ដោយៈ ជេស៊ីកា
ភ្នំពេញៈ មានកត្តាអំណោយផលច្រើនបាន និងកំពុងក្លាយជាសូចនាករដ៏សំខាន់ សម្រាប់ការរីកចម្រើននៅភាគខាងត្បូង នៃរាជធានីភ្នំពេញ ជាតំបន់មួយដែលកំពុងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។
ជាតំបន់ដែលមានតង់ស៊ីតេប្រជាជនច្រើន និងជាតំបន់នៃខ្សែច្រវ៉ាក់តភ្ជាប់ផ្នែកសេដ្ឋកិច្ច សង្គម និងលំហូរប្រជាសាស្រ្តមកកាន់រាជធានី តំបន់ភាគខាងត្បូងបាន និងកំពុងបង្ហាញសញ្ញារីកចម្រើន ស្របតាមការរីកចម្រើនសេដ្ឋកិច្ច សង្គម និងនគរូបនីយកម្មដ៏មានអំណោយផល។
-->

ការពង្រីកនិងស្តារផ្លូវជាតិលេខ២ ការត្រៀមដាក់ដំណើរការកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែង៥៣គីឡូម៉ែត្រ ការត្រៀមដាក់ដំណើរការព្រលានយន្តហោះអន្តរជាតិ “តេជោក្រុងតាខ្មៅ” នៅឆ្នាំ២០២៥ខាងមុខ និងការត្រៀមសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ភាគខាងកើត នាពេលខាងមុខ បាននិងកំពុងជម្រុញឲ្យអ្នកវិនិយោគ ក្នុងស្រុកជាច្រើនចាប់អារម្មណ៍ និងកំពុងស្វែងរកឱកាសវិនិយោគបន្ថែមទៀតនាពេលបច្ចុប្បន្ននិងអនាគត។
ជាមួយគ្នានេះ គំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលហាក់ស្ងប់ស្ងាត់មួយរយៈ ក៏ជាឈ្នួនមួយជួយជម្រុញសក្តានុពល តំបន់ភាគខាងត្បូងនាពេលអនាគត បើទោះជាផ្លូវនេះមិនទាន់បានប្រកាសបើកការដ្ឋាន និងកំណត់ពេលវេលាជាក់លាក់សាងសង់ពេលណាក្តី ប៉ុន្តែផ្លូវនេះបានសិក្សាបញ្ចប់រួចហើយ។
យោងតាមផែនការប្រើប្រាស់ដីលំអិត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សម្រាប់ឆ្នាំ២០២០ ២០៣៥ បានបង្ហាញថា រដ្ឋាភិបាលគ្រោងពង្រីកទីក្រុង ក្នុងកាំរង្វង់៣០គីឡូម៉ែត្រ ដោយយកចំណុចអ័ក្សចេញពីវត្តភ្នំ។

ដោយមើលឃើញពីបញ្ហាប្រឈមនាពេលអនាគត សាលាក្រុងប៉ារីស បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរៀបចំតំបន់ភាគខាងត្បូង ជាតំបន់បៃតង និងរៀបចំហេដ្ឋារចនាសម្ព័ន្ឋសមស្រប ដើម្បីសម្រួលលំហូរចរាចរណ៍ ចូលមកកាន់រាជធានីឲ្យបានរលូន ជាការបញ្ចៀសហានិភ័យនាពេលអនាគត។
បណ្តាស្រុកដែលមានសក្តានុពល សម្រាប់ការរីកចម្រើន និងការបង្ហូរប្រជាសាស្រ្តចូលមកកាន់រាជធានី ក៏ដូចជា ជម្រុញការរីកចម្រើននៅមូលដ្ឋាន មានដូចជាស្រុកស្អាង ក្នុងខខេត្តកណ្តាល ស្រុកបាទី ស្រុកទ្រាំង ក្នុងខេត្តតាកែវ ស្រុកកណ្តាលស្ទឹង ក្រុងតាខ្មៅ ក្នុងខេត្តកណ្តាល ដែលស្រុកទាំងបីនេះ មានសក្តានុពលរីកចម្រើនរួចទៅហើយ ព្រោះបច្ចុប្បន្នបុរី លំនៅដ្ឋាន ហាងកាហ្វេទំនើបៗ ហាងលក់រាយតូចៗ បាននិងកំពុងរីកដុះដាលដូចផ្សិតនៅតំបន់ទាំងនេះ។

ការរីកចម្រើនផ្នែកនគរូបនីយកម្ម និងកំណើនប្រជាសាស្រ្តបានធ្វើឲ្យបណ្តាស្រុកទាំងអស់នេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងរាជធានីភ្នំពេញយ៉ាងរសរវើក ដូចគ្នានឹងទីក្រុងបាងកក ត្រូវបានតភ្ជាប់ជាមួយនឹងខេត្តសមុទ្រប្រាកាន ខេត្តប៉ាធុនថានី ខេត្តលុបបុរីជាដើម៕