រដ្ឋសភាកម្ពុជា ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មលើសេវាកម្មអាស៊ាន

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: រដ្ឋសភាកម្ពុជានៅថ្ងៃអង្គារនេះបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA) ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគលើវិស័យសេវាកម្ម។

សមាជិកសភាចំនួន៩៨រូប ដែលចូលរួមបានអនុម័តជាឯកច្ឆ័ន្ទលើកិច្ចព្រមព្រៀងនេះ ដែលត្រូវបានចុះហត្ថលេខាដោយក្រុមរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីក្នុងខែតុលា ឆ្នាំ២០២០។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា ATISA មានគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងផ្តល់ឱកាសកាន់តែច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។

លោកបានថ្លែងប្រាប់សភាថា “វានឹងកាត់បន្ថយឧបសគ្គចំពោះពាណិជ្ជកម្ម និងការវិនិយោគក្នុងសេវាកម្ម និងបង្កើតបរិយាកាសអាជីវកម្មដែលអាចព្យាករណ៍បាន។  ម្យ៉ាងវិញទៀត វា​នឹង​បង្រួម​គម្លាត​នៃ​ការអភិវឌ្ឍន៍​ក្នុងចំណោម​រដ្ឋ​សមាជិក​អាស៊ាន ដើម្បី​សម្រេចបាន​នូវ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ប្រកបដោយ​សមធម៌ តុល្យភាព និង​និរន្តរភាព​បន្ថែមទៀត​”។

លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណៈការ ដឹកជញ្ជូន ទូរគមនាគម ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានមានប្រសាសន៍ថា ATISA នឹងជំរុញឱ្យមានការរួមបញ្ចូលសហគ្រាសធុនតូច និងមធ្យមក្នុងសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ លើកកម្ពស់បទប្បញ្ញត្តិ និងការអភិវឌ្ឍន៍ធនធានមនុស្សផងដែរ។

លោកស្រីបានបន្តទៀតថា “វានឹងធ្វើឱ្យការរួមបញ្ចូលវិស័យសេវាកម្មកាន់តែមានភាពស៊ីជម្រៅ និងបង្កើតបរិយាកាសសេរី ស្ថិរភាព និងអាចព្យាករណ៍បានកាន់តែច្រើនសម្រាប់អ្នកផ្គត់ផ្គង់សេវាកម្មនៅក្នុងតំបន់”។

ពាណិជ្ជកម្មលើសេវាកម្មរួមមាន សេវាហិរញ្ញវត្ថុ សេវាទូរគមនាគមន៍ និងសេវាកម្មបន្ថែមលើការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងចំណោមសេវាកម្មផ្សេងៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here