វេទិកាដឹកជញ្ជូនអន្តរជាតិ ITF ព្យាករណ៍ថា តម្រូវការដឹកជញ្ជូនសម្រាប់អ្នកដំណើរនឹងកើនឡើងជិត៨០ភាគរយ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការព្យាករណ៍លើវិស័យដឹកជញ្ជូននៅឆ្នាំ២០២៣ ដោយវេទិកាដឹកជញ្ជូនអន្តរជាតិ ITF (Transport Outlook 2023) បានឱ្យដឹងថា តម្រូវការដឹកជញ្ជូនសម្រាប់អ្នកដំណើរនឹងកើនឡើងយ៉ាងខ្លាំងក្លាគួរឱ្យកត់សម្គាល់។

ការព្យាករណ៍នេះ ត្រូវបានបង្ហាញឡើងតាមរយៈវេទិកាដឹកជញ្ជូនអន្តរជាតិក្រោមប្រធានបទ “វិស័យដឹកជញ្ជូន ដើរតួជាគន្លឹះក្នុងការបង្កើតឱ្យមានចីរភាពសេដ្ឋកិច្ច” ជាឱកាសក្នុងការឆ្លុះញ្ចាំង និងចែករំលែកទស្សនៈស្តីពីតួនាទីនៃការដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ច ស្របជាមួយការគិតគូរពីបរិស្ថាន និងសង្គម ដែលប្រព្រឹត្តទៅនៅទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាដឹកជញ្ជូនអន្តរជាតិនេះ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំពេញអង្គនេះ រដ្ឋមន្រ្តីដឹកជញ្ជូននៃចក្រភពអង់គ្លេស លោក Mark Harper និងជាប្រធានវិលជុំ ឆ្នាំ២០២៣ របស់ ITF បានលើកឡើងថា វិស័យដឹកជញ្ជូនគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងការអភិវឌ្ឍវិស័យដឹកជញ្ជូនបៃតង (Green Transport)។

លោក ស៊ុន ចាន់ថុល បានលើកឡើងបន្តពីប្រសាសន៍របស់លោក Mark Harper ទៀតថា  វិស័យដឹកជញ្ជូន ក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារបរិស្ថាន បង្កើតឱកាសការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាពផងដែរ។

ជាមួយគ្នានេះ ដោយមើលឃើញអំពីសារៈសំខាន់ នៃការកាត់បន្ថយកាបូនក្នុងវិស័យដឹកជញ្ជូន ប្រទេសអង់គ្លេសបានបោះទុនវិនិយោគយ៉ាងច្រើនទៅលើ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី រថយន្តក្រុងដែលមិនបញ្ចេញឧស្ម័ន រថភ្លើងល្បឿនលឿនដោយប្រើថាមពលអគ្គិសនី ស្ថិរភាពប្រេងសាំងយន្តហោះ ផ្លូវសម្រាប់កង់ និងផ្លូវសម្រាប់ថ្មើជើង ហើយប្រទេសអង់គ្លេសក៏បានកំណត់គោលដៅ Net Zero Emission នៅត្រឹមឆ្នាំ២០៥០ផងដែរ។

អគ្គលេខាធិការវេទិកាដឹកជញ្ជូនអន្តរជាតិ ITF លោក Young Tae Kim បានលើកឡើងថា យោងតាមការព្យាករណ៍វិស័យដឹកជញ្ជូនឆ្នាំ២០២៣ ដោយ ITF (Transport Outlook 2023)បង្ហាញថា តម្រូវការក្នុងការដឹកជញ្ជូនសម្រាប់អ្នកដំណើរនឹងមានការកើនឡើងជិត៨០% ខ្ពស់ជាងឆ្នាំ២០៥០ ហើយសម្រាប់ទំនិញតម្រូវការនឹងកើនឡើង២ដង បើធៀបនឹងឆ្នាំ២០១៩។

លោកYoung Tae Kim ក៏បានសង្កត់ធ្ងន់ផងដែរថា ការកាត់បន្ថយកាបូនក្នុងវិស័យដឹកជញ្ជូន នឹងធ្វើឱ្យទីក្រុងកាន់តែមានភាពងាយស្រួលក្នុងការរស់នៅ ធ្វើឱ្យការធ្វើដំណើរតាមផ្លូវថ្នល់មានសុវត្ថិភាពជាងមុន ធ្វើឱ្យគុណភាពខ្យល់ដកដង្ហើមល្អជាងមុន ធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់កាន់តែមានប្រសិទ្ធភាព និងមានភាពស៊ាំ ក៏ដូចជាផ្តល់ជម្រើសច្រើនសម្រាប់អ្នកធ្វើដំណើរផងដែរ។

លើសពីនេះទៀត លោកក៏បានអំពាវនាវឱ្យបណ្តាប្រទេសទាំងអស់ ចាត់វិធានការ និងអនុវត្តឱ្យបានព្រមៗគ្នានូវការកាត់បន្ថយកាបូនក្នុងវិស័យដឹកជញ្ជូនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here