ដោយ: គង់ លាងហួរ
សៀមរាប: អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលមានសមត្ថភាពអាច ផ្ទុកអ្នកដំណើរបាន១០លាននាក់ នៅឆ្នាំ២០២៤ ត្រូវបានគេរំពឹងថា នឹងបើកដំណើរការស្វាគមន៍ ជើងហោះហើរនៅខែតុលាខាងមុខនេះ។
ព្រលានយន្តហោះតម្លៃ៨៨០លានដុល្លារ ដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីកណ្តាលក្រុងសៀមរាប ស្ថិតក្នុងស្រុកសូទ្រ និគម ត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគ Angkor International Airport Investment។
យោងតាមលោក ថោង រដ្ឋស័ក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានឱ្យដឹងថា អាកាសយានដ្ឋានសៀមរាបថ្មីនេះ គឺជាប្រភេទ 4E ដែលអាចផ្ទុកយន្តហោះដឹកអ្នកដំណើរបានទាំងអស់។
ព្រលានយន្តហោះនេះ លាតសន្ធឹងលើផ្ទៃដីទំហំ១.៧០០ហិកតា និងមានច្រកទ្វារអ្នកដំណើរចំនួន៣៨ ដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យាថ្មីចុងក្រោយគេបង្អស់ សម្រាប់ការពារសុវត្ថិភាពជូនដល់អ្នកដំណើរ។
ទីតាំងរបស់អាកាសយានដ្ឋានថ្មី ដែលមានចម្ងាយឆ្ងាយពីប្រាសាទអង្គរវត្តមួយនេះ ត្រូវបានជ្រើសរើសឡើង ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលកើតចេញមកពីព្រលានយន្តហោះ ទៅលើរចនាសម្ព័ន្ធចាស់។
មុនពេលផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ អាកាសយានដ្ឋានចាស់ដែលមានស្រាប់ បានទទួលភ្ញៀវអន្តរជាតិចំនួន១,៧លាននាក់ក្នុងឆ្នាំ២០១៩ ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរ បានរហូតដល់២លាននាក់។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានថ្លែងថា អាកាសយានដ្ឋានសៀមរាបថ្មីនេះ នឹងអាចធ្វើឱ្យមានការតភ្ជាប់ផ្លូវអាកាសកាន់តែច្រើនបន្ថែមទៀត ទៅកាន់ផ្នែកផ្សេងទៀតនៃតំបន់។
លោកស្រីបានព្យាករណ៍ថា “ការអភិវឌ្ឍតំបន់ជុំវិញព្រលានយន្តហោះនឹងមានការរីកចម្រើន ដូចជាការបង្កើតផលិតផល និងសេវាកម្មថ្មីៗដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរ”។លោកស្រីបន្តថា “ លើសពីនេះ ឱកាសការងារក៏នឹងកើនឡើងក្នុងខេត្តសៀមរាប និងតំបន់ជិតៗនោះ ដែលអាចជួយជំរុញដល់សេដ្ឋកិច្ចក្នុងស្រុកផងដែរ”។
លោកស្រីឆាយ ស៊ីវលីនបានបន្តថា អាកាសយានដ្ឋានថ្មីនេះនឹងអាចគ្រប់គ្រងយន្តហោះធំៗជាងមុន ផ្ទុកអ្នកដំណើរបានកាន់តែច្រើន និងមានសេវាកម្មសម្រាប់ផ្គត់ផ្គង់ដល់អ្នកដំណើរក្នុងពេលពួកគេរង់ចាំឡើងលើយន្តហោះ។
លើកឡើងស្រដៀងគ្នានេះ លោកធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា(PATA) Cambodia Chapter បានមានប្រសាសន៍ថា “ប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុក នោះវាអាចបង្កើនចំនួនជើងហោះហើរជាមួយនឹងការតភ្ជាប់ផ្លូវអាកាសអន្តរជាតិ កាន់តែច្រើនបន្ថែមទៀត”។
លោកបានបន្ថែមថា “ប្រសិនបើអាកាសយានដ្ឋានថ្មីនេះ អាចនាំមកនូវការតភ្ជាប់ផ្លូវអាកាសកាន់តែច្រើន ទៅកាន់ខេត្តសៀមរាប លោកជឿជាក់ថា វានឹងនាំវិស័យទេសចរណ៍របស់កម្ពុជា ឆ្ពោះទៅកាន់កម្រិតបន្ទាប់ ក៏ដូចជាការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច នៅក្នុងតំបន់ផងដែរ”៕