ដោយៈ សហសេវិក
ភ្នំពេញៈ ក្នុងពេលពិភពលោកនៅតែមានភាពប្រែប្រូល និងចលាចល មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលធ្វើបានល្អជាងប្រទេសដទៃទៀត។
នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយ កាលពីសប្តាហ៍មុន មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញពីភាពអាប់អួរនៃសេដ្ឋកិច្ចធំៗទាំង ២០ របស់ពិភពលោក ដោយព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងមានត្រឹមតែ២,៩ភាគរយប៉ុណ្ណោះនៅឆ្នាំ២០៣០។
-->
ជាសំណាងល្អ កម្ពុជាមិនត្រូវបានជាប់គាំងនោះទេ ប៉ុន្តែការកើនឡើងនៃពន្ធគយ ភាពតានតឹងព្រំដែនជាមួយប្រទេសថៃ ឬការធ្លាក់ចុះយូរអង្វែងនៃអចលនទ្រព្យ អាចធ្វើឱ្យកំណើនធ្លាក់ចុះយ៉ាងខ្លាំង។
សេដ្ឋវិទូបានប្រាប់កាសែតខ្មែរថាមស៍ថា ខណៈដែលការព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់៥,២ភាគរយនៅឆ្នាំ ២០២៥ និង៥ភាគរយនៅឆ្នាំ ២០២៦ (ការព្យាករណ៍របស់MEF) ឆ្លុះបញ្ចាំងពីសម្ពាធខាងក្រៅ មូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅតែមានស្ថិរភាព។
មានហេតុផលពីរយ៉ាងដើម្បីយកគំនិត ដែលបានសិក្សារបស់ពួកគេមកពិចារណា ទី១ តម្រូវការក្នុងស្រុកនៅតែរឹងមាំ។ ទី២ គោលនយោបាយរបស់រដ្ឋាភិបាល ដែលមានគោលបំណងគាំទ្រផលិតកម្មក្នុងស្រុក ការពង្រឹងភាពប្រកួតប្រជែងនៃការនាំចេញ និងការធ្វើឱ្យវិស័យសំខាន់ៗ មានស្ថិរភាពនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ផលប៉ះពាល់នៃភាពមិនប្រាកដប្រជាជាសកល។
នេះមិនមែនជាស្នាដៃតូចតាច សម្រាប់សេដ្ឋកិច្ចបើកចំហរតូចមួយដូចជាប្រទេសកម្ពុជា ដែលត្រូវបានទទួលឥទ្ធិពល ពីរការប្រែប្រួលពាណិជ្ជកម្មសកល នៅពេលដែលសេដ្ឋកិច្ចធំៗដួលរលំ ដោយសារតែអតិផរណាខ្ពស់ ការធ្លាក់ចុះសេដ្ឋកិច្ច និងវិបត្តិឥណទាន។
កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានព្យាករថានឹងថយចុះបន្តិចនៅឆ្នាំ២០២៦ បន្ទាប់ពីដំណើរការដ៏រឹងមាំនៅឆ្នាំ២០២៥ ខណៈដែលរដ្ឋាភិបាល បន្តដោះស្រាយបញ្ហាសម្ពាធខាងក្រៅ និងនិន្នាការទីផ្សារក្នុងស្រុក។
កម្ពុជារំពឹងថាសេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង៥.២ភាគរយ នៅឆ្នាំ ២០២៥ ដែលជំរុញដោយសកម្មភាពនាំចេញដ៏រឹងមាំ ការប្រើប្រាស់ក្នុងស្រុកដែលមានសុខភាពល្អ និងនិន្នាការកើនឡើងឆ្ពោះទៅរកការគាំទ្រផលិតផលក្នុងស្រុក។
