រដ្ឋាភិបាលជប៉ុន អនុម័តគម្រោងសាងសង់កាស៊ីណូខ្នាតយក្សដំបូងក្នុងប្រវត្តិសាស្ត្រ យកលំនាំតាមសិង្ហបុរី

0

សុខុម

តូក្យូ: ការសាងសង់កាស៊ីណូនៅក្នុងប្រទេសនានាគឺជារឿងធម្មតាទៅហើយដើម្បីទាក់ទាញភ្ញៀវទេសចរ ប៉ុន្តែវាពិតជាគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលរដ្ឋាភិបាលនៃប្រទេសជប៉ុន បានអនុម័តគម្រោងសាងសង់កាស៊ីណូខ្នាតយក្សដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនកាលពីខែមេសា កន្លងទៅ។

គម្រោងកាស៊ីណូខ្នាតយក្សមានទម្រង់ជារីហ្សត ដែលនឹងសាងសង់ឡើងនៅក្នុងទីក្រុងអូសាកា (Osaka) នេះនឹងយកលំនាំតាមកាស៊ីណូ និងរីហ្សតក្នុងប្រទេសសិង្ហបុរី ដោយគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មាន NIKKEI Asia ចុះផ្សាយកាលពីថ្ងៃទី១៥ ខែមេសា។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានលើកឡើងថា រីហ្សតនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់កិច្ចប្រឹងប្រែងរបស់ប្រទេសជប៉ុន ក្នុងការប្រែក្លាយខ្លួនទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។ លោកគូសបញ្ជាក់ថា “រីហ្សតនេះនឹងរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ជាតិ”។

រីហ្សតនេះនឹងរួមមានសណ្ឋាគារ កន្លែងកម្សាន្ត និងសាលសន្និសីទព្រមទាំងកាស៊ីណូផងដែរ ប៉ុន្តែគ្មានការបញ្ជាក់ពីទំហំទុនវិនិយោគសម្រាប់គម្រោងនេះឡើយ។

កាស៊ីណូនឹងត្រូវសាងសង់នៅជាប់នឹងសន្និសីទអន្តរជាតិ និងសណ្ឋាគារប្រណីត។ តាមការប៉ាន់ប្រមាណ គម្រោងរីហ្សតខ្នាតយក្សនេះនឹងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តបានចំនួន២០លាននាក់ក្នុងមួយឆ្នាំ និងរកចំណូលបានរហូតដល់ទៅ៣,៨ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។

ប្រទេសជប៉ុន នឹងធ្វើការប្រកួតប្រជែងដើម្បីអូសទាញភ្ញៀវជាមួយបណ្ដាប្រទេសជិតខាងខ្លួនដូចជាប្រទេសសិង្ហបុរី ប្រទេសកូរ៉េខាងត្បូង និងកោះម៉ាកាវ នៃប្រទេសចិន ជាដើម ខណៈខ្លួនស្វះស្វែងពង្រឹងវិស័យទេសចរណ៍របស់ខ្លួន។

តែទោះជាយ៉ាងណា គម្រោងនេះត្រូវបានពន្យារសាងសង់បញ្ចប់រហូតដល់ឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៦ ខែឧសភា។

លោក Hirofumi Yoshimura ចៅហ្វាយក្រុងអូសាកា លើកឡើងថា គម្រោងនេះត្រូវបានពន្យារពេលបើកដំណើរការនៅឆ្នាំ២០៣០ ហើយការពន្យារពេលនេះនឹងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់គម្រោងរយៈពេលវែងឡើយ។

ថ្លែងក្នុងបទសម្ភាសន៍កាលពីថ្ងៃច័ន្ទ ទី១៥ ខែឧសភា លោកគូសបញ្ជាក់ថា “នឹងមានការងារដែលត្រូវធ្វើយ៉ាងច្រើន ប្រសិនបើចង់ឱ្យគម្រោងរីហ្សតនេះអាចបើកដំណើរការស្របគ្នានឹងពិព័រណ៍ Osaka-Kansai Expo ក្នុងឆ្នាំ២០២៥។ ប៉ុន្តែការពន្យារពេល៥ឆ្នាំនឹងមិនបង្កផលប៉ះពាល់ដល់គម្រោងខ្លាំងនោះទេ”៕ NIKKEI Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here