ដោយៈយិន លាងគង់អគ្គនាយកគេហទំព័រPropertyarea
ភ្នំពេញៈ រយៈពេល៦៤ឆ្នាំបានបញ្ចប់ ជាមួយសម្លេងកាំជ្រួច ស្នាមញញឹម ដំណក់ទឹកភ្នែកដ៏រំភើប និងនាំមកនូវសករាជថ្មី សម្រាប់ប្រជាជាតិកម្ពុជា “ជយោសន្តិភាព” “ជយោសម្តេចតេជោ ប្រទេសតូច បេះដូងធំ”។
ក្រោមសម្លេងស្រែកជ័យឃោស ស្នាមញញឹម និងសម្លេងក្តុកក្តួលទាំងពេលបើក និងបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ សម្តេចតេជោបានបន្លឺ សម្លេងជាមួយការអួលដើម ក ថា “ជយោព្រះរាជាណាចក្រកម្ពុជា ជយោសន្តិភាព” និង“កីឡារស់ក្នុងសន្តិភាព”។
ស្នាមញញឹមលាយដំណក់ទឹកភ្នែក
ស្នាមញញឹម និងទឹកភ្នែកដ៏រំជើបរំជួល បានហូរចេញពីកែវភ្នែកប្រជាពលរដ្ឋខ្មែរជាលើកទី២ ដែលលើកទី១ គឺហូរនៅពេលដែលប្រទេសជាតិ ត្រូវបានរំដោះចេញពីរបបវាលពិឃាត លើកទី២ ហូរនៅពេលពួកគេរំភើប និងរំជួលចិត្ត ដែលព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែលបានចាប់ផ្តើមពីថ្ងៃទី៥ ដល់១៧ឧសភា និងបានបញ្ចប់ទៅទាំងអាលោះអាល័យ និងបន្សល់នូវការចងចាំដ៏ជ្រាលជ្រៅ ក្នុងក្រអៅបេះដូងប្រជាជាតិ ដែលទើបស្គាល់ និងយល់ពីជីវិតស៊ីវិល័យនាពេលនេះ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងក្នុងសប្តាហ៍មុនថា ប្រជាពលរដ្ឋខ្មែរប្រមាណ៨០ភាគរយ មានអារម្មណ៍ក្តុកក្តួល និងហូរទឹកភ្នែក។
ពិតហើយអ្នកសាងប្រវត្តិសាស្រ្តដ៏អស្ចារ្យ អ្នករំដោះជាតិចេញពីរបបខ្មែរក្រហម អ្នកប្រើកណ្តាប់ដៃដែក ដើម្បីដាក់ចេញគោលនយោបាយឈ្នះ ឈ្នះ និងនាំមកនូវសុខសន្តិភាពពេញលេញ សម្រាប់ប្រទេសនៅឆ្នាំ១៩៩៨ អ្នកដាក់ចេញផែនការ គោលនយោបាយ និងចង្អុលបង្ហាញពីផែនការកសាងសេដ្ឋកិច្ច ដើម្បីរំដោះប្រទេសចេញពីភាពក្រីក្រ និងប្រែក្លាយប្រទេសជា “ខ្លាសេដ្ឋកិច្ចនៅអាស៊ី” ក៏ស្រក់ទឹកភ្នែកដែរ។
អ្នកកសាងប្រវត្តិសាស្រ្តប្រាំក្នុងពេលតែមួយ
ជាមួយនឹងទំនាក់ទំនង និងការដាក់ចេញយុទ្ឋសាស្រ្តកាទូតដ៏ប៉ិនប្រសព្វ បានធ្វើឲ្យកម្ពុជាលេចមុខមាត់លើឆាកអន្តរជាតិ តាមរយៈការដាក់ចេញគោលនយោបាយ សមាហរណកម្មប្រទេសចូលទៅក្នុងសមាគម អង្គការអន្តរជាតិធំៗ អំឡុងរាជរដ្ឋាភិបាលនិតិកាលទី៦ បានធ្វើឲ្យកម្ពុជាលេចមុខមាត់ និងស្មើភាពជាមួយបណ្តាប្រទេសធំៗ។
ជាមួយនឹងភាពប៉ិនប្រសព្វ និងពោរពេញដោយចក្ខុវិស័យដ៏វែងឆ្ងាយសម្តេច បានកសាងប្រវត្តិសាស្រ្តធំៗចំនួនបី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដោយ
ទី១. សម្តេចមិនយកថ្លៃសំបុត្រចូលទស្សនាការប្រកួត និងពីអត្តពលិក និងគ្រូបង្វឹកមកពីប្រទេសចំនួន១១ ដែលមានចំនួនជាង១១,០០០នាក់ ដែលបណ្តាប្រទេសនានាមិនធ្លាប់បានធ្វើពីមុនមក
