កម្ពុជា-សិង្ហបុរី ចុះកិច្ចព្រមព្រៀង បង្កើតស្ថានីយថែទាំ និងជួសជុលយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

0

ភ្នំពេញ)៖ ក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) និងក្រុមហ៊ុនចុះបញ្ជីនៅទីផ្សារភាគហ៊ុនសិង្ហបុរី SIA Engineering Company Limited (SIAEC) នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានប្រកាសពីការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហការ ដើម្បីបណ្តាក់ទុនរួមគ្នាលើ line maintenance (ស្ថានីយថែទាំ និងជួសជុលយន្តហោះ) នៅកម្ពុជា។

ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហការ ដើម្បីបណ្តាក់ទុនរួមគ្នានេះ ធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន Cambodia Airport Investment Co., Ltd. និងលោក Ng Chin Hwee (ង៉ិន ជិនហ៊ី) អគ្គនាយកក្រុមហ៊ុន SIA Engineering។

អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានថ្លែងថា «យើងមានភាពរីករាយជាខ្លាំង ក្នុងការសហការជាមួយក្រុមហ៊ុន SIAEC។ យើងមានជំនឿយ៉ាងមុតមាំថា ការនូវជំនាញបចេ្ចកទេស និងការបំពេញការងារ អនុលោម តាមគោលការណ៍របស់ SIAEC នឹងផ្តល់សារៈសំខាន់ដល់ភាពជោគជ័យយូរអង្វែង នៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ ជាលទ្ធផលនឹងផ្តល់ឱកាសការងារសំខាន់ៗ ដល់ទីផ្សារពលកម្មយើងកាន់តែច្រើន»

អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានបន្ដទៀតថា «យើងមានក្តីរំភើបឥតឧបមា ហើយជឿជាក់ថា កិច្ចសហការជាដៃគូរយុទ្ធសាស្ត្រនេះ នឹងហុចផ្លែផ្កាលើសពីការរំពឹងទុក»

លោក Ng Chin Hwee បានថ្លែងថា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ ជាការសហការជាមួយក្រុមហ៊ុន CAIC នឹងផ្តល់ការគាំទ្រដ៏ស៊ីជំរៅ ផ្នែក Line Maintenance ជាមួយការជឿជាក់ខ្ពស់ និងសេវាកម្មវិស្វកម្ម ប្រកបដោយគុណភាព ទៅដល់ប្រតិបត្តិការអាកាសចរណ៍ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

លោកបានបន្ថែមទៀតថា វាក៏បានជួយពង្រឹងតួនាទីរបស់ SIAEC ជាប្រតិបត្តិករផ្តល់សេវា Line Maintenance ឈានមុខគេជាមួយគុណភាព និងប្រសិទ្ធភាពសេវាកម្មថែទាំ និងជួសជុលខ្ពស់ ដល់អតិថិជននៅបរទេសទាំងអស់។

លោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករងក្រុមហ៊ុន Cambodia Airport Investment បានពន្យល់ផងដែរថា ការបង្កើតសេវាកម្មថែទាំ និងជួសជុលយន្តហោះនេះ គឺចាប់ផ្តើមពីធនស្រាល ទៅធនធ្ងន់ ដោយដៃគូសិង្ហបុរី នឹងនាំមកនូវបច្ចេកវិទ្យា បទពិសោធន៍ និងធនធាន មកចែករំលែកនៅកម្ពុជា។

លោកឧកញ៉ា ឆារស៍ វ៉ាន់ បានបន្ថែមទៀតថា គម្រោងបង្កើតស្ថានីយ៍ថែទាំ និងជួសជុលយន្តហោះ អាចនឹងចាប់ផ្តើមដំណាលគ្នា និងការចាប់ផ្តើមដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅដើមឆ្នាំ២០២៥។

បើតាមសេចក្ដីប្រកាសព័ត៌មាន, ផ្អែកលើកិច្ចព្រមព្រៀង ក្រុមហ៊ុន SIAEC នឹងកាន់កាប់៥១% នៃក្រុមហ៊ុនបណ្តាក់ទុននេះ ហើយក្រុមហ៊ុន CAIC នឹងកាន់កាប់៤៩%។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ នឹងបង្កើតឲ្យមានសេវាកម្ម line maintenance នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលត្រូវបានកំណត់ឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិតេជោ។

អាកាសយានដ្ឋានអន្តរជាតិតេជោ (ដំណាក់កាលទី១) គឺជាអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលបានសាងសង់នៅភាគខាងត្បូងទីក្រុង ចម្ងាយប្រមាណ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ជាមួយគម្រោងសាងសង់ សរុប១.៥ពាន់លានដុល្លារអាមេរិក។

ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ចែកចេញជា៣ដំណាក់កាល ដែលអាចទទួលអ្នកដំណើរបានដល់៥០លាននាក់ ដោយមានផ្លូវរត់សម្រាប់យន្តហោះបី និងអគារស្ថានីយ៍ផ្សេងៗ គ្រប់ដណ្តប់លើផ្ទៃដីសរុប ២៦០០ហិកតា។

ក្រុមហ៊ុនបណ្តាក់ទុននេះ នឹងចាប់ដំណើរការនៅខែមីនា ឆ្នាំ២០២៥ ស្របពេល និងការចាប់ផ្តើមដំណើរការរបស់អាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ នឹងបំពេញបន្ថែមទៅលើបណ្តាញស្ថានីយ៍ Line Maintenance អន្តរជាតិ (LMI) ដែលមានស្រាប់របស់ SIAEC។

ផ្អែកលើសមត្ថភាពវិស្វកម្ម និងបទពិសោធន៍ប្រតិបត្តការពីគ្រប់បណ្តាញ LMI របស់ SIAEC ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ រំពឹងថា នឹងក្លាយទៅជាស្ថានីយ៍ថែទាំ និងជួសជុល (MRO) យន្តហោះប្រចាំថ្នាក់តំបន់ ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ អាកាសយានដ្ឋានអន្ដរជាតិតេជោ សម្រេចការសាងសង់ បានជាង៤៦%។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល៕

LEAVE A REPLY

Please enter your comment!
Please enter your name here