
ដោយ៖ សុខុម
តូក្យូ: មេដឹកនាំជប៉ុន និងស្រីលង្កា កាលពីថ្ងៃ ព្រហស្បតិ៍ ទី២៥ ខែឧសភា បានចុះកិច្ចព្រមព្រៀងរៀបចំឥណទានឡើងវិញ ហើយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំឥណទានឡើងវិញ “ប្រកបដោយតម្លាភាព និងត្រឹមត្រូវយុត្តិធម៌”។
ទន្ទឹមនឹងនេះ មេដឹកនាំជប៉ុន បានព្រមានឱ្យមានការប្រុងប្រយ័ត្នចំពោះអ្វីដែលគេចោទថាជាការទូតទន្ទាក់បំណុលរបស់ប្រទេសចិន ដែលប្រើប្រាស់កម្ចីឥណទានជាគំនាស់ដើម្បីទទួលបានសម្បទានពីបណ្ដាប្រទេសអ្នកខ្ចី ឬប្រទេសជាកូនបំណុល។
កិច្ចព្រមព្រៀងនេះបានធ្វើឡើងអំឡុងជំនួបនៅទីក្រុងតូក្យូ ប្រទេសជប៉ុន រវាងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe ដែលបានសម្តែងការកោតសរសើរចំពោះតួនាទីរបស់ប្រទេសជប៉ុន ក្នុងការរៀបចំបំណុលរបស់ប្រទេសលោកឡើងវិញ។
ប្រទេសស្រីលង្កា បានខកខានទូទាត់បំណុលរបស់ខ្លួននៅខែមេសា ឆ្នាំ២០២២ ចំពេលវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតចាប់តាំងពីប្រទេសដែនកោះដែលមានប្រជាជនចំនួន២២លាននាក់នេះ ទទួលបានឯករាជពីប្រទេសអង់គ្លេស ក្នុងឆ្នាំ១៩៤៨ ហើយស្ងាត់ៗស្រាប់តែប្រទេសចិន បានលេចមុខក្លាយជាម្ចាស់បំណុលទ្វេភាគីដ៏ធំបំផុតសម្រាប់ប្រទេសនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
នៅពីក្រោយអ្វីដែលគេចោទថាជាការទូតអន្ទាក់បំណុលរបស់រដ្ឋាភិបាលក្រុងប៉េកាំង ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនដែលទទួលបានប្រាក់កម្ចីយ៉ាងច្រើនពីប្រទេសចិន រួមទាំងប្រទេសស្រីលង្កា ផងនោះបានបោះបង់សិទ្ធិគ្រប់គ្រងលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួន ពោលគឺប្រគល់ឱ្យទៅប្រទេសចិន ជាអ្នកគ្រប់គ្រង បន្ទាប់ពីបំណុលមិនអាចដោះស្រាយបាន ឬ គ្មានលទ្ធភាពសង៕ Japan Times៕