តើសណ្ឋាគារនៅប្រទេសណាមានចំណាស់រហូតដល់១.៣០០ឆ្នាំ?

0

ដោយៈ សុខុម

អន្តរជាតិ: វាពិតជាកម្រ និងអស្ចារ្យស្ទើរមិនគួរឱ្យជឿ ដែលសណ្ឋាគារបុរាណចំណាស់បំផុត របស់ពិភពលោកអាយុកាលរហូតដល់ទៅ១.៣០០ឆ្នាំ នៅតែអាចបន្តបើកដំណើរការ រហូតមកទល់នឹងឆ្នាំ២០២៣។

សណ្ឋាគារបុរាណងូតទឹកក្ដៅធម្មជាតិ ដែលបានបើកសម្ពោធតាំងពីឆ្នាំ៧០៥នៃ គ.ស នេះមានឈ្មោះថា Hot Springs Hotel ឬ Nishiyama Onsen Keiunkan និងមានទីតាំងស្ថិតនៅតំបន់ភ្នំយ៉ាងជ្រៅដ៏សែនដាច់ស្រយាល នៃតំបន់រដ្ឋបាលស្វយ័ត Yamanashi ក្នុងប្រទេសជប៉ុន។

ភ្ញៀវពីមុនៗដែលធ្លាប់ស្នាក់នៅ ក្នុងសណ្ឋាគារបុរាណនេះ រួមទាំងព្រះចៅអធិរាជបច្ចុប្បន្ន នៃប្រទេសជប៉ុនផងដែរ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីពេលថ្មីៗនេះ។

លោក Kenjoro Kawano ប្រធានគ្រប់គ្រងសណ្ឋាគារ Nishiyama Onsen Keiunkan ជំនាន់ទី៥៣ បានលើកឡើងថា សណ្ឋាគារនេះ បានផ្លាស់ប្ដូរទីតាំងចំនួន៣ដង បន្ទាប់ពីមានគ្រោះធម្មជាតិកើតឡើង។ ប៉ុន្តែប្រវត្តិរបស់វានៅតែរស់រវើក ហើយបានបើកដំណើរការរហូតមកទល់នឹងពេលបច្ចុប្បន្ន។

លោកបានបន្តថា “បន្ថែមពីលើអ្វីដែលយើង មានតាំងពី១.៣០០ឆ្នាំមុន យើងបានបន្ថែមបំពង់ទុយោទឹកក្ដៅ ដើម្បីបញ្ជូនទឹកក្ដៅទៅកាន់គ្រប់បន្ទប់។ ទន្ទឹមនេះយើងក៏មានបម្រើអាហារ ប្រពៃណីជប៉ុន ដែលបានពីភ្នំ និងស្ទឹងក្នុងមូលដ្ឋានផងដែរ។ ហើយយើងសង្ឃឹមថា ភ្ញៀវរបស់យើងរីករាយទទួលយក គ្រប់ចំណុចនៃសណ្ឋគារនេះ”។

ក្នុងឆ្នាំ២០១១ សណ្ឋាគារ Nishiyama Onsen Keiunkan ត្រូវបានបំណត់ត្រាឯតទគ្គកម្មហ្គីណេស ពិភពលោកទទួលស្គាល់ជាផ្លូវការថា ជាសណ្ឋាគារដ៏ចំណាស់បំផុតក្នុងពិភពលោក។

លោក Kenjoro Kawano បានលើកឡើងថា “លោក Yuji Fukasawa ប្រធានទី៥២ នៃសណ្ឋាគារនេះ បានប្រាប់ឱ្យខ្ញុំធ្វើជាមេសណ្ឋាគារនេះ ហើយកុំចាប់អារម្មណ៍នឹងការវិយោគផ្សេងៗ។ ការធានាបានថា សណ្ឋាគារអាយុកាល១.៣០០ឆ្នាំនេះ នៅតែរស់រវើក គឺជាកាតព្វកិច្ចរបស់ខ្ញុំក្នុងឋានៈជាប្រធានជំនាន់ទី៥៣”។

លោកបានបន្តថា “ថ្ងៃដែលខ្ញុំប្រគល់អាជីវកម្មនេះ ជាផ្លូវការឱ្យទៅប្រធានជំនាន់ទី៥៤ របស់ខ្ញុំគឺជាអ្វីដែលខ្ញុំ បានបំពេញភារកិច្ចរបស់ខ្ញុំនៅទីនេះ”៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here