ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការរួមអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន នាពេលខាងមុខ ក្នុងទឹកដីអង្គរនៃខេត្តសៀមរាប ក្រោមការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ក្នុងការរៀបចំរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារអភិវឌ្ឍន៍អាស៊ី (ABD)។
លោក តូច ចាន់កុសល រដ្ឋមន្ត្រីស្ដីទីនៃក្រសួងសាធារណការ និងដឹកជញ្ជូននៅក្នុងជំនួបពិភាក្សាទ្វេភាគី ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះបានឱ្យដឹងថា កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ និងធ្វើជាប្រធាន បន្តវេនតាមលំដាប់អក្សរឡាតាំង នូវកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការរួមសម្រាប់អនុវត្តកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្រោមក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (GMS-CBTA) និងកិច្ចប្រជុំគណៈកម្មាធិការជាតិសម្រួលការដឹកជញ្ជូនឆ្លងដែន។
លោកបន្តថា ភាគីទាំងពីរ (ក្រសួងសាធារណៈការ និងដឹកជញ្ជូន និង (ADB) បានជជែកពិភាក្សាលម្អិតលើការបែងចែកការទទួលខុសត្រូវ និងរបៀបវារៈដើម្បីត្រៀមរៀបចំកិច្ចប្រជុំនេះឱ្យមានភាពរលូន និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការអនុវត្តកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្នុងក្របខ័ណ្ឌមហាអនុតំបន់ មេគង្គ (7th JC GMS CBTA)។
បន្ទាប់ពីការចូលជាធរមាននូវកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់ព្រំដែន (CBTA) ក្នុង ឆ្នាំ២០១៥ ក្រុមរដ្ឋមន្ត្រីមហាអនុតំបន់មេគង្គ បានពិភាក្សាលើបែបបទសម្រាប់អនុវត្តឱ្យ បានពេញលេញដែលក្នុងនោះ រួមមាន ការផ្តល់និងចេញលិខិតអនុញ្ញាតដឹកជញ្ជូនឆ្លងកាត់ព្រំដែនទៅឱ្យប្រតិបត្តិករ ឆ្លងដែនដែលជាវិធានការ/បទបញ្ញត្តិបន្ទាន់សម្រាប់អនុវត្តកិច្ចព្រមព្រៀង CBTA។ ការធ្វើបច្ចុប្បន្នភាពបទបញ្ញត្តិនៃមាត្រា CBTA និងទិសដៅបន្ត រាប់បញ្ចូលទាំងថា តើធ្វើដូចម្តេចដើម្បីធានាថាCBTA ជាកិច្ចព្រមព្រៀងមួយមានសារៈសំខាន់ និងពេលវេលាជាក់លាក់សម្រាប់ការអនុវត្ត CBTA ឱ្យបានពេញលេញ៕