សម្តេចតេជោអរគុណមិត្តចិនដែលជួយសាងសង់ពហុកីឡដ្ឋាន និងឧទ្ទិសជោគជ័យនៃការរៀបចំស៊ីហ្គេមជូនប្រជាជាតិ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់អំណោ​យនូវពហុកីឡដ្ឋានមរតកតេជោ ដ៏ស្រស់ស្អាត និងរឹងមាំ ដែលជាឱកាសសម្រាប់កម្ពុជារៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម។

សម្តេចតេជោ ថ្លែងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ សិក្សាផ្នែកកសិកម្មជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ម្សិលម៉ិញនេះ។

សម្តេចតេជោបានបញ្ជាក់ថា ខ្ញុំផ្ញើជូនប្រជាជនចិន ជាពិសេសចំពោះឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង នូវការអរគុណដែលឯកឧត្តម ក៏ដូចជាប្រជាជនចិន ដែលបានផ្តល់ជាអំណោយនូវស្តាតដ៏ស្រស់ស្អាត និងរឹងមាំ ប្រកបដោយសោភ័ណ្ឌភាព ដែលជាឱកាសឱ្យកម្ពុជាមានមុខមាត់ ក្នុងការបើកស៊ីហ្គេម ឆ្នាំ២០២៣”។

ទន្ទឹមគ្នានេះ សម្តេចបានអរព្រះគុណ ព្រះករុណា ព្រះបីតាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលព្រះអង្គទុកជាកេរ្តិ៍មរតក ដល់កូនចៅធ្វើជាកន្លែង នៃការប្រកួតស៊ីហ្គេម បន្ទាប់ពី៦៤ឆ្នាំមុនដែលព្រះអង្គបានធ្វើនៅទីនោះ និងព្រះមហាក្សត្រ ព្រមទាំងហ្លួងម៉ែ ដែលបានផ្ញើជាសារសំឡេងកោតសរសើរ ចំពោះរាជរដ្ឋាភិបាល។

ជាមួយគ្នានេះ សម្តេចបាន ថ្លែងអំណរគុណប្រទេសនានាជាសមាជិកអាស៊ាន ដែលបានបញ្ជូនកីឡាករកីឡាការិនី មកចូលរួមប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា និងផ្តល់ការគាំទ្រ ដល់កម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍ស៊ីហ្គេម បានធ្វើឱ្យសម្តេចរំជួលចិត្ត និងស្រក់ទឹក រំភើប មិននឹកស្មានកម្ពុជាមានថ្ងៃនេះឡើយ។

សម្តេចតេជោសង្ឃឹមថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ នឹងបញ្ចប់ដោយជោគជ័យ និងមានសុវត្ថិភាពទាំងអស់។

សម្ដេចតេជោបានអះអាងថា ជោគជ័យដែលបានពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម មិនមែនជាកម្មសិទ្ធិរបស់សម្ដេចតេជោ ឬរបស់រាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជានោះទេ តែជាសមិទ្ធផលរបស់ប្រជាជាតិកម្ពុជាទាំងមូល។កម្ពុជាបាននិងកំពុងធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងត្រៀមរៀបចំការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅដើមខែមិថុនាខាងមុខទៀតដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលដ្ឋានដែលកម្ពុជាបានកសាងសម្រាប់ព្រឹត្តិការណ៍កីឡាទាំងនេះ គឺជាមរតកសម្រាប់កូនចៅជំនាន់ក្រោយទាំងអស់គ្នា។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា “ជោគជ័យដែលបានពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ មិនមែនជាកម្មសិទ្ធិរបស់សម្ដេចតេជោ ឬរបស់រាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជានោះទេ តែជាសមិទ្ធផលរបស់កម្ពុជាទាំងមូល ក៏ដូចជាប្រជាជាតិអាស៊ានផងដែរ”។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា មនុស្សប្រហែល៨០%ក្ដុកក្ដួលស្រក់ទឹកភ្នែក នៅពេលឃើញព្រឹត្តិការណ៍បើកស៊ីហ្គេម ស្រក់ទឹកភ្នែកនេះ មិនមែនកើតទុក្ខនោះទេ តែដោយសារមោទនភាពជាតិ។ នេះមិនមែនរបស់ ហ៊ុន សែន ឬរបស់រាជរដ្ឋាភិបាល ឬគណបក្សប្រជាជនទេ តែជារបស់មនុស្សទាំងអស់”។

សម្ដេចតេជោបានបង្ហើបឲ្យដឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលភាគីចិនជួយកសាង ក្នុងតម្លៃប្រមាណ១៥០លានដុល្លារនេះ នៅតែជាកន្លែង សម្រាប់ការប្រកួតកីឡា សម្រាប់កីឡាករកម្ពុជា និងការប្រកួតក្នុងតំបន់ ឬការប្រកួតអន្តរជាតិដទៃទៀត ហើយក៏នឹងក្លាយជាកន្លែងកម្សាន្តសម្រាប់ទេសចរទូទៅផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here