ឆ្ពោះទៅមុខ កំណើននៅឆ្នាំ២០២៦ ត្រូវបានព្យាករថានឹងកើនឡើង៥ភាគរយ នេះបើយោងតាមលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ថ្លែងនៅក្នុងសិក្ខាសាលាមួយនៅថ្ងៃទី១០ ខែវិច្ឆិកា ស្តីពីការយល់ដឹងអំពីការអភិវឌ្ឍ ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ លោក អូន ព័ន្ធមុនីរ័ត្ន បានកត់សម្គាល់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃឡើងវិញនូវស្ថានភាពសេដ្ឋកិច្ច បន្ទាប់ពីរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៥។
លោកបញ្ជាក់ថា “សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ អាចសម្រេចបានកំណើនប្រហែល៥,២ ភាគរយ ស្របតាមការវាយតម្លៃដែលបានបង្ហាញនៅក្នុងក្របខ័ណ្ឌហិរញ្ញវត្ថុ រយៈពេលមធ្យម (MTFF) ក្នុងខែមេសា ឆ្នាំ២០២៥”។
លោកបានគូសបញ្ជាក់ថា កំណើននៅទូទាំងវិស័យមានភាពខុសគ្នា ខណៈដែលវិស័យខ្លះលើសពីការរំពឹងទុក វិស័យខ្លះទៀតសម្រេចបាន ឬធ្លាក់ចុះបន្តិចដោយសារតែកត្តាខាងក្រៅ រួមទាំងការអនុវត្តពន្ធដោយសហរដ្ឋអាមេរិក និងការបន្តបិទព្រំដែនគោកកម្ពុជា-ថៃ។
លោក អូន ព័ន្ធមុនីរ័ត្ន បានកត់សម្គាល់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោកបានពន្យល់ថា “ក្នុងពេលជាមួយគ្នានេះ ខ្ញុំចង់សង្កត់ធ្ងន់ថាតួលេខកំណើនរួម និងវិស័យភាគច្រើនស្របនឹងការព្យាករណ៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ទោះបីជាមានភាពខុសគ្នាបន្តិចបន្តួចដោយផ្អែកលើវិធីសាស្រ្តរៀងៗខ្លួនក៏ដោយ”។
ជាការពិតណាស់ ស្ថាប័នអន្តរជាតិបានព្យាករខុសគ្នាបន្តិចបន្តួចសម្រាប់ឆ្នាំ ២០២៥។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោកប៉ាន់ប្រមាណកំណើន៤,៨ភាគរយ ខណៈដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ប៉ាន់ប្រមាណអត្រា៤,៩ ភាគរយ។
ការប្រែប្រួលទាំងនេះ គូសបញ្ជាក់ពីសារៈសំខាន់ នៃការវាយតម្លៃលម្អិត ជាពិសេសនៅក្នុងសេដ្ឋកិច្ចបើកចំហតូចមួយ ដូចជា ប្រទេសកម្ពុជា ដែលត្រូវបានប៉ះពាល់ពីការប្រែប្រួលពាណិជ្ជកម្មសកល។
ឆ្ពោះទៅកាន់ឆ្នាំ ២០២៦ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើង៥ភាគរយ ដោយរក្សាការរំពឹងទុកនៃក្របខ័ណ្ឌMTFF ប៉ុន្តែរួមបញ្ចូលការកែតម្រូវជាក់លាក់តាមវិស័យ។
លោកអូន ព័ន្ឋមុនីរ័ត្នបានបញ្ជាក់ថា MTFF ឆ្នាំ២០២៦-២០២៨ នៅតែជាមូលដ្ឋានសមស្រប សម្រាប់ការរៀបចំច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ ដោយធានាការបញ្ចប់ទាន់ពេលវេលាស្របតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
លោកបានបន្ថែមថា លទ្ធផលជាក់ស្តែងសម្រាប់ឆ្នាំ ២០២៥ និងការវាយតម្លៃឡើងវិញនៃកំណើនឆ្នាំ២០២៦ នឹងត្រូវបានធ្វើបច្ចុប្បន្នភាពនៅដើមឆ្នាំ ២០២៦ សម្រាប់វដ្តMTFF បន្ទាប់។
