[:km]ដោយគង់ សូរិយា
ភ្នំពេញ៖ ទេសាភបាលធនាគារជាតិនៃកម្ពុជាបានថ្លែងថា បដិវត្តន៍ឧស្សាហកម្មទី៤ បាននិងកំពុងផ្លាស់ប្តូរដំណើរការនៃប្រព័ន្ធសេដ្ឋកិច្ចសង្គម និងនយោបាយ ដែលបច្ចេកវិទ្យាហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃបដិវត្តន៍ឧស្សាហកម្មទី៤។
លោកជា ចាន់តូ ទេសាភិបាលធនាគាជាតិនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា បច្ចេកវិទ្យាហិរញ្ញវត្ថុមួយចំនួន បានកាត់បន្ថយកម្រៃសេវានិងហានិភ័យ ព្រមទាំងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ប៉ុន្តែបច្ចេកវិទ្យាហិរញ្ញវត្ថុមួយចំនួនទៀតដូចជា ទ្រព្យសកម្ម (Crypto) បានបង្កហានិភ័យដល់សេដ្ឋកិច្ច ដោយសារការប្រែប្រួលតម្លៃយ៉ាងឆាប់រហ័ស និងគ្មានការធានាលើការប្តូរជាសាច់ប្រាក់ ដោយស្ថាប័នណាមួយឡើយ។
លោកបន្តថា បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែវាស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ដោយសារភាគច្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុកំពុងប្រើប្រាស់នៅក្នុងការទូទាត់ប៉ុណ្ណោះ។







