ដោយ: គង់ លាងហួរ
សៀងហៃ: ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines នៅថ្ងៃអាទិត្យនេះ បានបញ្ជូនយន្តហោះធុនតូច C919 ទៅលើជើងហោះហើរពាណិជ្ជកម្មលើកដំបូងរបស់ខ្លួន ដែលនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ដើម្បីកាន់តែពង្រឹងភាពពឹងផ្អែកលើខ្លួនឯង។
ក្រុមហ៊ុន Commercial Aviation Corp of China (COMAC) បានចាប់ផ្តើមអភិវឌ្ឍយន្តហោះ C919 កាលពី១៥ឆ្នាំមុន ដើម្បីប្រជែងនឹងយន្តហោះ Airbus A320neo និង Boeing 737 Max។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី សុី ជីនពីង បានសាទរ និងចាត់ទុកគម្រោងនេះថាជាសមិទ្ធិផលច្នៃប្រឌិតដ៏ល្អបំផុតមួយរបស់ប្រទេសចិន។
-->
World’s first C919 Aircraft delivered to China Eastern Airlines
យន្តហោះ C919 នេះបានហោះចេញពីអាកាសយានដ្ឋាន Hongqiao ក្នុងទីក្រុងសៀងហៃ ដែលជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន COMAC និង China Eastern នៅមុនម៉ោង១០:៣២am ម៉ោងក្នុងស្រុកចិន ឆ្ពោះទៅកាន់អាកាសយានដ្ឋាន Beijing Capital Airport។ នេះបើយោងតាមកម្មវិធីតាមដានជើងហោះហើរ Variflight ។
បន្ទាប់ពីធ្វើការហោះហើរជិត២,៥ម៉ោងទៅកាន់ទីក្រុងប៉េកាំង យន្តហោះនេះគ្រោងនឹងហោះហើរត្រឡប់ទៅទីក្រុងសៀងហៃវិញ។ យន្តហោះ C919 គ្រោងនឹងធ្វើការហោះហើរយូរជាងនេះទៅកាន់ភាគនិរតីនៃទីក្រុង Chengdu នៅថ្ងៃចន្ទ និងបកត្រឡប់មកវិញ។
យោងតាមទិន្នន័យរបស់ COMAC បានឱ្យដឹងថា យន្តហោះ C919 បានទទួលការបញ្ជាទិញចំនួន១.០៣៥គ្រឿងពីអតិថិជនចំនួន៣២ នៅចុងឆ្នាំ២០២២។ នៅឆ្នាំនេះ មន្ត្រីក្រុមហ៊ុនបានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមហ៊ុនបានទទួលការបញ្ជាទិញច្រើនជាង១.២០០គ្រឿងសម្រាប់យន្តហោះម៉ាកថ្មីនេះ។
ថ្វីត្បិតតែ យន្តហោះ C919 ត្រូវបានផ្គុំឡើងនៅក្នុងប្រទេសចិនយ៉ាងណាក្តី ប៉ុន្តែវាពឹងផ្អែកខ្លាំងលើធាតុផ្សំរបស់លោកខាងលិច រួមទាំងម៉ាស៊ីនរបស់ក្រុមហ៊ុននានា ដូចជាក្រុមហ៊ុន GE ក្រុមហ៊ុន Safran និងក្រុមហ៊ុន Honeywell International ៕