លោកបានមានប្រសាសន៍ថា ជាការពិតណាស់ កំណើនសេដ្ឋកិច្ចដែលបានព្យាករនៅឆ្នាំ ២០២៦ ក្នុងអត្រា៥ភាគរយ ឆ្លុះបញ្ចាំងពីការថយចុះបន្តិចបន្តួច បើប្រៀបធៀបទៅនឹងឆ្នាំ២០២៥។ លោកបានបន្ថែមថា នេះភាគច្រើនដោយសារតែផលប៉ះពាល់ នៃពន្ធគយលើវិស័យដែលផ្តោតលើការនាំចេញ រួមជាមួយនឹងផលវិបាកនៃការបិទព្រំដែនគោកកម្ពុជា-ថៃរយៈពេលយូរ ដែលមានន័យថាស្ថានភាពសេដ្ឋកិច្ចនឹងមិនវិលត្រឡប់ទៅរកភាពប្រក្រតី មុនពេលបិទច្រកភ្លាមៗនោះទេ។
លោកអូន ព័ន្ឋមុនីរ័ត្នបានសង្កត់ធ្ងន់ថា “សេដ្ឋកិច្ចកម្ពុជា នៅតែបន្តបង្ហាញពីសន្ទុះរឹងមាំ”។ លោកបន្ថែមថា “កំណើនកំពុងត្រូវបានគាំទ្រ ដោយវិស័យនាំចេញ ការប្រើប្រាស់ក្នុងស្រុក ដែលមានសុខភាពល្អ និងការកើនឡើងនៃការទទួលយកផលិតផលក្នុងស្រុក”។
រដ្ឋាភិបាលក៏បានពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងឧស្សាហកម្មក្នុងស្រុក និងលើកកម្ពស់ផលិតកម្មតម្លៃបន្ថែម ជាពិសេសនៅក្នុងវិស័យវាយនភណ្ឌ កសិកម្ម និងសម្ភារៈសំណង់ ដែលត្រូវបានគេរំពឹងថានឹងជួយទ្រទ្រង់សេដ្ឋកិច្ច ប្រឆាំងនឹងផលប៉ះពាល់ពីខាងក្រៅ។
ដោយផ្អែកលើការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាក្នុងឆ្នាំ២០២៦ ត្រូវបានគេរំពឹងថា នឹងឈានដល់ប្រហែល២១៧,០៦៣ពាន់លានរៀល (ឬប្រហែល៥៣,៧៩ពាន់លានដុល្លារ)។
ផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ ត្រូវបានគេព្យាករថា នឹងកើនឡើងដល់៣,០២០ដុល្លារ ដែលឆ្លុះបញ្ចាំងពីភាពប្រសើរឡើងបន្តិចម្តងៗ នៃស្តង់ដារជីវភាព។
សូចនាករម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗ ផ្សេងទៀតត្រូវបានគេរំពឹងថានឹងនៅតែមានស្ថិរភាព។ អតិផរណាត្រូវបានព្យាករថា នឹងមានប្រហែល២.៨ភាគរយ ដែលគាំទ្រដោយតម្លៃទំនិញអន្តរជាតិ ដែលមានស្ថិរភាព ជាពិសេសសម្រាប់ប្រេងឥន្ធនៈ ខណៈដែលសកម្មភាពប្រើប្រាស់ និងចំណាយក្នុងស្រុកបន្តគន្លងវិជ្ជមាន។ អត្រាប្តូរប្រាក់ផ្លូវការត្រូវបានគេរំពឹងថា នឹងមានស្ថិរភាពប្រហែល៤០៣៥ រៀលក្នុងមួយដុល្លារ ខណៈដែលទុនបម្រុងអន្តរជាតិសរុប ត្រូវបានគេព្យាករថានឹងកើនឡើងដល់ជាង២៧ពាន់លានដុល្លារនៅឆ្នាំ២០២៦។
កម្រិតទុនបម្រុងនេះ នឹងគ្របដណ្តប់លើការនាំចូលរយៈពេល ៧,៩ខែ ដែលបង្ហាញពីសមត្ថភាពរបស់កម្ពុជា ក្នុងការការពារពីស្ថិរភាពខាងក្រៅ។
សេដ្ឋវិទូកត់សម្គាល់ថា ខណៈដែលការព្យាករណ៍ពីការថយចុះនៃកំណើនសម្រាប់ឆ្នាំ២០២៦ ឆ្លុះបញ្ចាំងពីសម្ពាធខាងក្រៅ មូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់កម្ពុជានៅតែមានស្ថិរភាព។ តម្រូវការក្នុងស្រុកនៅតែរឹងមាំ ហើយគោលនយោបាយរបស់រដ្ឋាភិបាល ដែលមានគោលបំណងគាំទ្រដល់ផលិតកម្មក្នុងស្រុក ពង្រឹងភាពប្រកួតប្រជែងនៃការនាំចេញ និងធ្វើឱ្យវិស័យសំខាន់ៗ មានស្ថិរភាពនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ផលប៉ះពាល់ នៃភាពមិនប្រាកដប្រជាសកល។ ការផ្លាស់ប្តូរបន្តិចម្តងៗ ឆ្ពោះទៅរកផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងមូលដ្ឋាននាំចេញកាន់តែទូលំទូលាយ ក៏ត្រូវបានគេរំពឹងថា នឹងគាំទ្រដល់ភាពធន់រយៈពេលមធ្យមផងដែរ។
