កំពុងត្រូវបានត្រួតពិនិត្យជារង្វាស់ នៃសុខភាពសេដ្ឋកិច្ចរបស់ប្រទេសចិន។
ទីភ្នាក់ងារព័ត៌មាន Xinhua ផ្លូវការបានរាយការណ៍ថា ការរីកដុះដាលនៃការធ្វើដំណើរ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ខែឧសភាអាចត្រូវបានគេមើលឃើញថា ជាចំណុចរបត់នៃវិស័យទេសចរណ៍របស់ប្រទេសចិន។
សារពត៌មានចិន Xinhua បានឱ្យដឹងទៀតថា បណ្ឌិត្យសភាទេសចរណ៍ចិនបានប៉ាន់ប្រមាណថា ការធ្វើដំណើរកំសាន្តទេសចរ ណ៍ ក្នុងស្រុកប្រហែល៤,៥៥ពាន់លាន នឹងត្រូវបានធ្វើឡើងនៅឆ្នាំនេះ ដែលនឹងកើនឡើង៧៣ភាគរយ ធៀបនឹងឆ្នាំ២០២២។
ក្រសួងវប្បធម៌ និងទេសចរណ៍បានអះអាងថា ខ្លួនបានចាប់ផ្តើមយុទ្ធនាការរយៈពេលមួយខែ ក្នុងអំឡុងពេលវិស្សមកាល ដើម្បីលើកកម្ពស់ការធ្វើដំណើរក្នុងស្រុក និងការកម្សាន្ត ហើយរដ្ឋបាលក្នុងតំបន់ក៏កំពុងខិតខំប្រឹងប្រែង ដើម្បីបង្កើនការប្រើប្រាស់ផងដែរ៕