ទី២. កម្ពុជាដណ្តើមបានមេដាយច្រើនជាងគេ លំដាប់ទី៤ ដែលក្នុងប្រវត្តិសាស្រ្តកីឡា កម្ពុជាមិនដែលសម្រេចបាន ទី៣. សម្តេចបានបន្សល់នូវការចងចាំដ៏ជ្រាលជ្រៅ និងការកោតសរសើរពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
ទី៤. សម្តេចបានសន្យល់នូវពហុកីឡដ្ឋានមរតកតេជោ ដែលជាពហុកីឡដ្ឋានថ្មី និងជាចំណងដៃដ៏ស្រស់ស្អាតពីមហាមិត្តចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា និងទី៥ សម្តេចបានបង្កើតនូវអ្វីដែលជាមោទកភាពជាតិ ដែលប្រជាជាតិកម្ពុជាមួយជំនាន់ មិនអាចបំភ្លេចបាន។
មូលដ្ឋាននៃការចងចាំ និងការឈានឡើង
តាមរយៈព្រឹត្តិការណ៍ដ៏គួរឲ្យរំភើបនេះ សម្តេចតេជោបានបន្សល់នូវគំរូ មិនត្រឹមសម្រាប់ជាតិនោះទេ ប៉ុន្តែសម្រាប់សហគមន៍អន្តរជាតិផងដែរ។
ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ស្របតាមស្តង់ដាអូឡាំពិកនេះ បានធ្វើឲ្យកេរ្ត៍ឈ្មោះកម្ពុជា លេចត្រដែតលើឆាកអន្តរជាតិ ហើយកម្ពុជាត្រូវបានបង្ហាញលើផែនទីក្នុងពិភពលោក ដែលនឹងនាំមកនូវភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែច្រើន មកទស្សនាកម្ពុជានាពេលអនាគត បើទោះជាប្រទេសមួយចំនួនក្នុងតំបន់ ព្យាយាមប្រើប្រាស់ស្ថាប័នសារព៌ត មានគ្មានក្រមសីលធ៌មវិជ្ជាជីវៈ សរសេរនិងផលិតវីដេអូ ដើម្បីបង្កាច់បង្ខូចពីកេរ្ត៍ឈ្មោះកម្ពុជាក្តី។
សប្បាយរីករាយទេ?
ជាមួយសម្លេងអូលដើមក សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៃការប្រារពពិធីបិទកីឡាស៊ីហ្គេម កាលពីល្ងាចថ្ងៃទី១៧ ឧសភាថា “បងប្អូនទាំងអស់គ្នាតើសប្បាយចិត្តទេ? តើនេះជាសមិទ្ឋផលរួមរបស់ប្រជាជនកម្ពុជាមែនទេ? តើនេះជាផ្នែកមួយនៃសាមគ្គីភាព មិត្តភាព ក្នុងចំណោមបណ្តាប្រទេសអាស៊ានមែនទេ? តើយើងចង់រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ២០៤៣ ម្ភៃឆ្នាំខាងមុខឬទេ?។
ពិតហើយព្រឹត្តិការណ៍ដ៏គួរឲ្យរំភើបនេះ មិនអាចមិននឹកឃើញឬបំភ្លេចអ្វីដែលមហាមិត្តចិន បានជួយកម្ពុជានោះទេ ពហុកីឡដ្ឋានដ៏ស្រស់ស្អាតនេះ ជាអំណោយដ៏សប្បុរសពីប្រជាជន និងរដ្ឋាភិបាលចិនជាមួយនិម្មិតសញ្ញានៃការផ្គុំដៃគ្នា ចេញជារូបសំពះ នៅលើចុងដងយោងទាំងពីរ ដែលតំណាងឲ្យការរួមរួម និងសាមគ្គីភាព។
សម្តេចតេជោបាន និងកំពុងបន្តឆក់យកបេះដូងប្រជាជាតិកម្ពុជា និងតំបន់ និងបានបន្សល់នូវការចងចាំមួយ ដែលពេលវេលាមិនអាចកាយកប់បាននូវវីរៈភាពដ៏មហស្ចារ្យរបស់លោក៕