រាជធានីភ្នំពេញកសាងបណ្តាញភ្ជាប់ជាមួយទីក្រុងនៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីជួបពិភាក្សាការងារនិងចុះហត្ថលេខា លើកិច្ចព្រមព្រៀងដៃគូសហការ ស្តីពីការិយាល័យប្រចាំតំបន់ នៃបណ្តាញទីក្រុងអាស៊ីអាគ្នេយ៍ មានមូលដ្ឋាននៅសាលារាជធានីភ្នំពេញ។

កម្មវិធីនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា និងជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការ។

លោកឃួង ស្រេង បានលើកឡើងថា ការអភិវឌ្ឍរីកចំរើនរបស់រាជធានីភ្នំពេញ គឺមិនអាចផ្តាច់បានពីការចូលរួម ជួយឧបត្ថមគាំទ្រពីប្រទេសបារាំងបានឡើយ ដោយតាមរយៈសមាគមន៍អន្តរជាតិអភិបា​លក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។ មួយវិញទៀត បារាំងក៏បានជួយដល់រាជធានីភ្នំពេញជាច្រើនផងដែរ។ យ៉ាងណាម៉ិញ រាជធានីភ្នំពេញនឹងខិតខំសិក្សា ស្វែងយល់បទពិសោធន៍ ពីបណ្តាទីក្រុងផ្សេងទៀតលើពិភពលោក ដើម្បីយកមកអភិវឌ្ឍន៍រាជធានីភ្នំពេញ អោយកាន់តែរីកចំរើនបន្ថែមទៀត។

លោកស្រី អារីយ៉ាណា អាដេហ្ស៊ី បានលើកឡើងថា រាជធានីភ្នំពេញ បានសហការជាមួយសមាគមន៍អន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានយ៉ាងសំបូរបែប។ នៅរយៈពេល ២ខែទៀតទេ យើងនឹងបើកសម្ពោធស្ថានីយប្រព្រឹត្តកម្ម សំណល់ភក់បង្គន់ទី១ នៅរាជធានីភ្នំពេញ ដែលមានទីតាំង នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំពូល រាជធានីភ្នំពេញ។

ទស្សនកិច្ចការងាររបស់សមាគមន៍អន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) មានគោលបំណងចំនួនពីរដូចជា ទី១ សម្ភោធសមិទ្ធិផលនៃគម្រោងនានា ដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងសមាគមន៍អន្តរជាតិក្រុងប្រើភាសាបារាំង ដែលរួមមាន៖- ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ នៅរាជធានីភ្នំពេញ ដែលមានទីតាំងនៅ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំពូល រាជធានីភ្នំពេញ។

-ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នៃគម្រោងដែលជាហិរញ្ញប្បទានរួមរវាងរដ្ឋបាលរាជធានីភ្នំពេញ សមាគមន៍ AIMF រដ្ឋបាល រដ្ឋធានីប៉ារីស និងសហភាពអឺរ៉ុប ដែលមានទីតាំងនៅតាមប្រឡាយស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ២. រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីស្នាក់ការនៅ សាលារាជធានីភ្នំពេញ។

ចាប់ពីដើមឆ្នាំ២០២០មក គម្រោងក្រោមកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងសមាគមន៍ AIMF កំពុងអនុវត្ត គឺសមាគមន៍អន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) បានរៀបចំឱ្យមានការិយាល័យ ប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន ដែលមានទីតាំងស្ថិតនៅអគារនៃរដ្ឋបាលរាជធានីភ្នំពេញ។

ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការតាក់តែងឯកសារផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ស្តីពីទីក្រុងឆ្លាត និងមានចីរភាពរបស់រាជធានីភ្នំពេញ ឆ្នាំ២០២២-២០៣៥។ រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមន៍អន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេស ក្នុងទំហំទឹកប្រាក់ចំនួន១៤៣.៥០០,០០អឺរ៉ូ ក្នុងគោលបំណងចូលរួមលើកកម្ពស់សមត្ថភាព អនុវត្តការងារមួយចំនួនដូចជា៖ ការរៀបចំលំហូរសាធារណៈក្នុងទីក្រុង ការកែលម្អអនាម័យ និងការគ្រប់គ្រងកែច្នៃសំណល់ភក់បង្គន់ ការគ្រប់គ្រងហានិភ័យ និងការត្រៀម​ខ្លួនទល់នឹងគ្រោះទឹកជំនន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here