ការផ្តោតរបស់រដ្ឋាភិបាល លើការធ្វើពិពិធកម្មទីផ្សារនាំចេញ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការលើកទឹកចិត្តដល់ការផលិតក្នុងស្រុកត្រូវបានគេរំពឹងថា នឹងផ្តល់នូវភាពធន់ប្រឆាំង នឹងការប៉ះទង្គិចខាងក្រៅ។
វិស័យហិរញ្ញវត្ថុ ដែលបានបង្ហាញពីកំណើនឥណទាន ស្ថិរភាព និងការគ្រប់គ្រងសន្ទនីយភាព ដោយប្រយ័ត្នប្រយែង ក៏ត្រូវបានគេរំពឹងថានឹងជួយទ្រទ្រង់ស្ថិរភាពសេដ្ឋកិច្ច នៅឆ្នាំ២០២៦ផងដែរ។
លោកអូន ព័ន្ឋមុនីរ័ត្នបានបញ្ជាក់ទៀតថា “សេដ្ឋកិច្ចកម្ពុជានៅតែស្ថិតនៅលើគ្រឹះដ៏រឹងមាំ ខណៈដែលមានឧបសគ្គមួយចំនួន រួមផ្សំជាមួយនឹងវិធានការណ៍ គោលនយោបាយយុទ្ធសាស្ត្រ នឹងអាចឱ្យប្រទេសនេះដោះស្រាយបញ្ហាប្រឈមនានា ខណៈដែលបន្តដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចរហូតដល់ឆ្នាំ ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត”។
ខណៈដែលកម្ពុជាឈានចូលដល់ឆ្នាំ២០២៦ អ្នកវិភាគកំពុងតាមដានយ៉ាងដិតដល់ លើការងើបឡើងវិញនៃពាណិជ្ជកម្ម ឆ្លងដែនជាមួយប្រទេសថៃ ការវិវឌ្ឍនៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងនិន្នាការប្រើប្រាស់ក្នុងស្រុក។
កត្តាទាំងនេះ ទំនងជានឹងកំណត់សមត្ថភាព របស់ប្រទេសក្នុងការរក្សាកំណើនលើសពីកម្រិត៥ភាគរយ និងបន្តកែលម្អស្តង់ដារជីវភាពសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។
សម្ពាធខាងក្រៅមានឥទ្ធិពលលើសន្ទុះ
យោងតាមលោក Arnaud Darc ប្រធាននិងជានាយកប្រតិបត្តិនៃThalias និងជាសហប្រធាននៃវេទិកាវិស័យរដ្ឋាភិបាល -ឯកជន (ក្រុមការងារ ឃ) ការពង្រីកសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងថយចុះបន្តិចនៅឆ្នាំ២០២៦ ដោយសារសន្ទុះយឺតក្រោយជំងឺរាតត្បាត ការរំខានព្រំដែន និងឧបសគ្គខាងក្រៅធ្វើឱ្យល្បឿន នៃកំណើនថយចុះ។
លោកបានលើកឡើងថា ការផ្លាស់ប្តូរពីកំណើន៥.២ភាគរយនៅឆ្នាំ ២០២៥ ទៅជា៥.០ ភាគរយនៅឆ្នាំ២០២៦ ឆ្លុះបញ្ចាំងពី “មាគ៌ាសេដ្ឋកិច្ចធម្មតាជាងមុន” ជាជាងការធ្លាក់ចុះយ៉ាងខ្លាំង។
លោកបានកត់សម្គាល់ថា “ការបិទច្រកព្រំដែនបណ្តោះអាសន្នតាមបណ្តោយព្រំដែនថៃបច្ចុប្បន្ន គឺជាផលប៉ះពាល់រយៈពេលខ្លី ដែលរំខានដល់លំហូរទេសចរណ៍ ពាណិជ្ជកម្មឆ្លងដែន និងប្រាក់បញ្ញើ”។ លោកបានមានប្រសាសន៍ថា “កត្តាទាំងនេះបង្កើតជាផលប៉ះពាល់ធំជាងពន្ធគយអាមេរិក១៩ ភាគរយបច្ចុប្បន្ន”។
