សម្តេចតេជោ៖ប្រគល់ភាពជោគជ័យ និងសមិទ្ធផលនៃការរៀបចំស៊ីហ្គេមជូនប្រជាជាតិកម្ពុជា

0

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ជោគជ័យដែលបានពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម មិនមែនជាកម្មសិទ្ធិរបស់សម្ដេចតេជោ ឬរបស់រាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជានោះទេ តែជាសមិទ្ធផលរបស់ប្រជាជាតិកម្ពុជាទាំងមូល។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ​សិក្សាផ្នែកកសិកម្មជាង៣ពាន់នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

គួរជម្រាបថា កម្ពុជាបាននិងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងត្រៀមរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅដើមខែមិថុនាខាងមុខទៀតដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលដ្ឋានដែលកម្ពុជាបានកសាងសម្រាប់ព្រឹត្តិការណ៍កីឡាទាំងនេះ គឺជាមរតកសម្រាប់កូនចៅជំនាន់ក្រោយទាំងអស់គ្នា។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ជោគជ័យដែលបានពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ មិនមែនជាកម្មសិទ្ធិរបស់សម្ដេចតេជោ ឬរបស់រាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជានោះទេ តែជាសមិទ្ធផលរបស់កម្ពុជាទាំងមូល ក៏ដូចជាប្រជាជាតិអាស៊ានផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា «មនុស្សប្រហែល៨០%ក្ដុកក្ដួលស្រក់ទឹកភ្នែកនៅពេលឃើញព្រឹត្តិការណ៍បើកស៉ីហ្គេម ស្រក់ទឹកភ្នែកនេះមិនមែនកើតទុក្ខនោះទេ តែដោយសារមោទនភាពជាតិ។ នេះមិនមែនរបស់ ហ៊ុន សែន ឬរបស់រាជរដ្ឋាភិបាល ឬគណបក្សប្រជាជនទេ តែជារបស់មនុស្សទាំងអស់»

បើតាមសម្ដេចតេជោ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលភាគីចិនជួយកសាង ក្នុងតម្លៃប្រមាណ១៥០លានដុល្លារនេះ នៅតែជាកន្លែងសម្រាប់ការប្រកួតកីឡាសម្រាប់កីឡាករកម្ពុជា និងការប្រកួតក្នុងតំបន់ ឬការប្រកួតអន្តរជាតិដទៃទៀត ហើយក៏នឹងក្លាយជាកន្លែងកម្សាន្តសម្រាប់ទេសចរទូទៅផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here