ដោយវុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញសក្តានុពលវិនិយោគកម្ពុជា និងជំរុញធុរជន មកពីតំបន់កំពង់ផែឡូសអែនជឺលេស សហរដ្ឋអាមេរិក ធ្វើការវិនិយោគកែច្នៃ និងអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃកសិផលខ្មែរ ទៅជាផលិតផលម្ហូបអាហារ និងទំនិញប្រើប្រាស់ផ្សេងៗ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
នៅក្នុងជំនួបជាមួយប្រតិភូធុរជនអាមេរិក ដឹកនាំដោយ លោក Norman Arikawa ជំនួយការនាយកផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម ប្រចាំតំបន់កំពង់ផែឡូសអែនជឺលេស ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ទី២៤ ខែមករា ឆ្នាំ២០១៩កន្លងមកនេះ លោកប៉ាន សូរស័ក្តិ បានពន្យល់ពីសក្តានុពលនៃវិស័យកសិកម្ម និងកម្មន្តសាល ដែលវិនិយោគិនបរទេស អាចទាញយកប្រាក់ចំណេញខ្ពស់ ពីការកែច្នៃវត្ថុធាតុដើម ទៅជាទំនិញប្រើប្រាស់ និងនាំចេញទៅកាន់ប្រទេសទីបី។
លោករដ្ឋមន្ត្រីបន្តថា «កម្ពុជាសម្បូរទៅដោយភោគផលជាច្រើនដូចជា ស្រូវ និងដំឡូងមី ប៉ុន្តែយើងត្រូវការវិនិយោគិន ជួយកែច្នៃកសិផលទាំងនេះ ទៅជាទំនិញប្រើប្រាស់ និងផលិតផលសម្រេច ហើយលោកអ្នកក៏អាចដាក់ទុនផលិតសម្លៀកបំពាក់ និងកាបូបដាក់សម្ភារៈធ្វើដំណើរ ដើម្បីនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ» ។
លោក ប៉ាន សូរស័ក្តិ ក៏បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគិន តាមរយៈការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ, ការដាក់ចេញនូវគោលនយោបាយវិនិយោគ និងបើកចំហរល្អជាងគេនៅក្នុងតំបន់ រួមជាមួយការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជាព្រលានយន្តហោះ កំពង់ផែអន្តរជាតិ តំបន់សេដ្ឋកិច្ចពិសេស ផ្លូវល្បឿនលឿន និងផ្លូវដែក ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងលើកកម្ពស់វិស័យទេសចរណ៍ ជាដើម។
លោក Norman Arikawa បានសម្តែងក្តីរំភើបចំពោះវឌ្ឍនភាព និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលបានពន្យល់ពីគោលនយោបាយរបស់រដ្ឋាភិបាល និងចែករំលែកនូវព័ត៌មានល្អៗ ទាក់ទិននឹងឱកាសវិនិយោគលើវិស័យសំខាន់ៗនៅក្នុងប្រទេសកម្ពុជា។
លោកប្រធានប្រតិភូរូបនេះ ក៏បានសន្យានឹងជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជា ទៅកាន់តំបន់កំពង់ផែឡូសអែនជឺលេស ដើម្បីកៀងគរធុរជនអាមេរិក ឱ្យចូលមកបណ្តាក់ទុនកាន់តែច្រើនកម្ពុជា សំដៅចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