លោក Arnaud Darc ប្រធាននិងជានាយកប្រតិបត្តិនៃThalias និងជាសហប្រធាននៃវេទិកាវិស័យរដ្ឋាភិបាល -ឯកជន (ក្រុមការងារ ឃ)
ខណៈដែលពន្ធគយ នាំមកនូវផលប៉ះពាល់ដោយផ្ទាល់តិចតួចនៅកម្រិតបច្ចុប្បន្ន លោកDarc បានទទួលស្គាល់ថា ការកើនឡើងណាមួយនឹងបង្កហានិភ័យធ្ងន់ធ្ងរជាង។
លក្ខខណ្ឌឥណទានក្នុងស្រុកតឹងតែង និងការកែតម្រូវរយៈពេលយូរក្នុងវិស័យសំណង់ ក៏រួមចំណែកដល់ទស្សនវិស័យ ដែលមានកម្រិតមធ្យមផងដែរ។
ឆ្ពោះទៅឆ្នាំ២០២៦ លោកបានបន្តថា កំណើននឹងត្រូវបានជំរុញជាចម្បង ដោយការផលិតមិនមែនសម្លៀកបំពាក់ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការងើបឡើងវិញបន្តិចម្តងៗ នៃវិស័យទេសចរណ៍។
វិស័យដូចជាគ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ត ការផលិតកង់ និងការកែច្នៃកសិ-ឧស្សាហកម្មឥឡូវនេះ កំពុងវ៉ាដាច់ការផលិតសម្លៀកបំពាក់ប្រពៃណី ដែលបន្តប្រឈមនឹងសម្ពាធពន្ធគយ ការកើនឡើងនៃថ្លៃដើម និងការប្រកួតប្រជែងកាន់តែខ្លាំងឡើង។
លោកបានបន្ថែមថា កំណើននឹងត្រូវបានជំរុញជាចម្បងដោយការផលិតមិនមែនសម្លៀកបំពាក់ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការងើបឡើងវិញបន្តិចម្តងៗ នៃវិស័យទេសចរណ៍។
វិស័យដូចជាគ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ត ការផលិតកង់ និងការកែច្នៃកសិ-ឧស្សាហកម្មឥឡូវនេះ កំពុងវ៉ាដាច់ការផលិតសម្លៀកបំពាក់ប្រពៃណី ដែលបន្តប្រឈមមុខនឹងសម្ពាធពន្ធគយ ការកើនឡើងនៃថ្លៃដើម និងការប្រកួតប្រជែងកាន់តែខ្លាំងឡើង។
លោកបានបន្តថា “វិស័យសំណង់ដែលភ្ជាប់ទៅនឹងគម្រោងសាធារណៈធំៗកំពុងមានស្ថិរភាព ប៉ុន្តែអចលនទ្រព្យឯកជន និងសេវាកម្មហិរញ្ញវត្ថុ នៅតែស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់”។
វិស័យកសិកម្មត្រូវបានគេរំពឹងថា នឹងផ្តល់ការគាំទ្រដែលមានស្ថិរភាព ទោះបីជាមានកម្រិតមធ្យមក៏ដោយ ខណៈដែលសេវាកម្មក្នុងស្រុកមានការរីកចម្រើន ស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់។ គោលនយោបាយរបស់រដ្ឋាភិបាល ដែលលើកកម្ពស់ផលិតកម្ម និងការប្រើប្រាស់ក្នុងស្រុក កំពុងជួយសម្រួលដល់វិស័យទាំងនេះ និងការពារការថយចុះកាន់តែខ្លាំង។
ទាក់ទងប្រសិទ្ធភាពគោលនយោបាយ លោកបានបញ្ជាក់ថា ក្របខ័ណ្ឌសារពើពន្ធ រយៈពេលមធ្យមរបស់រដ្ឋាភិបាលបានផ្តល់ “យុថ្ការយៈពេលខ្លីដ៏រឹងមាំ” ដោយរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងរក្សាការវិនិយោគសាធារណៈ ខណៈដែលរក្សាបំណុលប្រកបដោយចីរភាព។
ការវិនិយោគជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងសេដ្ឋកិច្ចឌីជីថល រួមជាមួយនឹងការកែទម្រង់ក្នុងវិស័យគយ ភស្តុភារកម្ម និងបរិយាកាសអាជីវកម្មទូលំទូលាយ ពង្រឹងភាពធន់របស់ប្រទេសកម្ពុជា។
លោកបានសង្កត់ធ្ងន់ថា ការចំណាយថាមពល និងភស្តុភារកម្មខ្ពស់ គម្លាតជំនាញ និងការពង្រីកឥណទានយ៉ាងឆាប់រហ័សនៅតែជះឥទ្ធិពលដល់ការប្រកួតប្រជែង។ គោលនយោបាយបច្ចុប្បន្នមានភាពរឹងមាំគ្រប់គ្រាន់ ដើម្បីរក្សាកំណើនក្នុងចន្លោះពី៤ទៅ៥ភាគរយ ទោះបីជាមានភាពមិនប្រាកដប្រជា ទូទាំងពិភពលោកក៏ដោយ ប៉ុន្តែវឌ្ឍនភាពបន្ថែមទៀតនឹងមានសារៈសំខាន់ ដើម្បីធ្វើអោយកម្ពុជាមានកំណើនកម្រិតមធ្យមនៅក្នុងទសវត្សរ៍ខាងមុខ។
ក្នុងឆ្នាំ២០២៦ លោកបានចង្អុលបង្ហាញពីឱកាស ដែលកំពុងលេចចេញ នៅក្នុងវិស័យផលិតកម្មចម្រុះ វិស័យទេសចរណ៍ដែលបានងើបឡើងវិញយ៉ាងពេញលេញ និងសេដ្ឋកិច្ចឌីជីថលដែលមានការគ្រប់គ្រងកាន់តែខ្លាំងឡើង។
លោកបានកត់សម្គាល់ថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ អាចបង្កើនប្រសិទ្ធភាពភស្តុភារកម្ម និងធ្វើឱ្យការធ្វើសមាហរណកម្មក្នុងតំបន់កាន់តែស៊ីជម្រៅ។
ប៉ុន្តែលោកក៏បានព្រមានអំពីហានិភ័យសំខាន់ៗផងដែរ ដោយបានលើកឡើងថា ការកើនឡើងនៃពន្ធគយ ភាពតានតឹងព្រំដែន ឬការធ្លាក់ចុះយូរអង្វែង នៃអចលនទ្រព្យអាចធ្វើឱ្យកំណើនយឺត យ៉ាវយ៉ាងខ្លាំង”។
ហានិភ័យកេរ្តិ៍ឈ្មោះ ដែលជាប់ទាក់ទងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ឬអភិបាលកិច្ចខ្សោយ ក៏អាចធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគ និងទេសចរណ៍ផងដែរ។
ដើម្បីធានាស្ថិរភាពរយៈពេលវែង លោកបានគូសបញ្ជាក់ពីតម្រូវការក្នុងការកាត់បន្ថយថ្លៃដើមថាមពល និងភស្តុភារកម្ម ពង្រឹងភាពធន់នៃវិស័យហិរញ្ញវត្ថុ រក្សាកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់សកម្មភាពខុសច្បាប់ និងពន្លឿនការវិនិយោគលើជំនាញ និងការការពារសង្គម។
លោកបានបញ្ជាក់ថា “អាទិភាពទាំងនេះ មានសារៈសំខាន់ណាស់ក្នុងការបង្កើនផលិតភាព ការពារស្តង់ដារជីវភាព និងគាំទ្រដល់ផ្លូវកំណើនដែលប្រើប្រាស់បានយូរជាងមុន”។
ទស្សនវិស័យឆ្នាំ២០២៦ នៅតែមានភាពធន់
ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៦ នៅតែមានភាពធន់ ទោះបីជាមានការថមថយបន្តិចបន្តួច នៅក្នុងការព្យាករណ៍កំណើនក៏ដោយ ដែលគាំទ្រដោយតម្រូវការក្នុងស្រុកដ៏រឹងមាំ និងលំហូរវិនិយោគជាបន្តបន្ទាប់ នេះបើយោងតាមសេដ្ឋវិទូ ឌុច ដារិន្ទ។
លោកបានបន្តថា ការថយចុះបន្តិចបន្តួចពីការព្យាករណ៍៥,២ ភាគរយនៅឆ្នាំ២០២៥ ដល់៥ភាគរយនៅឆ្នាំ២០២៦ មិនគួរត្រូវគិតថាជាសន្ទុះចុះខ្សោយនោះទេ ប៉ុន្តែផ្ទុយទៅវិញជាការឆ្លុះបញ្ចាំងពីភាពមិនប្រាកដប្រជាពីខាងក្រៅ ដែលជះឥទ្ធិពលលើទីផ្សារពិភពលោក។
