តើព្រលានយន្តហោះថ្មីខេត្តសៀមរាបពិសេសបែបណា ខណៈពេលវេលាបើកដំណើរការហោះហើរត្រូវបានកំណត់រួច

0

ដោយៈ គង់ សូរិយា

        សៀមរាបៈ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខា​ធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថា បានបង្ហើបពីផែនការលំអិត ​និងនិតិវិធីនៃការសាកល្បងដំណើរការ ព្រលានយន្តហោះអន្តរជាតិថ្មី ខេត្តសៀមរាប។

លោកបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកា​លពីថ្ងៃទី១៦ ឧសភាថា ការតេស្តដំណើរការព្រលានយន្តហោះ ខេត្តសៀមរាបថ្មី មិនមែនជាការបើកដំណើរការ ព្រលានយន្តហោះទេ ប៉ុន្តែជាការតេស្តលើឧបករណ៍ ដែលយើងបានដំឡើងរួចសម្រាប់យន្តហោះ និងឧបករណ៍លើដី។

លោកបន្តថា “ដើម្បីឲ្យព្រលានយន្តហោះនេះ ដំណើរការបាន យើងត្រូវធ្វើតេស្តទាំងអស់ថា វាដំណើរការល្អ និងមានសុវត្ថិភាព”។​លោកបន្តថា “តាមការគ្រោងទុក ​និងការរៀបចំ ព្រលានយន្តហោះនេះនឹងបើកដំណើរការនៅខែតុលា ខាងមុខនេះបានដោយរលូន និងតាមការគ្រោងទុក ប្រសិនជាគ្មានការផ្លាស់ប្តូរ កាលវិភាគរបស់ប្រមុខរាជរដ្ឋាភិបាល”។

លោកស៊ិន ចាន់សិរីវត្ថាបានបញ្ជាក់បន្តថា មុនបើកដំណើរការ គឺយើងត្រូវធ្វើតេស្តទាំងអស់ លើវិស្វកម្មតេស្តហោះហើរ ឬការធ្វើដេម៉ូ គឺធ្វើដូចការដំណើរការព្រលានមែនទែនចឹង ដូចជា នៅពេលCheck in ឥវ៉ាន់ថ្លឹង រត់ត្រូវ និងតាមលំដាប់លំដោយឬទេជាដើម។

លោកបន្តថា “ការការបើកដំណើរការ ព្រលានយន្តហោះនេះ នឹងធ្វើឡើងនៅថ្ងៃទី១៦ តុលាខាងមុខនេះ ហើយដូចជាគ្មានឧបសគ្គឬបញ្ហាអ្វីទេ គឺធ្វើតាមកាលវិភាគបាន”។

ទាក់ទងនឹងសមត្ថភាពព្រលានយន្តហោះនេះ លោកស៊ិន ចាន់សិរីវុត្ថាបានបញ្ជាក់ថា ព្រលានយន្តហោះរបស់យើងលំដាប់4E គឺតាមស្តង់ដាទាំងអស់ហើយ បើទោះមិនទាន់ដល់កម្រិត4F គឺព្រលាន​យន្តហោះយើង អាចអនុញ្ញាត្តឲ្យយន្តហោះ ដែលអាចហោះហើរចម្ងាយ៣០០០ ទៅ៨០០០គីឡូម៉ែត្រអាចចុះចតបានទាំងអស់។

ការធ្វើតេស្តសាកល្បងហោះហើរ ( flight Validation ) នៅអាកាសយានដ្ឋាន អន្តរជាតិ សៀមរាបអង្គរ

លោកបន្តថា “យើងអាចទទួលយន្តហោះចុះចត ឬTransit បានទាំងអស់ ប៉ុន្តែកម្រិតនៃភាពទាក់ទាញកម្រិតណា យើងមិនហ៊ាងសន្និដ្ឋានបែបណានៅឡើយទេ វាអាស្រ័យលើការផ្សព្វផ្សាយរបស់ក្រុមហ៊ុន ក្រសួងទេសចរណ៍ និងដៃគូពាក់ព័ន្ឋ”។

លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ការបើកដំណើរការព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នឹងផ្តល់ផលប្រយោជន៍ដល់វិស័យទេសចរ​ណ៍ច្រើន ដោយសារជាព្រលានធំជាង ព្រលានយន្តហោះចាស់ និងមានFacilityច្រើន ដែលអាចទទួលបានយន្តហោះ និងភ្ញៀវទេសច​រណ៍បានច្រើនផងដែរ។

លោកស្រីបន្តថា “ព្រលាននេះ អាចតភ្ជាប់ជាមួយព្រលានដទៃទៀត ដែលហោះហើរជាលក្ខណៈអន្តរជាតិ ដែលទាក់ទាញការចុះចត និងអ្នកដំណើរអន្តរជាតិ ដែលចង់ហោះហើរផ្ទាល់មកកាន់កម្ពុជា”។

ជាមួយគ្នានេះ លោកធួន ស៊ីណានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATA) បានមានប្រសាសន៍ឲ្យដឹងផងដែរថា នៅពេលមានព្រលានយន្តហោះថ្មី យើងសង្ឃឹមថាក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះនេះ នឹងនាំយកការតភ្ជាប់ពីកម្ពុជា ទៅកាន់ពិភពលោក និងនាំយកក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ មកកាន់កម្ពុជាឲ្យបានកាន់តែច្រើន ព្រោះបើមានក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ មកកាន់តែច្រើន នឹងធ្វើឲ្យកម្ពុជាប្រែប្រួលមុខមាត់មួយកម្រិតទៀត។

លោកបន្តថា “ឧបសគ្គក្នុងវិស័យទេសចរណ៍របស់យើង មួយក្នុងចំណោមបី គឺការខ្វះការតភ្ជាប់ពីទីក្រុងធំៗ នៅលើពិភពលោកមកកាន់កម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here