ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុន Lanmei Airlines (Cambodia) Co., Ltd. និងសមាគមសណ្ឋាគារកម្ពុជា (CHA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកម្មវិធី Lanton Cloud។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃសៅរ៍។
MoU នេះត្រូវបានចុះហត្ថលេខា នៅក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃសុក្រសប្តាហ៍មុនរវាងលោក Li Kun ប្រធានក្រុមហ៊ុនអាកាសចរណ៍ Lanmei Airlines និងលោកឌិន សុមេធារិទ្ធ ប្រធានសមាគម CHA ។
លោក Li បានមានប្រសាសន៍ថា Lanmei Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍រួមគ្នាកម្ពុជា-ចិន ហើយចាប់តាំងពីការបើកដំណើរការនៅឆ្នាំ២០១៧ ក្រុមហ៊ុនអាកាសចរណ៍នេះ បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ក្នុងប្រទេសកម្ពុជា ទាក់ទងនឹងចរាចរណ៍អ្នកដំណើរ ការដឹកជញ្ជូនទំនិញ និងផ្សេងៗទៀត។
-->
លោកបានបន្តថា វេទិកាផ្លាតហ្វម Lanton Cloud ត្រូវបានបើកដំណើរការជាផ្លូវការនៅឆ្នាំ២០២២ និងទទួលបានអាជ្ញាប័ណ្ណពាណិជ្ជកម្មអេឡិចត្រូនិកដំបូងគេ នៅក្នុងប្រទេសកម្ពុជា។
លោក Li បានអះអាងថា “បន្ទាប់ពីការចុះហត្ថលេខាលើ MoU ផ្នែកកក់សណ្ឋាគារ នឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែមិថុនា ដើម្បីផ្តល់សេវាកម្មកក់សណ្ឋាគារសម្រាប់អ្នកប្រើប្រាស់ទាំងអស់”។
លោកបានលើកឡើងទៀតថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រជាតិ Lanton Cloud នឹងខិតខំកសាងម៉ាកយីហោលំដាប់ពិភពលោក ដែលពូកែខាងការគ្រប់គ្រង និងសេវាកម្ម ហើយខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការផ្តល់ជូន អ្នកប្រើប្រាស់នូវសេវាកម្មគុណភាពខ្ពស់។

លោកបានបន្ថែមថា “Lanton Cloud ក៏បានចុះហត្ថលេខាលើ MoU ជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីរួមគ្នាលើកកម្ពស់ចលនាភូមិមួយផលិតផលមួយ ការបញ្ជូនផលិតផលកម្ពុជាទៅកាន់តំបន់អាស៊ាន ប្រទេសចិន និងជុំវិញពិភពលោកផងដែរ”។
លោកឌិន សុមេធារិទ្ធ បានមានប្រសាសន៍ថា សមាគម CHA នឹងអញ្ជើញបណ្តាម្ចាស់ សណ្ឋាគារនៅរាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប បាត់ដំបង និងខេត្តផ្សេងទៀតមកចូលរួម នៅលើវេទិកា Lanton Cloud នេះផងដែរ។

លោកបានមានប្រសាសន៍ថា “ទីផ្សារចិនគឺជាទីផ្សារដ៏ធំមួយ ហើយកិច្ចសហប្រតិបត្តិការនេះ នឹងជំរុញការងើបឡើងវិញនៃទីផ្សារកម្ពុជា និងជំរុញការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា នៃឧស្សាហកម្មសណ្ឋាគាររបស់កម្ពុជា”៕