លោកបានបន្តថា “អត្រាកំណើន៥ភាគរយនៅឆ្នាំ២០២៦ ធៀបនឹងអត្រាកំណើន៥,២ភាគរយ នៅឆ្នាំ២០២៥ នៅតែជាភស្តុតាងនៃភាពធន់”។
ការថយចុះតិចតួច អាចមកពីភាពចលាចលភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ និងពន្ធគយរបស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់លើផលិតផលនាំចេញ ទៅកាន់ប្រទេសដទៃទៀតនៅជុំវិញពិភពលោក។
ទោះជាយ៉ាងណាក៏ដោយ តម្រូវការក្នុងស្រុកគឺល្អ ហើយការវិនិយោគនៅតែកើតឡើងនៅកម្ពុជា។
លោកបានបន្ថែមថា វិស័យសំខាន់ៗជាច្រើន នឹងបន្តគាំទ្រដល់កំណើននៅឆ្នាំក្រោយ ដោយសារការធ្វើពិពិធកម្មផលិតកម្ម ការងើបឡើងវិញនៃការសាងសង់ វិស័យទេសចរណ៍ និងការធ្វើទំនើបកម្មកសិកម្មជាបន្តបន្ទាប់។
លោកបញ្ជាក់ថា “នៅឆ្នាំ២០២៦ ខ្ញុំមានសុទិដ្ឋិនិយមអំពីកំណើនជាបន្តបន្ទាប់ នៃការធ្វើពិពិធកម្មផលិតកម្ម ការងើបឡើងវិញនៃវិស័យសំណង់ ទេសចរណ៍ និងការធ្វើទំនើបកម្មកសិកម្ម”។លោកបន្តថា “ការផលិតក្នុងស្រុក និងការផ្តោតលើការប្រើប្រាស់ អាចលើកកម្ពស់ការកែច្នៃកសិ-ឧស្សាហកម្ម ការផលិតក្នុងស្រុក និងសេវាកម្ម”។
លោកបានលើកឡើងទៀតថា គោលនយោបាយសាធារណៈដែលមានប្រសិទ្ធភាព នឹងនៅតែមានសារៈសំខាន់ ក្នុងការរក្សាការពង្រីកសេដ្ឋកិច្ច។
លោកបានគូសបញ្ជាក់ពីក្របខ័ណ្ឌ សារពើពន្ធរយៈពេលមធ្យមរបស់រដ្ឋាភិបាល ផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រគោលដៅ សម្រាប់ឧស្សាហកម្មក្នុងស្រុក ជាវិធានការសំខាន់ៗដែល “ជំរុញទំនុកចិត្តវិនិយោគិន” និងជួយក្រុមហ៊ុនពង្រឹងភាពប្រកួតប្រជែងរបស់ពួកគេ។
លោកបានបន្តថា “គោលនយោបាយទាំងនេះ បង្ហាញពីការរក្សាសេដ្ឋកិច្ចម៉ាក្រូដ៏រឹងមាំ ជំរុញទំនុកចិត្តវិនិយោគិន និងជួយក្រុមហ៊ុនឱ្យបង្កើនភាពប្រកួតប្រជែងរបស់ពួកគេ” ។លោកបន្ថែមថា “ខណៈដែលពិភពលោក កំពុងប្រឈមនឹងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច កម្ពុជានៅតែប្រុងប្រយ័ត្នផ្នែកហិរញ្ញវត្ថុ និងរក្សាការងារ និងប្រាក់ចំណូលប្រកបដោយភាពសកម្ម”។
ឆ្ពោះទៅឆ្នាំ២០២៦ លោកបានមានប្រសាសន៍ថា ឱកាសរបស់កម្ពុជាគឺ “ជាក់ស្តែង” ជាពិសេសក្នុងការធ្វើសមាហរណកម្ម ក្នុងតំបន់ បរិវត្តកម្មឌីជីថល ការធ្វើឱ្យប្រសើរឡើងនូវភស្តុភារ និងការអភិវឌ្ឍសមត្ថភាពថាមពលស្អាត។
ទោះជាយ៉ាងណាក៏ដោយ លោកបានព្រមានថា “ភាពប្រែប្រួលសកល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ នៅតែជាហានិភ័យខាងក្រៅចម្បង”៕
កំណើនអាគារខ្ពស់ៗក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា