ដោយ: គង់ លាងហួរ
អន្តរជាតិ: ភាពជោគជ័យនៃយន្តហោះដឹកអ្នកដំណើរ ផលិតនៅក្នុងប្រទេសចិនដំបូងបង្អស់ ឈ្មោះថាC919 កំពុងជំរុញឱ្យមានការរំពឹងទុកខ្ពស់ថា ខ្សែសង្វាក់ផ្គត់ផ្គង់យន្តហោះ នៅទីផ្សារក្នុងស្រុក នឹងមានការកើនឡើងយ៉ាងឆាប់រហ័សបំផុត។
ទីក្រុងប៉េកាំង កំពុងខិតខំងាកចេញ ពីការពឹងផ្អែកទាំងស្រុង ទៅលើក្រុមហ៊ុនបរទេស Boeing និង Airbus។ការដាក់ឱ្យហោះហើរជាផ្លូវការលើកដំបូង សម្រាប់យន្តហោះ C919 កាលពីថ្ងៃអាទិត្យកន្លងទៅ ពីទីក្រុងសៀងហៃ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រកបដោយជោគជ័យ ត្រូវបានគេមើលឃើញថា ជាជំហានដ៏សំខាន់មួយ សម្រាប់ប្រទេសចិន នៅក្នុងការបង្ហាញពីភាពគ្រប់គ្រាន់ទៅលើបច្ចេកវិទ្យារបស់ខ្លួន ដើម្បីអាចប្រឈមមុខជាមួយនឹងភាពតានតឹងកាន់តែខ្លាំង ជាមួយទីក្រុងវ៉ាស៊ីនតោន។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន China Securities បានឱ្យដឹងថា ក្រុមហ៊ុនចិនប្រហែល២០០ក្រុមហ៊ុន បានចូលរួមនៅក្នុងការផលិតយន្តហោះ C919 នេះ។
-->
ទោះបីជាផ្នែកខ្លះរបស់យន្តហោះនេះ ត្រូវបាននាំចូលពីក្រៅប្រទេសក្តី ប៉ុន្តែប្រទេសចិននៅតែមានក្តីរំពឹងថា នាពេលខាងមុខនេះ ធាតុទាំងនោះនឹងត្រូវជំនួស ដោយការផលិតនៅក្នុងស្រុកវិញ ។
គណ:កម្មការវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទីក្រុងសៀងហៃ បានលើកឡើងថា ទោះបីជាស្ថិតនៅក្នុងការអភិវឌ្ឍយ៉ាងណាក្តី ប៉ុន្តែយន្តហោះC919នេះ ទទួលបានការបញ្ជាទិញពីក្រុមហ៊ុន៣២ រួចមកហើយ នៅក្នុងចំនួនប្រមាណ១.០៣៥គ្រឿង ។
ទន្ទឹមនឹងនេះ ទីក្រុងប៉េកាំងបានសង្កត់ធ្ងន់ អំពីសារ:សំខាន់ ចំពោះការងាកមកផ្តោត លើការពឹងផ្អែកលើខ្លួនឯង នៅក្នុងឧស្សាហកម្មផលិតយន្តហោះ ខណៈពេលមានភាពមិនប្រាកដប្រជា លើការនាំចូលយន្តហោះពីសហរដ្ឋអាមេរិក និងស្របពេលទីក្រុងវ៉ាស៊ីនតោន បានបង្ហាញពីការព្រួយបារម្ភដែលថា ចិនអាចនឹងប្រើប្រាស់ផលិតផលរបស់ខ្លួន ដើម្បីប្រើប្រាស់ក្នុងវិស័យស៊ីវិល និងយោធា។
យោងតាមរបាយការណ៍ចេញផ្សាយកាលពីខែធ្នូ ឆ្នាំ ២០២០ ដោយមជ្ឈមណ្ឌល សម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានឱ្យដឹងទៀតថា ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក បានគ្របដណ្តប់ជិត៦០ភាគរយ នៅក្នុងការផ្គត់ផ្គង់យន្តហោះដល់ប្រទេសចិន៕