ដោយវុត្ថា
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានឱ្យដឹងថា ខេត្តកំពត អនាគតដ៏ខ្លីខាងមុខនេះនឹងក្លាយទៅជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចខ្លាំង នឹងអាចទាក់ទាញអ្នកវិនិយោគបរទេសបន្ថែមទៀត ស្របពេលដែលពេលនេះ រាជរដ្ឋាភិបាលបានននឹងកំពុងមានការពង្រីកផ្លូវជាតិលេខ៣ ការមានកំពង់ផែទឹកជ្រៅ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗជាច្រើនទៀត។
សម្តេចតេជោនៅក្នុងពិធីចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ ១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងខេត្តកំពត នៅថ្ងៃទី ២៥ ខែមករាឆ្នាំ ២០១៩នេះថ្លែងថា “ ដូចដែលយើងឃើញស្រាប់ហើយផ្លូវជាតិលេខ ៣ ពីង្រីកជាពីរគន្លង ពោល គឺពីរ ទៅ ពីរមក ឃើញថា ពង្រីកធំជាងមុន ហើយនឹងបន្តពង្រីកមកដល់ខេត្តកំពត និងបន្តទៅពង្រីកទៅខេត្តព្រះសីហនុបន្តទៀត ។ អនាគតនៃខេត្តកំពតនឹងមកំពង់ផែទឹកជ្រៅ ដើម្បីបង្កភាពងាយស្រួលនៅក្នុងផលិតកម្មជាច្រើន បើនិយាយពីផ្នែកដឹកជញ្ជូន ខេត្តកំពតមានផ្លូវគោក ផ្លូវទឹក និងផ្លូវដែកផងដែរ។
សម្តេចបន្តថា កម្ពុជាអាចរីកចម្រើនបានដោយមិនត្រូវពឹងផ្អែកតែលើវិស័យតែមួយមុខនោះទេ គឺត្រូវពឹងផ្អែកលើវិស័យជាច្រើនដូចជា វិស័យឧស្សាហកម្ម កសិកម្ម កសិឧស្សាហកម្ម សេវាកម្ម ទេសចរណ៍ សំណង់ជាដើម ដើម្បីឈានទៅសម្រេចជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍បន្ថែមថា ពេលនេះកម្ពុជាបានចាប់ផ្តើមការធ្វើកំណែទម្រង់ស៊ីជម្រៅផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដូចជាការបញ្ចុះតំលៃអគ្គិសនី ការបញ្ចប់វត្តមានផ្នែកកាំកុងត្រូល និងផ្នែកផ្សេងៗទៀតនៅតាមច្រកព្រំដែន ដោយទុកតែនគបាលអន្តោប្រវេស និងគយតែប៉ុណ្ណោះ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងការចំណាយក្រៅផ្លូវការផ្សេងៗ ដែលនេះជាការអនុវត្តជាបណ្តើរៗទៅតាមអភិក្រម៥យ៉ាងគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់៕